​កម្ពុជា​ត្រូវការ​ធនធាន​ជំនាញ​ផ្នែក​ស្ប៉ា​និង​សុខុមាលភាព​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​

1061
ចែករម្លែក
  • 7
    Shares

​ដោយ​គូលែន​/​សៀមរាបៈ​នៅក្នុង​បទ​បង្ហាញ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​តាមដាន​និង​ត្រួតពិនិត្យ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​នៅ​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​លោក ទ្រី ឈី​វ អគ្គ​នាយរង​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ដែលមាន​ជំនាញ​ជាច្រើន​សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍ ។​

​លោក ទ្រី ឈី​វ បាន​បញ្ជាក់ថា ក្នុងនោះ​អ្នកជំនាញ​ផ្នែក​ស្ប៉ា និង​សុខុមាលភាព​ភាព គឺ​កំពុង​តែមាន​តម្រូវ​យ៉ាងច្រើន ព្រោះ​សេវាកម្ម​មួយ​នេះ​កំពុងតែ​មានការ​ពេញ​សម្រាប់អ្នកទេសចរ​។ ខណៈ​កន្លងមក ក្រសួងទេសចរណ៍​បាន​យកចិត្តទុកដាក់ ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​បដិសណ្ឋារកិច្ច និង​អ្នកជំនាញ​ស្ប៉ា និង​សុខុមាលភាព បាន​រាប់ពាន់នាក់​រួចហើយ នៅតាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដោយ​ផ្តល់​សេវាកម្ម​ប្រកបដោយ​ភាព​ពេញចិត្ត និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់ ។​

​លោក បាន​សង្ឃឹមថា នៅ​កិច្ចប្រជុំ​ពិសេស​នេះ នឹង​ជំរុញ​ការបណ្តុះបណ្តាល​ជំនាញ​ថ្មីៗ​បន្ថែមទៀត ដល់​អ្នក​កំពុង​បម្រើ​ការងារ​ក្នុង​សេវាកម្ម​ស្ប៉ា និង​សុខុមាលភាព ឲ្យ​ស្របតាម​ស្តង់ដា​អាស៊ាន ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ផ្ទាល់ ពីលើ​ជំនាញ​ដែលមាន​ស្រាប់ ។

​លោក ប៉ាក់ សុខុម​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា​កិច្ចប្រជុំ​ពិសេស​នៃ​គណៈកម្មការ​តាមដាន​និង​ត្រួតពិនិត្យ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​នៅពេលនេះ​នឹង​ពិភាក្សា​បញ្ចប់​លើ​ពង្រាង​ស្តង់ដា​បណ្តុះបណ្តាល​ស្ប៉ា​និង​សុខុមាលភាព​អាស៊ាន​ដែល​កម្ពុជា​ទទួលបន្ទុក​រៀបចំ​ក្នុង​ការបង្កើត​ស្តង់ដា​កម្មវិធី​បណ្តុះបណ្តាល​រួម​របស់​អាស៊ាន​ព្រមទាំង​លើកកម្ពស់​ការបណ្តុះបណ្តាល​ដល់​អ្នកជំនាញ​វិជ្ជាជីវៈ​ស្ប៉ា​និង​សុខុមាលភាព​និង​ផ្តល់​ជំនាញ​បន្ថែម​ដល់​អ្នកជំនាញ​ស្ប៉ា ស្របតាម​ស្តង់ដា​ជាតិ​-​អាស៊ាន ដែល​ឆ្លើយតប​ទៅនឹង​ស្តង់ដា​រួម​ក្នុង​តំបន់​។​

​លោក​បាន​បន្តទៀតថា បើតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ឆ្នាំ​២០២០​នឹង​សម្រេចបាន​នូវ​ការងារ​បណ្តុះបណ្តាល​និង​វាយតម្លៃ​អ្នកជំនាញ​ទេសចរណ៍​កម្ពុជា​បាន​ចំនួន​៥០​ភាគរយ ស្របតាម​ស្តង់ដា​ជាតិ និង​អាស៊ាន ឆ្នាំ​២០២៥ នឹង​សម្រេចបាន​នូវ​ការងារ​បណ្តុះបណ្តាល និង​វាយតម្លៃ​អ្នកជំនាញ​ទេសចរណ៍​កម្ពុជា​បាន​ចំនួន​១០០​ភាគរយ​ដោយ​ចូលរួម​សម្រេច​យុទ្ធនាការ​ផ្សព្វផ្សាយ “​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​” ហើយ​ជាមួយនឹង​កំណើន​ទេសចរ​ជាតិ និង​អន្តរជាតិ ដ៏​ខ្លាំងក្លា​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​លោក​បានបញ្ជាក់​បន្តថា វិស័យ​ទេសចរណ៍ បាន​បង្កើត​ការងារ​ផ្ទាល់​បាន​ប្រមាណ ៦២ ម៉ឺន​នាក់ ស្មើនឹង​១៣​ភាគរយ នៃ​ការងារ​សរុប និង​នៅក្នុង​ឆ្នាំ​២០២០ នឹង​បង្កើត​ការងារ​ផ្ទាល់​បាន​ប្រមាណ ជិត​១​លាន​នាក់ នៅ​ឆ្នាំ​២០២៥ ប្រមាណ ១,២​លាន​នាក់ និង​នៅ​ឆ្នាំ​២០៣០ បាន​ចំនួន ២​លាន​នាក់ ដោយ​មិន​គិតពី​ការងារ​ដោយ​ប្រយោល រាប់សិប​ម៉ឺន​នាក់​ទៀត​៕S/

​កម្ពុជា​ត្រូវការ​ធនធាន​ជំនាញ​ផ្នែក​ស្ប៉ា​និង​សុខុមាលភាព​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម