ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ត្រូវបាន​មន្ត្រី​បោះបង្គោល​តម្រុយ​សម្រេចបាន​១០០​ភាគរយ​ហើយ​

1001
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: ការបោះ​តម្រុយ​បង្គោល​បណ្តោះអាសន្ន​ដី​រដ្ឋ ក្នុង​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប គឺ​សម្រេចបាន​១០០​ភាគរយ​ហើយ លើ​ផ្ទៃដី​តំបន់​ស្នូរ និង​តំបន់​ការពារ​អភិរក្ស បន្ទាប់ពី​ក្រុម​បរិស្ថាន​របស់លោក​បាន​ចុះ​អនុវត្ត​ចាប់តាំងពី​ខែមេសា មកដល់​ខែតុលា ឆ្នាំ​២០១៨​។​

​ក្រុមមន្ត្រី​បរិស្ថាន​ខេត្តកោះកុង បានសម្រេច​ការងារ​បោះ​តម្រុយ​បង្គោល​ចំនួន​៣៧៨​បង្គោល​រួចរាល់​លើដី​រដ្ឋ​ជា​បណ្តោះអាសន្ន នៅ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប តប​តាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ចំពោះ​វិធានការ​ទប់ស្កាត់​បរបាញ់​សត្វ​ខុសច្បាប់ និង​ការ​រុករាន​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​លក់ដូរ​បែប​អនាធិបតេយ្យ​។​

​លោក ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បាន​គូសបញ្ជាក់​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​ថា តំបន់​ដែល​ក្រុមមន្ត្រី​បរិស្ថាន​របស់លោក​ចុះទៅ​បោះបង្គោល​ជា​បណ្តុះ​អាសន្ន​នោះ គឺ​បាន​អនុវត្ត​ជាង​៧​ខែ ចាប់តាំងពី​ខែមេសា រហូតដល់​ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​តំបន់​ស្នូរ ដែលមាន​ផ្ទៃដី​១.៥៨៨​ហិកតា និង​តំបន់​អភិរក្ស​មាន​ផ្ទៃដី​សរុប​៤.៨៧៣​ហិកតា​។​

​លោក​បាន​បន្ថែមថា ដំណើរ​នៃ​ចុះ​បោះតម្រុយ​បង្គោល​តំបន់​ការពារ​អភិរក្ស​សត្វព្រៃ​ពាម​ក្រសោប ក៏​ជួប​ឧបសគ្គ​ណាស់ រួមមាន​៖ ទី​១-​ភូមិសាស្ត្រ​ព្រៃភ្នំ​មាន​ភាពស្មុគស្មាញ​ច្រើន​ដែល​បង្ក​ឱ្យ​មន្ត្រី​លំបាក​វាស់វែង​កំណត់ និង​ទី​២-​រកឃើញ​មាន​ដីស្រែ​ចម្ការ​ពលរដ្ឋ​ក្នុង​តំបន់​ការពារ ប៉ុន្តែ​ពួកគាត់​គ្មាន​លិខិតស្នាម​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ណាមួយ​នោះទេ ដែលជា​ហេតុ​ធ្វើ​មន្ទីរ​បរិស្ថាន​ដៃគូ​អភិវឌ្ឍន៍​បន្ត​សិក្សា​វាយតម្លៃ​ពី​ប៉ះពាល់​ទាំងនេះ​បន្ថែមទៀត​។​

​បើតាម​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង ការអនុវត្ត​រៀបចំ​កំណត់​ចុះបញ្ជី​ដី​រដ្ឋ​អោយ​ច្បាស់លាស់​យ៉ាង​ដូច្នេះ ខណៈ​តំបន់ការពារធម្មជាតិ​សត្វព្រៃ​ពាម​ក្រសោប ស្ថិតនៅក្រោម​សម្ពាធ​នៃ​ការ​បរបាញ់​សត្វ កាប់​ឈើ និង​ការ​រុករាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​ជា​បន្តបន្ទាប់​។ ក្រោយពី​បាន​បោះតម្រុយ​រួចរាល់ ក្រុមការងារ​បច្ចេកទេស​ក្រសួងបរិស្ថាន និង​មន្ទីរ​ពាក់ព័ន្ធ​នៅតែ​បន្ត​សិក្សា​ស្រាវជ្រាវ​បន្ថែម​លើ​ការប៉ះពាល់​មួយចំនួន មុននឹង​ប​ញ្ចូ​ន​ទិន្នន័យ​ដ៏​ច្បាស់លាស់​មួយ​ទៅ​រដ្ឋមន្ត្រីក្រសួង​ពិនិត្យ និង​សម្រេច​បន្ត​។​

​ក្នុង​កិច្ចប្រជុំ​កំណត់​ទីតាំង​បោះបង្គោល​តម្រុយ​តំបន់​ព្រៃ​ពាម​ក្រសោប កាលពី​ខែមេសា លោក ជូ សុភ័ក្ត្រ ប្រធាន​នាយកដ្ឋាន​តំបន់​អភិរក្ស​ធនធានធម្មជាតិ​ខាងកើត​ទន្លេ​មេគ្គង​នៃ​ក្រសួងបរិស្ថាន ក៏​ធ្លាប់​លើកឡើង​ដែរ​ថា បើកាលណា​មិនបាន​ចុះបញ្ជី​ដី​រដ្ឋ​អោយបាន​ច្បាស់លាស់​ត្រឹមត្រូវ​ទេ វា​បង្ក​ផល​លំបាក​ចំពោះ​ការទប់ស្កាត់​បទល្មើស​ដែល​កំពុង​កើតមាន​ដែន​អភិរក្ស​ការពារ ជាពិសេស​ចំពោះ​ពលរដ្ឋ​ណា​ដែល​គ្មាន​ឯកសារ​មូលដ្ឋាន​ច្បាប់​ពិតប្រាកដ​ជាក់លាក់​។​

​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​ទំហំ​ប្រមាណ​២​ម៉ឺន​៣​ពាន់​ហិកតា ដែល​ស្ថិតនៅ​ក្នុងស្រុក​ចំនួន​៣​ក្នុង​ខេត្តកោះកុង រួមមាន​៖​ស្រុក​មណ្ឌលសីមា ស្រុក​កោះកុង និង​ក្រុង​ខេមរភូមិន្ទ​។ ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី បង្កើត​គម្រោង​ចុះបញ្ជី​ដី​រដ្ឋ​សាកល្បង​នៅ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ខេត្តកោះកុង និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្ត​មណ្ឌលសីមា ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប​ប្រមាណ​២៤​ម៉ឺន​ហិកតា​។ ដោយ​គម្រោង​នេះ អនុវត្ត​ក្នុង​រយៈពេល​១​ឆ្នាំ ចាប់ពី​ខែ មករា ឆ្នាំ​២០១៨ ដើម្បី​សំដៅ​ធានាបាន​នូវ​ការកំនត់​ព្រំប្រទល់​តំបន់ការពារធម្មជាតិ​ឱ្យ​ច្បាស់លាស់​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ