ផ្ទុះ​សម្លាប់​មនុស្ស​២២​នាក់​នៅ​ជិត​រោងចក្រ​គីមី​ចិន​

1100
ចែករម្លែក

អាជ្ញាធរបាននិយាយថា ការផ្ទុះនៅជិតរោងចក្រគីមីមួយបានបណ្តាលអោយស្លាប់មនុស្ស២២នាក់និង២២នាក់ទៀតរងរបួសកាលពីថ្ងៃពុធទី២៨វិច្ឆិកា នៅតំបន់ភាគខាងជើងចិន។

ឧបទ្ទវហេតុននេះបានកើតឡើងនៅជិតរោងចក្រHebei Shenghua Chemical Co. ក្នុងទីក្រុងហ្សាន់ជៀកូ ចម្ងាយប្រមាណ២០០គីឡូម៉ែត្រពីទីក្រុងប៉េកាំង។វាបានបណ្តាលអោយឆេះរថយន្តតូចធំចំនួន៥០គ្រឿង។

អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយការផ្ទុះនៅម៉ោងប្រមាណ០០:៤១ រំលងអធ្រាតឈានចូលថ្ងៃពុធ។

ខ្មោចរថយន្តដែលឆេះសល់តែគ្រោងឆ្អឹងនៅរ៉ាយប៉ាយតាមផ្លូវ

សេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលតំបន់មិនបានបញ្ជាក់ថាតើរោងចក្រគីមីនោះរងការខូចខាតពីការផ្ទុះនេះដែរឬអត់ ឬក៏វាគ្រាន់តែកើតឡើងនៅលើផ្លូវ ខណៈការងារជួយសង្រ្គោះនិងស៊ើបអង្កេតរកមូលហេតុនៅកំពុងធ្វើឡើង។

ទីក្រុងហ្សាន់ជៀកូ នឹងទទួលរៀបចំធ្វើការប្រកួតជិះស្គីកីឡាអូឡាំពិចនៅឆ្នាំ២០២២ តែគេមិនដឹងថាតើការផ្ទុះនេះនៅជិតទីតាំងរៀបចំការប្រកួតដែរឬអត់។

គ្រោះថ្នាក់តាមដងផ្លូវនិងឧស្សាហកម្មកើតមានជាធម្មតានៅចិន។ការផ្ទុះរោងចក្រគីមីមួយនៅក្នុងខេត្តស៊ីឈ័នបណ្តាលអោយស្លាប់មនុស្ស១៩នាក់និងរបួស១២នាក់កាលពីខែកក្កដា។នៅឆ្នាំ២០១៥ ការផ្ទុះសារធាតុគីមីដ៏ធំមួយក្នុងរោងចក្រផ្ទុកកុងតេនឺ បានសម្លាប់មនុស្ស១៦៥នាក់នៅក្នុងទីក្រុងទៀនជីន។ការផ្ទុះនេះបណ្តាលអោយខូចខាតគិតជាប្រាក់ប្រមាណ១ពាន់លានដុល្លារ៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម