ម៉ូតូ​បើក​បុក​រថយន្ត​កំពុង​ឆ្លងផ្លូវ​របួស​បាក់ជើង​ម្ខាង​សន្លប់​ស្តូក​

844
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវជន​ម្នាក់​រងរបួស​ធ្ងន់​បាក់ជើង​ម្ខាង​សន្លប់​ស្តូក​នៅ​កន្លែង​បន្ទាប់ពី​បើក​ម៉ូតូ​ធំ​បោះពួយ​ល្បឿន​លឿន ម្យ៉ាង​ប្រើប្រាស់​ជាតិ​ស្រវឹង ជ្រុល​ទៅបុក​រថយន្ត​ពី​ទទឹង​។​ខណៈដែល​កំពុងបើក​ឆ្លងផ្លូវ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៣​ភូមិ​ព្រៃ​ព្រីង​ត្បូង​១​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​ជនរងគ្រោះ​ឈ្មោះ បេ​វ ប៊ុន​ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជិះ​ម៉ូតូ ម៉ាក CBR ពណ៌​ស ក្រហម ក្នុងស្ថានភាព​របួស​បាក់ជើង​ស្តាំ សន្លប់​ស្តូក ។ ចំណែក​ភាគី​ខាង​រថយន្ត ម៉ាក វី​ស្តូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2A-2038 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ ។​

​តាម​ពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​បើក​ចេញពី​ផ្លូវ​បេតុង បុរី​ធូ លន ពី​កើ​តទៅ​លិច ឡើង​ឆ្លង​ផ្លូវជាតិ​លេខ​៣ បំណង​បត់​ឆ្ពោះទៅ​ត្បូង ហើយ​ខណៈដែល​រថយន្ត​កំពុងបើក​ឆ្លងផ្លូវ​ជាតិ​លេខ​៣ ស្រាប់តែ​ម៉ូតូ CBR​បើកបរ​ល្បឿន​លឿន ហើយ​ស្រវឹង​ទៀត បើក​ពី​ត្បូង​ទៅ​ជើង ហ្វ្រាំង​មិនទាន់ គេច​ក៏​មិន​ផុត ជ្រុល​ទៅបុក​រថយន្ត​ពី​ទទឹង បោក​ផ្ទប់​រងរបួស​ធ្ងន់ធ្ងរ ។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ចំណែក​រថយន្ត​និង​ម៉ូតូ សមត្ថកិច្ច​ចុះទៅ​វាស់វែង​រួច យកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​រងចាំ​ដោះស្រាយ​ពេល​ក្រោយ ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម