ទិវា​ឯករាជ្យ​ជាតិ អាល់​បា​នី​

2006
ចែករម្លែក

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អាល់​បា​នី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ នៅ​ថ្ងៃទី ២៨ ខែ វិច្ឆិកា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​សមាជ អាល់​បា​នី អនុម័ត រដ្ឋធម្មនុញ្ញ ប្រកាស​បង្កើត​ស្វ័យភាព នៃ រដ្ឋ​អាល់​បា​នី កាលពី​ឆ្នាំ ១៩១២ ។ ទោះយ៉ាងណា អាល់​បា​នី ដែលជា​សាច់​មួយ​ដុំ ត្រូវបាន​ដណ្តើម​គ្នា​ឥតឈប់ឈរ​ដោយ​ពួក​មហាអំណាច មូស្លីម និង មហាអំណាច គ្រិ​ស្ទា​ន នោះ នៅតែ​បន្ត​ហែកហួរ​គ្នា​ជាច្រើន​ឆ្នាំ​ទៀត ។​
​ ​
​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
​សាធារណរដ្ឋ អាល់​បា​នី មាន​ផ្ទៃដី ២៨.៧៤៨ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ភាគ​អាគ្នេយ៍ នៃ ទ្វីបអឺរ៉ុប មាន​ព្រំដែន​ជាប់​នឹង​ប្រទេស ម៉ុង​តេ​ណេ​ហ្គ្រោ ម៉ា​សេ​ដូ​នី ក្រិ​ក និង សមុទ្រ អេ​ទ្រី​យ៉ា​ទិច ។ ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ​ជិត ៣ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម និង សាសនា គ្រិស្ត រដ្ឋធានី នៃ​ប្រទេស​នេះ​គឺ ទី​រ៉ា​ណា ភាសាផ្លូវការ​គឺ​ភាសា អាល់​បា​នី ។​

ប្រវត្តិសាស្ត្រ​
​ដើម្បី​ជា​ផ្លូវ​ឆ្ពោះទៅ​លុកលុយ អ៊ីតាលី និង អឺរ៉ុប ខាងលិច មហាអំណាច មូស្លីម ចក្រភព អូ​តូ​ម៉​ង់ ( ទួ​ក​គី ) បាន​ដណ្តើម​ត្រួតត្រា​ទឹកដី អាល់​បា​នី ជា​បន្តបន្ទាប់ ។ គិត​ត្រឹម​ឆ្នាំ ១៤៣១ ទឹកដី​ភាគច្រើនបំផុត ត្រូវបាន​ដណ្តើម​កាន់កាប់​ដោយ​ចក្រភព អូ​តូ​ម៉​ង់ ។

​ការមកដល់ នៃ ជនជាតិ ទួ​ក​គី នោះ ប្រជាពលរដ្ឋ​នៅលើ​ទឹកដី អាល់​បា​នី ត្រូវបាន​តម្រូវឱ្យ ផ្លាស់ប្តូរ​ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម​វិញ ។ ប្រការនេះ ក៏​បណ្តាលឱ្យ​ជន​គ្រិស្ត​និយម​ខ្លះ បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ផ្សេងៗ ដូចជា​ប្រទេស អេ​ស្ប៉ា​ញ ជាដើម គឺ​ដើម្បី​គេច​ចេញពី​ការ បង្ខិតបង្ខំ​ខាង​សាសនា ។​

​ប៉ុន្តែ​ចាប់ពី​ឆ្នាំ ១៤៤៣ ទៅ ក៏មាន​ចលនា​បដិវត្តន៍​ផ្ទុះឡើង​ប្រឆាំងនឹង​ការត្រួតត្រា របស់​ចក្រភព​អូ​តូ​ម៉​ង់ ដឹកនាំ​ដោយ​វីរបុរស​ជាតិ ស្កា​ន​ដេ​បេ​ក រហូតដល់​ឆ្នាំ ១៤៧៩ ។ ទោះយ៉ាងណា អាល់​បា​នី នៅតែ​បន្ត​ស្ថិតនៅក្រោម​ការត្រួតត្រារ​បស់ អូ​តូ​ម៉​ង់ ក្នុងឋានៈ​ជា​ផ្នែក​មួយ នៃ ខេត្ត រូ​មី​លៀ (Rumelia) ដែលជា​តំបន់ បាល់​កង់ បច្ចុប្បន្ន រហូតដល់​ឆ្នាំ ១៩១២ ។

ចលនា​ជាតិនិយម និង សម្ព័ន្ធ Prizren
​ទី ១ ក៏​ព្រោះតែ អូ​តូ​ម៉​ង់ គឺជា​មហា​អំ​ណា មូ​ស្ល៊ី​ម ដែល​តែងតែ​ជា​មូលហេតុ​កាប់សម្លាប់ គ្នា​ជាមួយ​ពួក​គ្រិស្ត​និយម ទី​២. ពី​ព្រោះតែ​ដណ្តើម​កាន់កាប់​ទឹកដី បាល់​កង់ ទើប​ផ្ទុះ​សង្គ្រាម រវាង មហាអំណាច មូ​ស្ល៊ី​ម អូ​តូ​ម៉​ង់ ប្រឆាំងនឹង មហាអំណាច គ្រិស្ត​និយម រុស្ស៊ី ដែលមាន ប៊ុលហ្គារី រ៉ូ​ម៉ា​នី ស៊ែ​ប៊ី និង ម៉ុង​តេ​ណេ​ហ្គ្រោ ជា​សម្ព័ន្ធ ពី​ឆ្នាំ ១៨៧៧-១៨៧៨ នៅ​តំបន់ កូ​កាស នៃ តំបន់​បាល់​កង់ ។​

​ទីបំផុត​ជ័យជម្នះ បាន​ធ្លាក់​ទៅខាង រុស្ស៊ី ហើយ រុស្ស៊ី​ដណ្តើមបាន​អាណាខេត្ត​មួយចំនួន នៅ​តំបន់ កូ​កាស ។ ខណៈ អូ​តូ​ម៉​ង់ ចាញ់​សង្គ្រាម រ៉ូ​ម៉ា​នី ស៊ែ​ប៊ី និង ម៉ុង​តេ​ណេ​ហ្គ្រោ បាន​វាតទី​យក​ទឹកដី​មួយចំនួន រហូត​មាន​ប្រកាស​ឯករាជភាព​ពី អូ​តូ​ម៉​ង់ ទៀតផង ។​

​ក្នុង​គោលបំណង​សាបព្រោះ​ស្វ័យភាព​របស់ អាល់​បា​នី គណៈកម្មាធិការ​កណ្តាល ការពារ​សិទ្ធិ ជនជាតិ អាល់​បា​នី ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ១៨៧៧ ( ឯកសារ​ខ្លះ​ថា បង្កើត​ដំបូង​នៅ​ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ១៨៧៧ ហើយ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ នៅ ១៨៧៨ ) នាទី​ក្រុង អ៊ី​ស្តង់​ប៊ុល នៃ ប្រទេស ទួ​ក​គី ដោយ​ពួក​បញ្ញវន្ត​អ្នក ស្នេហា​ជាតិ និង អ្នកនយោបាយ អាល់​បា​នី ដ៏​មាន​ឥទ្ធិពល​មួយក្រុម ។ លោក អាប់​ឌី​ល ហ្វ្រា​ស​ហ្ស៊េ​រី ( ជនជាតិ អាល់​បា​នី ទី ១ ដែល​ត្រូវបាន​ជ្រើសរើស​ជា​សមាជិកសភា អូ​តូ​ម៉​ង់ ) ត្រូវបាន​ជ្រើសរើស​ជា​ប្រធាន​គណៈកម្មាធិការ​នេះ ។

​សិទ្ធិ​ស្វ័យភាព របស់ អាល់​បា​នី ត្រូវបាន​ខ្ទាស់​ដោយ​រដ្ឋ​ជិតខាង​របស់ខ្លួន មាន ក្រិ​ក ស៊ែ​ប៊ី និង ប៊ុលហ្គារី ដែល​ទទួលបាន​ការគាំទ្រ​ពី​មហាអំណាច រុស្ស៊ី ហើយ​រុស្ស៊ី គឺជា​អ្នកប្រឆាំង ជំទាស់​ដាច់ខាត​អំពី​ការបង្កើត​រដ្ឋ អាល់​បា​នី នៅក្នុង​តំបន់ បាល់​កង់ ព្រោះ រុស្ស៊ី ចង់យក​តំបន់​បាល់​កង់​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន ដែល​បច្ចុប្បន្ន​កំពុងដ​ណ្តើ​ម​គ្នា​ជាមួយ អូ​តូ​ម៉​ង់ ។​
​ ​
​លោក អាប់​ឌី​ល ហ្វ្រា​ស​ហ្ស៊េ​រី បាន​ផ្តើម​ការចរចា​ជាមួយ ក្រិ​ក និង អេ​ហ្ស៊ី​ព ដើម្បី​បង្កើត សម្ព័ន្ធ​កងទ័ព​ប្រឆាំងនឹង​វាតទី​និយម​របស់ ប៊ុលហ្គារី ។ ប៉ុន្តែ​ការចរចា​ទាំងឡាយ បាន​បរាជ័យ ។ ដោយហេតុ​នោះ លោក អាប់​ឌី​ល ហ្វ្រា​ស​ហ្ស៊េ​រី ក៏មាន​ជម្រើស​តែមួយគត់​គឺ​ចងសម្ព័ន្ធភាព ជាមួយ មហាអំណាច អូ​តូ​ម៉​ង់ ដែល​គណៈកម្មាធិការ​រ​ប​ស់លោក កំពុង​ស្វែងរក​សិទ្ធិ​ស្វ័យភាព ។ ពេលនោះ គណៈកម្មាធិការ ការពារ​សិទ្ធិ​ជនជាតិ អាល់​បា​នី បាន​រីកសាយ​យ៉ាង​លឿន ហើយ​ក៏បាន​ផ្លាស់ប្តូរ​ឈ្មោះ​ទៅជា​សម្ព័ន្ធ Prizren វិញ ។​

​អាជ្ញាធរ អាល់​បា​នី បាន​គាំទ្រ សម្ព័ន្ធ Prizren ដ្បិត​ពីដំបូង តួនាទី​របស់​សម្ព័ន្ធ​នោះ គឺ​ពឹង​លើ​ពួក​ឥស្សរជន មូស្លីម និង មនុស្ស​ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋបាល អូ​តូ​ម៉​ង់ ដែល​ហៅថា សាមគ្គីភាព មូស្លីម ។​

​ពួក​អូ​តូ​ម៉​ង់ បាន​ពេញចិត្ត និង បានការ​ពារ សាមគ្គីភាព មូស្លីម ហើយ​បាន អំពាវនាវ​ឱ្យ ការពារ​នូវ​ដែនដី មូស្លីម ដែល​រួមទាំង​ដែនដី បូ​ស្នៀ​រ និង ហេ​ហ្សេ​ហ្កូ​វី​ណា បច្ចុប្បន្ននេះ​ផង ។ ដោយហេតុនេះ ទើប​សម្ព័ន្ធ Prizren នោះ ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា គណៈកម្មការ មូស្លីម ពិតប្រាកដ ។

​សម្ព័ន្ធ Prizren បានចេញ​អនុក្រឹត្យ​មួយ​ឈ្មោះ Kararname ដែល​ថ្លែងថា ប្រជាពលរដ្ឋ ពី​អាល់​បា​នី​ខាងជើង តំបន់ អេ​ពី​រូស (​បច្ចុប្បន្ន​ជា​ផ្នែក​មួយ នៃ ប្រទេស​ក្រិ​ក ) និង បូ​ស្នៀ​រ ប្តេជ្ញា​យ៉ាង​មោះមុត​ក្នុងការ​ការពារ បូរណភាព​ទឹកដី នៃ អាណាចក្រ អូ​តូ​ម៉​ង់ តាម​គ្រប់ មធ្យោបាយ ប្រឆាំងនឹង​កងទ័ព ប៊ុលហ្គារី ស៊ែ​ប៊ី និង ម៉ុង​តេ​ណេ​ហ្គ្រោ ។ ច្បាប់​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​អនុប្រធាន​សហព័ន្ធ មូស្លីម ចំនួន ៤៧ រូប នៅ​ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ១៨៧៨​។

​ប៉ុន្តែ​ក្រោយមក សម្ព័ន្ធ Prizren ក៏​បែរជា បង្ហាញ​នូវ​ឆន្ទៈ​របស់ខ្លួន​វិញ​គឺ​ធ្វើការ​ដើម្បី​ស្វ័យភាព របស់ អាល់​បា​នី ទៅវិញ ហើយ​បាន​ស្នើឱ្យ អាណាខេត្ត​ចំនួន​បួន​រួមទាំង​ខេត្ត កូ​សូ​វូ រំលាយ​ចូលគ្នា​ទៀតផង ។ ប្រការនេះ ធ្វើឱ្យ​អាជ្ញា អូ​តូ​ម៉​ង់ ដក​ការគាំទ្រ​របស់ខ្លួន ចេញពី​សម្ព័ន្ធ​នោះ​ភ្លាម ។​

​អូ​តូ​ម៉​ង់ បានដាក់​សម្ពាធ​ផ្នែក​នយោបាយ រហូត​មានការ​ប្រយុទ្ធ​គ្នា​ជាច្រើនលើក​រវាង​កងទ័ព អូ​តូ​ម៉​ង់ និង កងទ័ព​របស់​សម្ព័ន្ធ Prizren ។ ទីបំផុត នៅ​ឆ្នាំ ១៩៨២ លោក អាប់​ឌី​ល ហ្វ្រា​ស​ហ្ស៊េ​រី ដែលជា​ប្រធាន​សម្ព័ន្ធ Prizren និង សហការី​សំខាន់ៗ​មួយចំនួនទៀត ត្រូវបាន​កងទ័ព អូ​តូ​ម៉​ង់ ចាប់ខ្លួន​ដាក់ពន្ធនាគារ ៣ ឆ្នាំ (​ដល់​ឆ្នាំ ១៨៨៥) ។ ដោយសារ បញ្ហា​សុខភាព នៅ​ឆ្នាំ ១៨៨៦ គាត់​ត្រូវបាន​ដោះលែង ប៉ុន្តែ​តម្រូវឱ្យ​លះបង់​នូវ​សកម្មភាព និង គំនិត​នយោបាយ​គ្រប់​ប្រភេទ ។ ប៉ុន្តែ​គាត់​មិនដែល​បោះបង់​ឡើយ​រហូតដល់​មរណភាព របស់គាត់​នៅ​ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៨៩២ ។

​ឯករាជ្យភាព អាល់​បា​នី​
​ចលនា​ស្វ័យភាព អាល់​បា​នី បាន​ស្រាក​បន្តិច​ប៉ុន្តែ​ក៏​នៅតែមាន​រលក​ប្រហាក់ប្រហែល គ្នា​នេះ​ឥត​ដាច់ ។ នៅឯ​សមាជ All-Albanian នាទី​ក្រុង ផ្ល​រ៉េ នៅ​ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ១៩១២ អ្នកចូលរួម​សមាជ​ទាំងឡាយ​បានអនុម័ត​រដ្ឋធម្មនុញ្ញ នៃ សភា ផ្ល​រ៉េ ជា​ធម្មនុញ្ញ ដែល​ចែងថា​បង្កើត​រដ្ឋាភិបាល អាល់​បា​នី បណ្តោះអាសន្ន ។ ជា​សភា​ដែលមាន​មេដឹកនាំ​ចំនួន ៨៣ នាក់ បាន​ជួបជុំគ្នា​ក្នុង​ទីក្រុង ផ្ល​រ៉េ ក្នុង​ខែវិច្ឆិកា ឆ្នាំ ១៩១២ បានប្រកាស អាល់​បា​នី ថា​ជា​រដ្ឋ​ឯករាជ្យ ហើយ​បាន​បង្កើត​រដ្ឋាភិបាល អាល់​បា​នី ចម្រុះ​បណ្តោះអាសន្ន មួយ នៅ​ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ១៩១២ ។ រដ្ឋសភា​បាន​បង្កើត​ព្រឹទ្ធសភា​មួយ​ដែលមាន​សមាជិក ១៨ រូប​ផងដែរ​សម្រាប់​ជាទី​ប្រឹក្សា​ដល់​រដ្ឋាភិបាល ។ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អាល់​បា​នី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​សភា​អនុម័ត​រដ្ឋធម្មនុញ្ញ បង្កើត​រដ្ឋ អាល់​បា​នី នេះឯង ។​

​ទោះយ៉ាងណា អូ​តូ​ម៉​ង់ ដែលជា​អ្នក​កំពុង​ត្រួតត្រា អាល់​បា​នី នោះ​មិន​ទទួលស្គាល់​ឯករាជភាព នេះឡើយ ។ ផ្ទុយទៅវិញ ត្រូវបាន​ទទួលស្គាល់​ដោយ​សន្និបាត នាទី​ក្រុង​ឡុង​ដ៍ (​ជំនួប​កំពូល​របស់​មហាអំណាច គ្រិស្ត​និយម ទាំង ៦ គឺ រុស្ស៊ី , អង់គ្លេស , អូទ្រីស , អាល្លឺម៉ង់ បារាំង និង អ៊ីតាលី ដែលជា​គូសត្រូវ​ប្រជែង​នឹង​មហាអំណាច មូ​ស្ល៊ី​ម អូ​តូ​ម៉​ង់ ) ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ១៩១៣ ដោយ​ហៅថា “ ក្សត្រ​បុរី អាល់​បា​នី “ ព្រោះ​ពួកគេ​គិតថា អាល់​បា​នី ឯករាជ្យ​មួយ​នេះ ពួកគេ​ជា​អ្នកត្រួតត្រា ។

​ជាមួយគ្នានេះ គណៈកម្មការ​ត្រួតពិនិត្យ​អន្តរជាតិ មួយ​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ១៩១៣ ដើម្បី ធ្វើ​អភិបាលកិច្ច​លើ​រដ្ឋបាល អាល់​បា​នី ដ៏​ថ្មីថ្មោង រហូតដល់​ស្ថាប័ន នយោបាយ​របស់ អាល់​បា​នី មាន​រៀបរយ ។ ប៉ុន្តែ​ការគូសវាស​ព្រំដែន នៃ ក្សត្រ​បុរី អាល់​បា​នី ដ៏​ថ្មីថ្មោង​មិនត្រូវ​បាន​អើពើ​ឡើយ ។ ភ្នាក់ងា​ពង្រឹង​ច្បាប់ អន្តរជាតិ ( ដែលមាន​រូបភាព ប្រហាក់ប្រហែល​នឹង​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ បច្ចុប្បន្ន ប៉ុន្តែ​តាមពិត​គឺជា​គណៈកម្មការ​អាយ៉ង​របស់ មហាអំណាច គ្រិស្ត​និយម ទាំង ០៦ ជួយ​ជ្រោមជ្រែង អាល់​បា​នី ប្រឆាំងនឹង អូ​តូ​ម៉​ង់ តែប៉ុណ្ណោះ ) របស់ ក្សត្រ​បុរី អាល់​បា​នី ត្រូវបាន​បង្កើតឡើង​ដោយ មហាអំណាច​ទាំង ៦ ហើយ​បាន​ទៅដល់​ទឹកដី អាល់​បា​នី នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ ១៩១៣ នោះ ។ ព្រះអង្គម្ចាស់ William of Wied នៃ អាល់​បា​នី ត្រូវបាន​ជ្រើសរើស​ជា​ព្រះអង្គម្ចាស់ ។​

ក្រុម​ប្រឆាំងនឹង​ឯករាជ្យ អាល់​បា​នី
​នៅ​ផ្នែក​ផ្សេងទៀត នៃ ទឹកដី អាល់​បា​នី ដដែល​នោះ​មាន​មនុស្ស​មិនតិច​ឡើយ​ដែល​ប្រឆាំងនឹង ការប្រកាស​ឯករាជ្យភាព អាល់​បា​នី ។ នៅក្នុង​ខែ វិច្ឆិកា ឆ្នាំ ១៩១៣ នោះ ពួកកងទ័ព​ដែល​គាំទ្រ អូ​តូ​ម៉​ង់ បាន​ជំទាស់​ទៅនឹង​ចលនា និង ការបង្កើត​ឯករាជ្យភាព របស់ អាល់​បា​នី ដោយ​ពួកគេ​មើលឃើញថា ការបង្កើត​ឯករាជ្យភាព អាល់​បា​នី នោះ គឺជា​អាយ៉ង​របស់ មហាអំណាច គ្រិស្ត​និយម ទាំង ៦ និង ពួក​អភិជន​ក្នុង​តំបន់​តែប៉ុណ្ណោះ ។ ដោយហេតុនេះ ពួកគេ​បានប្រគល់​រាជបល្ល័ង្ក​របស់ អាល់​បា​នី ទៅឱ្យ​អូ​តូ​ម៉​ង់ ។

​នៅ​ថ្ងៃទី​២៨​ខែ កុម្ភៈ ឆ្នាំ ១៩១៤​សាធារណរដ្ឋ​ស្វយ័ត Epirus ខាងជើង​ត្រូវបាន​ប្រកាស បង្កើតឡើង ដោយ​ប្រជាពលរដ្ឋ​ក្រិ​ក ប្រឆាំងនឹង​ការច្របាច់បញ្ចូលគ្នា​ជា អាល់​បា​នី ។ ខណៈនោះ បដិវត្តន៍​កសិករ ប្រឆាំងនឹង​របប ក្សត្រ​បុរី អាល់​បា​នី ថ្មីថ្មោង បាន​ផ្ទុះឡើង​ក្រោម​ការដឹកនាំ​របស់​បព្វ​ជិត មូស្លីម មួយក្រុម ដែលមាន​បព្វជិត អេ​ស្សាដ ប៉ា​ហ្សា តុ​ប​តានី ជា​បង្គោល ដោយ​បព្វជិត​រូបនេះ​បាន​តាំងខ្លួន​ឯង​ថា​ជា​សាវ័ក​ស្រោចស្រង់ អាល់​បា​នី និង អ៊ីស្លាម ។

​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ពួក​អ្នកស្ម័គ្រចិត្ត កាតូលិក នៃ ស្រុក Mirdita ខាងជើង ពួក​ខាង ក្សត្រ​បុរី បានតែងតាំង​លោក ប្រេង​ខ៍ ប៊ី​បេ ដូ​ដា ឱ្យធ្វើជា​រដ្ឋមន្ត្រីការបរទេស របស់​ពួកគេ ។ ប៉ុន្តែ​នៅ​អំឡុង​ខែ ឧសភា និង មិថុនា ឆ្នាំ ១៩១៤ កងទ័ព​របស់​ព្រះអង្គម្ចាស់ William of Wied និង ភ្នាក់ងារ​ពង្រឹង​ច្បាប់ អន្តរជាតិ ក៏ដូចជា​ពួក កាតូលិក នៃ ស្រុក Mirdita ខាងជើង ត្រូវបាន​កងទ័ព​ឧទ្ទាម​ធ្វើឱ្យ​បរាជ័យ​ហើយ​កងទ័ព​ឧទ្ទាម​បាន​ដណ្តើម​កាន់កាប់​ទីចាត់ការ​កណ្តាល របស់​អាល់​បា​នី​ស្ទើរតែ​ទាំងស្រុង គិត​ត្រឹម ខែ សីហា ឆ្នាំ ១៩១៤ ។ ​

រជ្ជកាល​របស់​ព្រះអង្គម្ចាស់ William of Wied បាន​ដួលរលំ ហើយ​ព្រះអង្គម្ចាស់​បាន​យាង ចាក​ចេញពី​ប្រទេស​នៅ​ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ១៩១៤ ។ សាធារណរដ្ឋ និង រាជានិយម អាល់​បា​នី គណបក្ស ហ្វា​ស៊ី របស់ បេ​និ​តូ មូ​សូលី​នី បាន​ក្តោប​ក្តាប់ អ៊ីតាលី នៅ​ឆ្នាំ ១៩២២ ហើយ​ទំនាក់ទំនង​រវាង អ៊ីតាលី និង អង់គ្លេស ក៏​កាន់តែ​អាក្រក់​ទៅៗ ។ របប ក្សត្រ​បុរី ដ៏​មាន​អាយុ​ខ្លី (១៩១៤-១៩២៥ ) ត្រូវបាន​ជំនួស​ដោយ​សាធារណរដ្ឋ អាល់​បា​នី (១៩២៥-១៩២៨ ) ដោយមាន​លោក អា​ម៉េ​ដ ហ្សូ​ហ្គូ ជា​ប្រធានាធិបតី ។

​លោក ហ្សូ​ហ្គូ ត្រូវបាន​បង្ខំ​ឱ្យ​សហការ​ជាមួយ​មហាអំណាច អ៊ីតាលី របស់ បេ​និ​តូ មូ​សូលី​នី នៅក្នុង​កិច្ចសន្យា​មួយ​នៅ​ថ្ងៃទី ២០ ខែ មករា ឆ្នាំ ១៩២៥ ជា​ហត្ថលេខា​ដែល អ៊ីតាលី បាន​សិទ្ធិផ្តាច់មុខ​ក្នុង​ការធ្វើ​នាវាចរ និង ពាណិជ្ជកម្ម​ក្នុង​ទឹកដី អាល់​បា​នី ។ លុះដល់​ឆ្នាំ ១៩២៨ សាធារណរដ្ឋ អាល់​បា​នី ត្រូវបាន​ផ្លាស់ប្តូរ​ឱ្យទៅជា​របបរាជានិយម​វិញ​ម្តងទៀត ដោយមាន​លោក​ប្រធានាធិបតី ហ្សូ​ហ្គូ ជា​ស្តេច ។​រាជានិយម​ពេលនេះ​មានការ​កែទម្រង់​យ៉ាងច្រើន​ទាំង​វិស័យ​អប់រំ សុខាភិបាល​ក៏ដូចជា​ហេ​ដ្ឋា រចនាសម្ព័ន្ធ​នានា និង សេដ្ឋកិច្ច ។ ចំណែក​កងទ័ព​ត្រូវបាន​បង្វឹក​ក្រោម​ការត្រួតពិនិត្យ​ដោយ គ្រូបង្វឹក​របស់​អ៊ីតាលី ។

រដ្ឋាភិបាល​ព្រះរាជាណាចក្រ អាល់​បា​នី​ត្រូវបាន​ទំនុកបម្រុង​ដោយ ពួក​ហ្វា​ស៊ី​ស អ៊ីតាលី ហើយ​បាន​រក្សា​នូវ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​គ្នា ។ អ៊ីតាលី ដែល​សឹង តែ​ជា​អាណាព្យាបាល​របស់ អាល់​បា​នី បានដាក់​សម្ពាធ​មិនឱ្យ រាជាណាចក្រ អាល់​បា​នី មាន​ទំនាក់ទំនង​ជាមួយ​អង់គ្លេស​ឡើយ ។ ប៉ុន្តែ អាល់​បា​នី ដែល​បារម្ភ​អំពី​ឥទ្ធិពល​របស់ អ៊ីតាលី ក៏​នៅតែ​រក្សា ភ្នាក់ងារ​ពង្រឹង​ច្បាប់​អង់គ្លេស ។ ទីបំផុត អ៊ីតាលី របស់ បេ​និ​តូ មូ​សូលី​នី បាន​ចូលលុកលុយ​ព្រះរាជាណាចក្រ អាល់​បា​នី នៅ​ឆ្នាំ ១៩៣៩ (​ពេល​សង្គ្រាមលោកលើកទី ២ ផ្ទុះឡើង ) ។ ព្រះរាជា ហ្សូ​ហ្គូ បាន​ភៀស​ព្រះកាយ ហើយក៏​មិនដែល​យាង​ត្រឡប់​ចូល មាតុប្រទេស​វិញ​ឡើយ ។

​ចាប់ពីពេលនោះ​មក អាល់​បា​នី ត្រូវបាន​ត្រួតត្រា​ដោយ អ៊ីតាលី ។ គណបក្ស​ពលករ អាល់​បា​នី បាន​ដណ្តើម​កាន់កាប់​ប្រទេស​នេះ ហើយ​បង្កើត​របប កុ​ម្មុយ​និ​ស្ត​ផ្តាច់ការ ចាប់ពី​ខែ វិច្ឆិកា ឆ្នា ១៩៤១ ដោយមាន អ៊ីតាលី ជា​មេកោយ ។ នៅ​ឆ្នាំ ១៩៤៣ អ៊ីតាលី ដែល​រវល់​នឹង​សង្គ្រាម លោក​លើក​ទី ២ បាន​បោះបង់ចោល អាល់​បា​នី ។ ប៉ុន្តែ​អាល់​បា​នី ត្រូវបាន​ត្រួតត្រា​ដោយ ពួក​ណា​ស៊ី អាល្លឺម៉ង់ វិញ ។ សង្គ្រាមលោកលើកទី ២ (​ចាប់ផ្តើម​ពីថ្ងៃ​ទី ០១ ខែ កញ្ញា ឆ្នាំ ១៩៣៩ ) បានបញ្ចប់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២ ខែ កញ្ញា ១៩៤៥ ។ ណា​ស៊ី អាល្លឺម៉ង់ មិនបាន​នៅ​ត្រួតត្រា​ប្រទេស​នេះ​ទៀត​ទេ​ប៉ុន្តែ​ប្រទេស​នេះ​ត្រូវ បាន​កាន់កាប់​ដោយ​បក្សកុម្មុយនិស្ត​ដដែល ។​

​អវសាន​របប​កុ​ម្មុយ​និ​ស្ត​
​ប្រទេស អាល់​បា​នី បាន​ស្ថិតនៅក្រោម​ការក្តោបក្តាប់​របស់​របប​កុ​ម្មុយ​និ​ស្ត អស់​ជិត ៥ ទសវត្សរ៍ ។ នៅ​ឆ្នាំ ១៩៨៩ មានការ​ប្រឆាំង​តវ៉ា​ជាច្រើន ទើប​មាន​កំណែទម្រង់​មួយចំនួន​នៅ​ឆ្នាំ ១៩៩០ ។ តាមរយៈ​កំណែ​ទម្រ​ង​នេះ​របប​សាធារណរដ្ឋ​ប្រជាមានិត អាល់​បា​នី ត្រូវបាន​រំលាយ ហើយ សាធារណរដ្ឋ អាល់​បា​នី ត្រូវបាន​បង្កើត​ចាប់ពី​ឆ្នាំ ១៩៩១-១៩៩២ ។ នៅ​ឆ្នាំ ១៩៩១ គឺជា​ការបោះឆ្នោត​ជា​លើកដំបូង ហើយ​គណបក្ស កុ​ម្មុយ​និ​ស្ត នៅតែ​ជា​បក្ស​ដ៏​ខ្លាំង នៅក្នុង​រដ្ឋសភា ហើយ​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ ។ ប្រឈម​នឹង​ពិភពលោក ប្រែប្រួល នាំឱ្យមាន​រលក​ប្រែប្រួល​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ផង​នោះ រដ្ឋាភិបាល​បក្សកុម្មុយនិស្ត អាល់​បា​នី បង្ខំចិត្ត​ត្រូវតែ​ធ្វើ​សេរី​កម្ម ។ ឥទ្ធិពល​សេរីភាវូបនីយកម្ម​នោះបាន​ធ្វើឱ្យ​សេដ្ឋកិច្ច របស់ អាល់​បា​នី បាន​ដួលរលំ​នៅ​ពាក់​កណ្តាលខែ មីនា ឆ្នាំ ១៩៩២ ហើយ​សង្គម​ច្របូកច្របល់ ។ ឆ្លៀត​ពេលនោះ រណ​សិ​រ្យ​ថ្មី​ដែល​ដឹកនាំ​ដោយ​គណបក្ស ប្រជាធិបតេយ្យ​ក៏បាន​ក្តាប់ អំណាច​វិញ​ម្តង ។ លទ្ធិប្រជាធិបតេយ្យ​ក៏បាន​ចាប់ផ្តើម​លូតលាស់​លើ​ទឹកដី​អាល់​បា​នី​រហូតមក ៕ ប្រែសម្រួល: មេសា

​ប្រជាពលរដ្ឋ​អាល់​បា​នី ជួបជុំគ្នា​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ (​អាល់​បា​នី ១)
​ទីក្រុង ទី​រ៉ា​ណា នៃ ប្រទេស អាល់​បា​នី (​អាល់​បា​នី ២)

ទីតាំងផ្សាយពាណិជ្ជកម្ម