ជប៉ុន​ពិចារណា​ទិញ​យន្តហោះ​បំបាំងកាយ​F-35 របស់​អាមេរិក​ចំនួន​១០០​គ្រឿង​

907
ចែករម្លែក

កាសែតជប៉ុនមួយបាននិយាយកាលពីថ្ងៃអង្គារទី២៧វិច្ឆិកាថា ជប៉ុនកំពុងពិចារណាទិញយន្តហោះបំបាំងខ្លួនពីរ៉ាដានិងអាចចុះឡើងត្រង់ធុនF-35 ចំនួន១០០គ្រឿងក្នុងតំលៃ៨.៨០០លានដុល្លារ ខណៈពេលខ្លួនស្វះស្វែងទប់ទល់នឹងវត្តមានយោធាចិននៅក្នុងតំបន់។

ព័ត៌មានអំពីការទិញយន្តហោះនេះកើតឡើងខណៈប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានជំរុញជប៉ុនអោយទិញគ្រឿងបរិក្ខារយោធាច្រើនឡើងពីអាមេរិកនិងផលិតផលផ្សេងៗពីអាមេរិក ដោយចង្អុលទៅរកឱនភាពពាណិជ្ជកម្មដ៏ធំសម្បើមរបស់អាមេរិកជាមួយជប៉ុន។

ជប៉ុនត្រូវបានគេរាយការណ៍ថា កំពុងមានផែនការប្រែក្លាយនាវាផ្ទុកឧទ្ធម្ភាគចក្រIzumo ទៅជានាវាផ្ទុកយន្តហោះ ចំពេលមានព័ត៌មានអំពីការទិញយន្តហោះទំនើបបំផុតរបស់អាមេរិក

ជប៉ុនបានសំរេចរួចហើយទិញយន្តហោះ F-35ចំនួន៤២គ្រឿងមកពីអាមេរិក និងកំពុងពិចារណាទិញថែម១០០គ្រឿងទៀត ក្នុងតំលៃ៨,៨ពាន់លានដុល្លារ នេះបើតាមការផ្សាយរបស់កាសែតNikkei។គណៈរដ្ឋមន្រ្តីត្រូវរំពឹងថានឹងអនុម័តផែនការនេះនៅពាក់កណ្តាលខែក្រោយនៅពេលគោលការណ៍ស្តីពីកម្មវិធីការពារជាតិត្រូវបានបញ្ចេញ។

អ្នកនាំពាក្យក្រសួងការពារជាតិម្នាក់បានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះរបាយការណ៍នេះដោយថា« អ្វីៗពាក់ព័ន្ធនឹងការទិញបន្ថែមស្ថិតក្រោមការពិចារណា»។

ក្នុងពេលជាមួយគ្នា សារព័ត៌មានKyodo News បានស្រង់សម្តីពីប្រភពរដ្ឋាភិបាលមួយដែលថា« រដ្ឋាភិបាលក្រុងតូក្យូក៏ពិចារណាបង្កើនកំរិតនាវាផ្ទុកឧទ្ធម្ភាគចក្ររបស់ខ្លួនទៅជានាវាផ្ទុកយន្តហោះប្រយុទ្ធក្នុងពេលខ្លួនប្រឈមការអាងយ៉ាងលើដែនសមុទ្រកាន់តែខ្លាំងឡើងពីសំណាក់ចិន។

ចិនបញ្ចូលយន្តហោះបំបាំងកាយដំបូងរបស់ខ្លួនក្នុងសេវាកងទ័ពអាកាសដែលជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្រ្តចុងក្រោយមួយទៀតដែលបង្ហាញពីការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ចិន។

នៅពេលត្រូវបានសួរអំពីការធ្វើអោយនាវានេះទំនើបឡើងនោះ លោករដ្ឋមន្រ្តីការពារជាតិ តាកេស៊ី អ៊ីវ៉ាយ៉ា បានប្រាប់អ្នកយកព័ត៌មានថា«យើងចង់ប្រើវាសំរាប់គោលដៅច្រើន»៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម