រ៉ាំ​បូ​ចូលនិវត្តន៍​ពី​ការសម្តែង​ជា​តួ​អ្នក​ប្រដាល់ Rocky

1232
ចែករម្លែក

​បន្ទាប់ពី​រយៈពេល​ជាង ៤ ទសវត្សរ៍​និង​ភាពយន្ត​ចំនួន ៨ តារា​សម្តែង ស៊ី​ល​វើ​ស្ទើ ស្ត​ល​ឡូ​ន (​រ៉ាំ​បូ​) បាន​និយាយថា គាត់​នឹង​ព្យួរ​ហ្គ​ង់ Rocky របស់គាត់​ហើយ (​ចូល​និវត្ត​ពី​ការសម្តែង​ជា​តួ​អ្នក​ប្រដាល់​ក្នុង​រឿង Rocky)​។​

​នៅក្នុង​វីដេអូ​ដែល​គាត់​បាន​បង្ហោះ​នៅលើ Instagram កាលពី​ថ្ងៃ​ពុធ​ទី​២៨​វិច្ឆិកា តារា​វ័យ ៧២ ឆ្នាំ​រូបនេះ​បាន​និយាយថា គាត់​ត្រៀមខ្លួន​ដើរ​ចេញពី​តួអង្គ​ល្បីល្បាញ​នេះ ដោយ​សំដៅ​ទៅលើ​តួ​ចុងក្រោយ​របស់គាត់​នៅក្នុង​រឿង “Creed II” ដែល​ទើបតែ​ដាក់​បញ្ចាំង​នាពេល​ថ្មីៗ​នេះ​។​

​គាត់​បាន​និយាយ​នៅក្នុង​វីដេអូ​ថា “​ខ្ញុំ​គិតថា Rocky បាន​ចប់​ទៅហើយ​ក្នុង​ឆ្នាំ ២០០៦ ហើយ​ខ្ញុំ​ពិតជា​សប្បាយរីករាយ​នឹង​ការបញ្ចប់​នេះ​ណាស់​។ ហើយ​បន្ទាប់មក ស្រាប់តែ​បុរស​វ័យក្មេង​ម្នាក់នេះ​បានបង្ហាញ​វត្តមាន ហើយ​រឿងរ៉ាវ​ទាំងមូល​បាន​ផ្លាស់ប្តូរ​”​។ លោក​ចង់​សំដៅ​ទៅលើ​តារា​សម្តែង​រួម​ក្នុង​រឿង “Creed” គឺ លោក ម៉ៃ​ឃើ​ល ប៊ី ចូ​ឌែ​ន​។​

​គាត់​បាន​បន្តថា “​វា​បាន​បន្ត​ឱ្យមាន​ជំនាន់​ថ្មី បញ្ហា​ថ្មី និង​ការ​ផ្សងព្រេង​ថ្មី​”​។​

​ខ្សែភាពយន្ត “Creed” គឺជា​ភាពយន្ត​បន្ត​ពី​សាច់រឿង Rocky បន្ទាប់ពី​គាត់​ចូលនិវត្តន៍ នៅពេល​គាត់​ឈានដល់​វ័យ​កណ្តាល និង​កំពុង​បង្វឹក​ដល់​តួ​ជំនាន់​ក្រោយ​។​

​លោក​ស្ត​ល​ឡូ​ន​បាន​និយាយថា គាត់​គ្មានអ្វី​សប្បាយ​លើសពី​អ្វីដែល​បានកើត​ឡើង​ចំពោះ​រឿង Rocky ដែល​បានចាប់ផ្តើម​ក្នុង​ឆ្នាំ ១៩៧៦ និង បាន​កត់ត្រា​អំពី​ជីវិត​របស់​អ្នក​ប្រដាល់​ខ្សោយ​ម្នាក់ ដែល​ចុងក្រោយ​ក្លាយជា​វីរបុរស​ប្រដាល់​។​

​លោក​បន្តថា “​នៅពេលដែល​ខ្ញុំ​ដើរចេញ បន្ទាប់ពី​សាច់រឿង​រប​ស់​ខ្ញុំ​ត្រូវបាន​ប្រាប់​រួចហើយនោះ នឹងមាន​ពិភពថ្មី​មួយ​ដែល​នឹង​បើកចំហ​សម្រាប់​ទស្សនិកជន​ជំនាន់​នេះ​”​។ លោក​បាន​បន្ថែមថា ឥឡូវនេះ វា​គឺ​អាស្រ័យ​លើ​លោក​ចូ​ឌែ​ន ដើម្បី​បន្ត​ទទួលយក​ការសម្តែង​តួអង្គ​អ្នក​ប្រដាល់​នេះ​បន្ត​ពី​គាត់​៕ ដោយ៖ កញ្ញាដាលីស

រ៉ាំ​បូ​ចូលនិវត្តន៍​ពី​ការសម្តែង​ជា​តួ​អ្នក​ប្រដាល់ Rocky

ទីតាំងផ្សាយពាណិជ្ជកម្ម