មន្ត្រី​ពេទ្យសត្វ​ចុះ​ចែក​ថ្នាំ បង្រៀន​បច្ចេកទេស​ដល់​កសិករ​ក្នុងការ​ចិញ្ចឹមសត្វ​និង​បង្កា​ជំងឺឆ្លង​

2729
ចែករម្លែក
  • 26
    Shares

ដោយ​: ចាន់ថន / ព្រៃវែង​: កសិករ​មួយចំនួន​នៅ​ស្រុក​ពារាំង ដែល​ប្រកបការងារ​ជា​អ្នក​ចិញ្ចឹម សត្វ​គោ ជ្រូក មាន់​ទា បានទទួល​ចំណេះដឹង​និង​ថ្នាំ​បង្កា​ពី​មន្ត្រី​ពេទ្យសត្វ​ខេត្តព្រៃវែង​។​

​លោក ចិន វិសាល ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តព្រៃវែង បាន​ឲ្យ រស្មី​កម្ពុជា ដឹងថា នៅ​រសៀល​ថ្ងៃទី​២៨ ខែ វិច្ឆិកា ឆ្នាំ​២០១៨​នេះ​លោក​បាន​ដឹកនាំ​កម្លាំង ចុះ​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​ការចិញ្ចឹម​សត្វ ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​សត្វ​។ ព្រមទាំង​ចែក​ថ្នាំ​រំងាប់​មេរោគ (BENKOCID) ដែល​ទទួលបាន​ពី​ខេត្ត​ដុង​ថាប់ ប្រទេស​វៀតណាម ជូន​ដល់​កសិករ ចំនួន​៤២​គ្រួសារ នៅក្នុង​ឃុំ​ព្រៃ​ព្នៅ និង​ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្តព្រៃវែង​។ ដោយ​ចែក​ថ្នាំ​រំងាប់​មេរោគ ពេល​រដូវរំហើយ ធ្លាក់​ខ្យល់​ងាយ​ឆ្លង​ជំងឺ អស់​៦០​លីត្រ​ស្មើ​៥៦​កសិដ្ឋាន​។

​លោក​បន្ថែមថា ជានិច្ច​ជា​កាល​មន្ត្រី​របស់លោក​តែងតែ​ចុះ​បង្ហាត់បង្រៀន កសិករ​តាម​មូលដ្ឋាន ជាប្រចាំ ដើម្បី​ឲ្យ​កសិករ​ទទួលបាន​ចំណេះដឹង និង​បច្ចេកទេស​ចិញ្ចឹមសត្វ ការពារ​សត្វ ការពារ​ជំងឺឆ្លង ជៀសវាង​កុំ​ឲ្យ​ពួកគាត់​ចិញ្ចឹមសត្វ​ទាំង​អត់​មាន​បច្ចេកទេស​ប្រថុយប្រថាន​។ បណ្ដាល​ឲ្យ​សត្វ​ឈឺ​ងាប់​ខាតបង់​ប្រាក់កាស​និង​ពេលវេលា​។​

​ជាមួយគ្នា​នោះ​កសិករ អ្នក​ចិញ្ចឹម​ទា នៅ​ស្រុក​ពារាំង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​តម្លៃ ស៊ុតទា​ស្រស់​មួយ​គ្រាប់ ៣៥០៛​រៀល ស៊ុតមាន់​ស្រស់ (​ឧស្សាហកម្ម​) ៣២០៛​រៀល ក្នុង​មួយ​គ្រាប់​។ ​ចំពោះ​លាម​កទា តម្លៃ​២,៥០០​រៀល​ក្នុង​មួយ​បាវ ចំណែកឯ​លាមក​មាន់ តំលៃ​៤,០០០៛​ក្នុង​មួយ​បាវ នេះ​ជា​ប្រភព​ចំណូល​បន្ថែម​របស់​កសិក​រ​ចិញ្ចឹមសត្វ​ក្នុង​ខេត្តព្រៃវែង​។​ ​ហើយ​សិ​ករ​ទទួលបាន​ចំណេះដឹង​និង​បច្ចេកទេស ដែល​អាចជួយ​កាត់បន្ថយ​ការ​ចំណាកស្រុក និង​កាត់បន្ថយ​ភាពក្រីក្រ​បាន​មួយកម្រិត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម