ទិវា​សាធារណរដ្ឋ​ម៉ុង​ហ្គោ​លី​

2517
ចែករម្លែក
  • 1
    Share

ភ្នំពេញ​៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ុង​ហ្គោ​លី ប្រារឰ​ទិវា សាធារណរដ្ឋ របស់​ពួកគេ​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​បង្កើត​របប សាធារណរដ្ឋ និង​អនុម័ត​រដ្ឋធម្មនុញ្ញ​ដំបូង​របស់​ពួកគេ កាលពី​ឆ្នាំ​១៩២៤ ។​

​ម៉ុង​ហ្គោ​លី ធ្លាប់ជា​រដ្ឋ​ចក្រភព ដ៏​ធំជាងគេ​បំផុត​ក្នុង​លោក ដោយមាន​ផ្ទៃដី​ប្រមាណ​ជា ២២​ភាគរយ នៃ​ផ្ទៃដី ពិភពលោក​ទាំងមូល សូម្បីតែ​ប្រទេស ចិន ក៏​ធ្លាប់ជា​ទឹកដី​របស់ ម៉ុង​ហ្គោ​លី ដែរ​។ ប៉ុន្តែ​ក្រោយមក ម៉ុង​ហ្គោ​លី ក្លាយជា​រដ្ឋ​ចំណុះ​របស់ ចិន វិញ ទម្រាំ រើបម្រះ​រួច​ត្រូវ​ប្រើពេល​យ៉ាងយូរ ។​
​ ​
​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ប្រទេស ម៉ុង​ហ្គោ​លី មាន​ផ្ទៃដី ១.៥៦៤.១១៦​គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ ក្នុង​ទ្វីបអាស៊ី​ខាងកើត មាន​ព្រំដែន ជាប់​ប្រទេស ចិន រុស្ស៊ី និង​កា​ហ្សា​ក់​-​ស្ថាន ។ ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ ជាង​៣​លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់ ព្រះពុទ្ធ សាសនា​ទី​បេ​ត៍ និង​សាសនា ហ្សា​ម៉ាន់ ដែល​គោរព​ផ្ទៃមេឃ​ពណ៌ ខៀវ​ជា​ព្រះ​របស់​ពួកគេ ។ ភាសាផ្លូវការ គឺ​ភាសា ម៉ុង​ហ្គោល រដ្ឋធានី​គឺ​ទីក្រុង អ៊ូ​ឡង់​បា​ទ័​រ ។​
​ ​
ប្រវត្តិសាស្ត្រ​
​ពួក​បុរាណ​វិទូ បាន​រកឃើញថា ទឹកដី​ដែលជា​ប្រទេស ម៉ុង​ហ្គោ​លី​បច្ចុប្បន្ននេះ​មាន មនុស្ស​បុរាណ​រស់នៅ តាំងពី​ជាង​៨៥.០០០​ឆ្នាំមុន​មកម្ល៉េះ​ហើយ​មនុស្ស​សម័យ​ទំនើប រស់​នៅលើ ទឹកដី​នេះ តាំងពី​ជា​៤០.០០០​ឆ្នាំ​មក ហើយ ។ ជនជាតិ ម៉ុង​ហ្គោ​លី ជា​ជនជាតិ ពូកែ​ជិះសេះ​តាំងពី​ចន្លោះ​ឆ្នាំ​៣៥០០-២៥០០​ឆ្នាំមុន​គ្រិស្តសករាជ ។ ទោះ យ៉ាងណា ការរស់នៅ​របស់​ជន​ជាតិ ទាំងនោះ គឺមាន​លក្ខណៈ​ជា​កុលសម្ព័ន្ធ តូចធំ​តែប៉ុណ្ណោះ មិនទាន់​ក្លាយជា​រដ្ឋ ឬ​នគរ​ពេញលេញ​ឡើយ ។ ម៉ុង​ហ្គោ​លី​ក្លាយជា​រដ្ឋ​ពេញលេញ​នៅ ពេល​បង្កើត រាជវង្ស សុង​នូ នៅ​ឆ្នាំ​២០៩ មុន​គ្រិស្ត​-​សករាជ ។​

​នៅ​ឆ្នាំ​២០០ មុន​គ្រិស្តសករាជ រាជវង្ស សុង​នូ ម៉ុង​ហ្គោ​លី បាន គំរាមកំហែង​ដល់​រាជវង្ស ហាន ចិន យ៉ាងខ្លាំង រហូត ចិន ត្រូវបញ្ជូន​ព្រះ​នាង របស់ខ្លួន ទៅ​រៀប​អភិសេក​ជាមួយ រាជវង្ស សុង​នូ ដើម្បី​ចងមេត្រី និង​យក តង្វាយ​ថ្វាយ​ស្តេច សុង​នូ របស់ ម៉ុង​ហ្គោល ។ ប៉ុន្តែ​ចំណង​មេត្រីភាព នោះ មិនបាន​ល្អូកល្អិន​ឡើយ គឺ​ទំនាស់ ចេះតែមាន​ជា​បន្តបន្ទាប់ ។​
​ ​
​ចាប់ពី​ឆ្នាំ​១១៣ មុន​គ្រិស្ត​សក​-​រាជ ស្តេច​រាជវង្ស ហាន ចិន បាន​ត្រៀម រៀបចំ​កងទ័ព​តទល់​នឹង សុង​នូ វិញ នាំឱ្យ​សង្គ្រាម​រវាង ហាន និង សុង​នូ បាន​ផ្ទុះឡើង​ពេញ​រូបរាង ។ គិត​ត្រឹម​ឆ្នាំ ១០៩ មេទ័ព ហាន បាន​ជ័យជម្នះ​លើ សុង​នូ និង​ត្រួតត្រា​លើ​តំបន់​យុទ្ធសាស្ត្រ ជាច្រើន​របស់ សុង​នូ ហើយ​ឆ្នាំ​១០៥ មុន​គ្រិស្តសករាជ សុង​នូ ត្រូវបាន ចិន ដាក់បញ្ចូល​ក្នុង​សម្ព័ន្ធ​របស់ខ្លួន (​ចិន​) ។​ ​សង្គ្រាម​ផ្ទៃក្នុង​របស់ សុង​នូ ក៏ដូចជា​សង្គ្រាម​រវាង​ចិន​និង​ម៉ុង​ហ្គោ​លី ក៏​ចេះតែមាន​ជា​ហូរហែ ធ្វើឱ្យ សុង​នូ ម៉ុង​ហ្គោ​លី បែកបាក់​ទៅជា​កុលសម្ព័ន្ធ ជាច្រើន ។​
​ ​
​មហា​ម៉ុង​ហ្គោ​លី ធំ​លេខ​១ ក្នុង​លោក នៅ​អំឡុង​សតវត្សរ៍​ទី​១២ ខណៈដែល សុង​នូ កំពុង​បាក់បែក ផ្ទៃក្នុង ហើយ ហាន ចិន ជ្រៀតជ្រែក​ផង នោះ កូនប្រុស នៃ​មេ​កុលសម្ព័ន្ធ​ម្នាក់ របស់ ម៉ុង​ហ្គោល ឈ្មោះ ធា​មុ​ជិន បាន ឡើងកាន់​អំណាច ហើយ​បានធ្វើ​សង្គ្រាម បង្រួបបង្រួម​កុលសម្ព័ន្ធ​នានា ពី​ចន្លោះ តំបន់ ម៉ាន់​ជូ និង​តំបន់ភ្នំ អាល់​ថា​យ ។ កុលសម្ព័ន្ធ ទាំងនោះ មាន​កុលសម្ព័ន្ធ ណៃ​ម៉ាន់ , មេ​គីត , ថា​ថា , និង កុលសម្ព័ន្ធ​ខា​ម៉ាក ម៉ុង​ហ្គោល ដែល​ធ្លាប់ តែ​អមិត្ត​នឹង​គ្នា មក​នៅក្រោម​ការ គ្រប់គ្រង​របស់គាត់ ហើយ​ទទួលបាន ងារ​ជា ជែ​ន​ហ្គី​ស ខាន់ ( ឬ ហ្ស៊ី​សាខា​ន់​= អ​ធិ​រាជ្យ​)​នៅ​ឆ្នាំ​១២០៦​នៃ​គ្រិស្តសករាជ​។
​ ​
​ព្រះ​អ​ធិ​រាជ្យ ធា​មុ​ជិន បន្តធ្វើ សង្គ្រាម​ពង្រីក​ទឹកដី​បង្កើត​ចក្រភព ម៉ុង​ហ្គោ​លី ដ៏​មហា វិសាលភាព និង​ជា ចក្រភព​ដ៏​មាន​ទឹកដី​ធំជាងគេ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ។ ទឹកដី របស់​ម៉ុង​ហ្គោ​លី ពេលនោះ ខាងលិច ចាប់ពី​ប្រទេស អ៊ុយ​ក្រែ​ន បច្ចុប្បន្ន​ទៅ​កើត​ដល់ ប្រទេស​កូរ៉េ​ភាគ​ខាងជើង ទល់​តំបន់​ស៊ី​បេ​រី ចំណែក​ភាគខាងត្បូង ចាប់ពី​សមុទ្រ​អូ​ម៉​ង់ និង វៀតណាម ដែលមាន​ផ្ទៃដី​ប្រមាណ​ជា​៣៣​លាន គីឡូម៉ែត្រ​ក្រឡា ស្មើនឹង​២២​ភាគរយ នៃ​ផ្ទៃដី​ពិភពលោក​ទាំងមូល ហើយ មាន​ប្រជាពលរដ្ឋ​ជាង​១០០​លាន​នាក់ គឺ​ប្រមាណ​ជា​១ ភាគ​៤​នៃ​មនុ​ស្សទាំង អស់​ក្នុង​លោក​នា​សម័យ​កាលនោះ ។
​ ​
​ព្រះ​ចៅ​អ​ធិ​រាជ្យ ជែ​ន​ហ្គី​ស ខាន់ បាន​សោយ​ទិវង្គត នៅ​ថ្ងៃទី​១៨ ខែ សីហា ឆ្នាំ​១២២៧ ។ បន្ទាប់ពី​ការ សោយ​ទិវង្គត​របស់​ទ្រង់ ចក្រភព ម៉ុង​ហ្គោ​លី បាន​បែកបាក់​ជា​អាណាចក្រ ចំនួន​៤ ហើយ​ក្នុង​អាណាចក្រ​ទាំង​៤ នោះ មាន​ស្តេច​មួយអង្គ​គ្រប់គ្រង ដោយ មាន​អ​ធិ​រាជ្យ ម៉ុង​គេ ខាន់ ជា​ព្រះ​អ​ធិ​-​រាជ្យ ។​

​ម៉ុង​ហ្គោល​បែកបាក់​
​ព្រះ​អ​ធិ​រាជ្យ ម៉ុង​គេ ខាន់ សោយ​ទិវង្គត​នៅ​ឆ្នាំ​១២៥៩ ដោយ មិនបាន​ប្រកាស​ផ្ទេរតំណែង​ជា ព្រះ​អ​ធិ​រាជ្យ​ទៅឱ្យ​ស្តេច​អង្គ​ណាមួយ ជា​អ្នក​ស្នង​ឡើយ ។ ស្តេច​នៃ​អាណាចក្រ​ចំណុះ​ទាំង ៤​នោះ បាន​ឈ្លោះទាស់ទែង ខ្វែងគំនិត​គ្នា ដណ្តើម​ធ្វើជា​អ​ធិ​រាជ្យ បាន​នាំឱ្យមាន​សង្គ្រាមស៊ីវិល ដែល​គេ ឱ្យ​ឈ្មោះថា សង្គ្រាម​ស៊ិ​វិល ទៀ​ល៉ិ​ដ ពី​ឆ្នាំ​១២៦០-១២៦៤ ធ្វើឱ្យ​អាណាចក្រ ទាំងនេះ ស្ទើរតែ​ក្លាយជា​នគរ​ឯករាជ្យ រៀងៗ​ខ្លួន​ទៅហើយ ។​
​ ​
​អាណាចក្រ​ដ៏​ធំជាងគេ ឈ្មោះ ថា មហា​អាណាចក្រ ដែល​គ្របដណ្តប់ ទៅដោយ​ទឹកដី ដើម​នៃ​ប្រទេស​ម៉ុង​ហ្គោល និង​ប្រទេស​ចិន បាន​បង្កើត​រាជវង្ស មួយ ឈ្មោះថា រាជវង្ស យាន ដោយមាន ស្តេច គូ​ប្លៃ ខាន់ ( ចៅ​របស់ ជែ​ន​ហ្គី​ស​- ខាន់ ) សោយរាជ្យ ។ ព្រះអង្គ គូ​ប្លៃ ខាន់ បាន​កសាង​រាជធានី​របស់​ព្រះអង្គ នៅ ទីក្រុង ប៉េកាំង ប្រទេស​ចិន បច្ចុប្បន្ននេះ​។​
​ ​
​បន្ទាប់ពី​បាន​គ្រប់គ្រង​ទឹកដី ចិន និង ម៉ុង​ហ្គោល អស់​ជាង​មួយ​សតវត្សរ៍ មក រាជវង្ស យាន ត្រូវបាន​ផ្តួលរំលំ ជំនួស​ដោយ​រាជវង្ស ម៉េង នៅ​ឆ្នាំ ១៣៦៨ ចំណែក​មេដឹកនាំ​ម៉ុង​ហ្គោល បាន​ភៀសខ្លួន​ទៅ​ភាគ​ខាងជើង​នៃ ប្រទេស គឺ​ទឹកដី ម៉ុង​ហ្គោល ដែលជា​ទឹកដី​កំណើត របស់​ពួកគេ​។ កងទ័ព ម៉េង បាន​ដេញតាម​សម្លាប់​អ្នក​ទាំងនោះ រហូតដល់​ទឹកដី ម៉ុង​ហ្គោ​លី និង​បាន កាន់កាប់​ទីក្រុង​មួយចំនួន​របស់ ម៉ុង​ហ្គោល ។ ប៉ុន្តែ​ទីបំផុត ត្រូវ​កងទ័ព ម៉ុង​ហ្គោល វាយ​បណ្តេញ​កងទ័ព ចិន ទាំងនោះ ចេញពី​ទឹកដី​ម៉ុង​ហ្គោល មក​ទឹកដី​ចិន​វិញ​។​ ​រាជវង្ស​យាន​របស់​ម៉ុង​ហ្គោល បាន​បន្ត​ត្រួតត្រា​ទឹកដី ដើម​របស់ ម៉ុង​ហ្គោ​លី ដែល​គេ​ហៅថា រាជវង្ស យាន ខាងជើង ។
​ ​
​ប៉ុន្មាន​សតវត្សរ៍ តពីនោះមក សង្គ្រាម​ផ្ទៃក្នុង ម៉ុង​ហ្គោល និង​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់ ប្រទេស​ចិន ក៏ ដូចជា ការ​លួច​វាយឆ្មក់​ទៅលើ​ប្រទេស ចិន បានកើត​ឡើងជា​ហូរហែ នាំឱ្យ ម៉ុង​ហ្គោល ដែល​ធ្លាប់តែ​ជា​ប្រទេស​ធំ បំផុត​លើ​លោក មក​នៅត្រឹមតែ​ជា ប្រទេស​តូច​មួយ មានការ​បែកខ្ញែក​គ្នា ជា​ផ្នែក​តូចៗ ។ លុះដល់​ដើម​សតវត្សរ៍ ទី​១៦ ទើប​ម៉ុង​ហ្គោល ត្រូវបាន​វាយ បង្រួប​ប​បង្រួម​គ្នា​ឡើងវិញ ក្រោម​ការ ដឹកនាំ​របស់​ស្តេច ដា​យ៉ាន់ ខាន់ ។ ចៅ​របស់​ដា​យ៉ាន់ ខាន់ ឈ្មោះ អាល​តាន់ ខាន់ ជួប​សម្តេច ដា​ឡៃ​ឡា​ម៉ា នៅ​ឆ្នាំ ១៥៧៨ ហើយ​បាន​នាំ​ព្រះពុទ្ធសាសនា ទី​បេ​ត៍ ចូល​ប្រទេស​ម៉ុង​ហ្គោល ។ ចាប់ពី ពេល​នោះមក ទាំង​អ្នកដឹកនាំ និង​ប្រជា ពលរដ្ឋ ម៉ុង​ហ្គោ​លី បាននាំគ្នា​កាន់ ព្រះពុទ្ធសាសនា ។
​ ​
ធ្លាក់​ជា​ចំណុះ ចិន​
​ខាន់ ចុងក្រោយ​របស់ ម៉ុង​ហ្គោ​លី គឺ លី​គ​ដេ​ន ខាន់ នៅ​អំឡុង ដើម​សតវត្សរ៍​ទី​១៧ ។ ស្តេច ឬ ខាន់ អង្គ​នេះ មាន​ជម្លោះ​ជាមួយ​ជនជាតិ ម៉ាន់​ជូ ចិន ជុំវិញ ការ​លួច​ប្លន់​នៃ​ទីក្រុង នានា​របស់​ចិន និង​ធ្វើឱ្យ​កុលសម្ព័ន្ធ ម៉ុង​ហ្គោល ភាគច្រើនបំផុត​ប្រេះឆា​គ្នា ។ ស្តេច​អង្គ​នេះ បាន​សោយ​ទិវង្គត​នៅ ឆ្នាំ​១៦៣៤ ។ គិត​ត្រឹម​ឆ្នាំ​១៦៣៦ កុលសម្ព័ន្ធ​ច្រើន​បំផុត នៅ​ភាគ​ខាងក្នុង នៃ​ប្រទេស​ម៉ុង​ហ្គោល បាន​ចុះចូល ជាមួយ​ពួក​ជនជាតិ​ម៉ាន់​ជូ ។
​ ​
​រាជវង្ស​ឆេង (​ជា​របប​រាជា និយម​ចុងក្រោយ​បំផុត​របស់​ចិន​) បាន ផ្តួលរំលំ​រាជវង្ស​ម៉េង ហើយ​ឡើង គ្រប់គ្រង​ប្រទេស​ចិន នៅ​ឆ្នាំ​១៦៤៤ (​ដល់​ឆ្នាំ​១៩១១) ។ ប្រទេស​ម៉ុង​ហ្គោល ទាំងមូល​បាន​ចុះចូល​ជា​ចំណុះ​ជនជាតិ ម៉ាន់​ជូ ហើយ​បាន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ រាជវង្ស​ឆេង ទាំងស្រុង នៅ ត្រឹម​ឆ្នាំ​១៦៩១​។ ចំណែក​របប​គ្រប់គ្រង ភាគ​ខាងលិច នៃ​ប្រទេស​ម៉ុង​ហ្គោល បាន​រលាយ​សាបសូន្យ ដោយសារ​ការ ឈ្លានពាន​របស់​រាជកា​រ​ឆេង ពី​ឆ្នាំ ១៧៥៧-១៧៥៨​។ រាជការ ឆេង បាន គ្រប់គ្រង​ម៉ុង​ហ្គោល តាមរយៈ​ចំណង មិត្តភាព ចំណងអាពាហ៍ពិពាហ៍​ទៅ វិញ​ទៅមក​វិធានការ​សេដ្ឋកិច្ច និង វិធានការ​យោធា រហូតដល់​ឆ្នាំ​១៩១១ ជា​ពេល​ទី​អវសាន នៃ​រាជការ​ឆេង ។​
​ ​
ចលនា​ឯករាជភាព ម៉ុង​ហ្គោ​លី​
​បន្ទាប់ពី​ដួលរលំ​រាជការ​ឆេង ទៅ​របប​សាធារណរដ្ឋ​ចិន ត្រូវបាន ប្រកាស​បង្កើតឡើង ដោយមាន​ឧ​ត្ត​ម សេនីយ៍ យាន ស៊ី​ខាយ ជា​ប្រ​ធានា ធិបតី ។ មើលឃើញ​ឱកាសល្អ ខណៈ ដែល​អំណាចកណ្តាល គឺ​រាជការ​ឆេង ដួលរលំ ដូច្នោះ​ស្តេច បុក ខាន់ (​អតីត​ជា​ព្រះសង្ឃ ក្នុង​ព្រះពុទ្ធសាសនា​) បាន ដឹកនាំ​ប្រទេស​ម៉ុង​ហ្គោ​លី ប្រកាស ឯករាជភាព​របស់ខ្លួន​ពី​ចិន ។ ប៉ុន្តែ សាធារណរដ្ឋ​ចិន ថ្មោងថ្មី នៅតែ​ចាត់ ទុក​ថា ម៉ុង​ហ្គោល គឺជា​ផ្នែក​មួយ នៃ ប្រទេស​ចិន ។ ប្រធានាធិបតី ចិន យាន ស៊ី​ខាយ បាន​លើក​ហេតុផល​ថា សាធារណរដ្ឋ​ចិន គឺជា​អ្នក​ស្នង​បន្ត​ពី រាជការ ឆេង ដូច្នេះ មាន​សិទ្ធិ​គ្រប់គ្រង ម៉ុង​ហ្គោល បន្ត​ពី​រាជការ​ឆេង ដែរ ។​
​ ​
​ប៉ុន្តែ​ស្តេច​បុក ខាន់ បាន​លើក ហេតុផល​ថា ម៉ុង​ហ្គោល និង​ចិន ត្រូវបាន​ត្រួតត្រា​ដោយ ជនជាតិ​ម៉ាន់​ជូ អំឡុង រជ្ជកាល​ឆេង ។ លុះ​បន្ទាប់ពី​រាជការ ឆេង ដួលរលំ​ទៅ កិច្ចសន្យា​ដាក់ ម៉ុង​ហ្គោល ជា​ចំណុះ ម៉ាន់​ជូ នោះ​ក្លាយ ទៅជា​អស់​សុពលភាព ។
​ ​
​ក្នុង​បដិវត្តន៍​ប្រកាស​ឯករាជ ភាព​របស់ ម៉ុង​ហ្គោ​លី នេះ កងទ័ព​រុស្ស៊ី បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ ពួក​អ្នក​ជាតិនិយម​ម៉ុង​ហ្គោ​លី​នេះ ។ តាម ពិត​ការជួយ​របស់​រុស្ស៊ី​ដល់​ម៉ុង​ហ្គោ​លី នោះ មិនមែន​មានបំណង​ស្វែងរក​សេរីភាព​ជូន ប្រជាពលរដ្ឋ​ម៉ុង​ហ្គោ​លី ទេ ប៉ុន្តែ​ក៏​ព្រោះតែ​ចង់ឱ្យ​ម៉ុង​ហ្គោ​លី ក្លាយជា​រដ្ឋ​ឯករាជ្យ​នោះ រដ្ឋ​មួយ​នេះ នឹង​បាន​ក្លាយជា​ទ្រនាប់​របស់​រុស្ស៊ី​ពី​ចិន តែប៉ុណ្ណោះ ។ អ្វី​ដែលជា​បំណង​បង្កប់ ក្នុង​ចិត្ត​មួយទៀត ដែល​រុស្ស៊ី មិន​និយាយ ចេញ ប៉ុន្តែ​គេ​អាច​មើលឃើញ​នោះ គឺថា បើ​ម៉ុង​ហ្គោល របូត​ចេញពី​ដៃ​ចិន​នោះ ម៉ុង​ហ្គោល នឹង​ក្លាយជា​រដ្ឋ​ដ៏​ទន់ខ្សោយ មួយ ។ បើ​បែប​នោះ រុស្ស៊ី ងាយ​នឹង​លេប ត្របាក់​ម៉ុង​ហ្គោល ជំនួស​ចិន វិញ​ម្តង ។​

​ជា​អកុសល នៅ​ខែតុលា ឆ្នាំ ១៩១៩ មាន​បដិវត្តន៍​ផ្ទុះឡើង ធ្វើឱ្យ​រុស្ស៊ី​រវល់​វក់វីរ​នឹង​រឿង​ផ្ទៃ ក្នុង​របស់ខ្លួន ក៏ មិនអាច​ធ្វើជា​បង្អែក​ដ​ល់ ម៉ុង​ហ្គោល ទៀតឡើយ ។ ដោយហេតុនេះ នៅ​ឆ្នាំ ១៩១៩ នោះ​កងទ័ព​ចិន បាន​ចូលលុក លុយ កាន់កាប់ ម៉ុង​ហ្គោល ម្តងទៀត ។​

​ដោយ​មិនអាច​ឈរ​ឱបដៃ​មើល ចិន លេប​ត្របាក់ ម៉ុង​ហ្គោល ព្រោះ​បារម្ភ​ថា ចិន ចូលមក​ដល់​របង​ផ្ទះ​ខ្លួន​តាមរយៈ ម៉ុង​ហ្គោល​នេះ ទើប​នៅ​ឆ្នាំ​១៩២០ កងទ័ព​រុស្ស៊ី ចូលធ្វើ​សង្គ្រាម​បណ្តេញ កងទ័ព​ចិន ចេញពី​ម៉ុង​ហ្គោល បាន ដោយ​ជោគជ័យ នៅ​ដើមខែ​កុម្ភៈ ឆ្នាំ ១៩២១ ដោយមាន​ការជួយ​រួមចំណែក ពី​ជនជាតិ​ម៉ុង​ហ្គោ​លី ។​

​ដើម្បី​លុបបំបាត់​ការគំរាមកំហែង ពី​ចិន ទៅ​ថ្ងៃមុខ ទើប​បក្ស​បុល​សេ​វិក សូ​វៀត សម្រេចចិត្ត​ជួយ​បង្កើត​ចលនា កុ​ម្មុយ​និ​ស្ត និង​កងទ័ព​ម៉ុង​ហ្គោ​លី ។ នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​១៩២១ នោះ គណបក្ស​ប្រជាជន​ម៉ុង​ហ្គោ​លី​បង្កើត រដ្ឋាភិបាល​ថ្មី ដោយ​រក្សា​ស្តេច​បុក ខាន់ ជា​ប្រមុខរដ្ឋ ប្រកាស​ឯករាជ្យភាពរ​បស់ ខ្លួន​ម្តងទៀត ។ ចាប់ពីពេលនោះ​មក ម៉ុង​ហ្គោ​លី និង​សហភាពសូវៀត បាន ក្លាយជា​សម្ព័ន្ធមិត្ត​នឹង​គ្នា​អស់​រយៈពេល ប្រាំពីរ​ទសវត្សរ៍ ។
​ ​
​ឥទ្ធិពល​របស់​សូ​វៀត ទៅលើ ម៉ុង​ហ្គោល ក៏​ចេះតែ​ខ្លាំង​ទៅៗ ។ ការ តស៊ូ​របស់​អ្នក​ជាតិនិយម ម៉ុង​ហ្គោ​លី និង​សូ​វៀត ក៏មាន​យ៉ាង​ជូរចត់​ណាស់ ដែរ ។ ឆ្នាំ​១៩២៤ ស្តេច​បុក ខាន់ ត្រូវ បាន​គេ​ធ្វើគ​ត ដែល​គេ​សង្ស័យថា ជា ស្នាដៃ​របស់​ចារកិច្ច​សូ​វៀត ។
​ ​
​បន្ទាប់ពី​ស្តេច​បុក ខាន់ ត្រូវបាន ធ្វើឃាត គណបក្ស​បដិវត្តន៍​ប្រជាជន ម៉ុង​ហ្គោ​លី បានប្រកាស​បង្កើត​រដ្ឋា​ភិ​បាល​សាធារណរដ្ឋ​ប្រជាមានិត ម៉ុង​ហ្គោ​លី នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ ១៩២៤ ហើយ​រដ្ឋធម្មនុញ្ញ​ដំបូង​របស់ ម៉ុង​ហ្គោ​លី ក៏ត្រូវ​បានអនុម័ត​នៅពេល នេះដែរ ។ ប្រទេស​ម៉ុង​ហ្គោ​លី ក៏​ក្លាយ ជា​រដ្ឋ​គ្រប់គ្រង​ដោយ​របប​កុ​ម្មុយ​និ​ស្ត ជា​ផ្លូវការ ចាប់ពីពេលនោះ ។​
​ ​
​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ម៉ុង​ហ្គោ​លី ប្រារឰ​ទិវា​សា​ធាណ​រដ្ឋ របស់​ពួកគេ ដើម្បី​រំលឹក​ដល់ ព្រឹត្តិការណ៍​នោះឯង ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​៖ មេសា​

ទីក្រុង អ៊ូ​ឡង់​បារ​ទ័​រ នៃ ប្រទេស ម៉ុង​ហ្គោ​លី
ស្តេច បុក ខាន់ នៃ ម៉ុង​ហ្គោ​លី ដែលជា​អ្នកដឹកនាំ​ប្រកាស​ឯករាជភាព ម៉ុង​ហ្គោ​លី

ទីតាំងផ្សាយពាណិជ្ជកម្ម