នាវាចម្បាំង​អាមេរិក​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ក្រោយពី​ចិន​ប្រកាស​ធ្វើ​សមយុទ្ធ​

1096
ចែករម្លែក

នាវាចម្បាំងអាមេរិក២គ្រឿង បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃពុធទី២៨វិច្ឆិកា ដែលនេះជាប្រតិបត្តិការស្រដៀងគ្នាលើកទី៣នៅក្នុងឆ្នាំនេះ និងវាមុខជានឹងធ្វើអោយចិនប្រតិកម្ម។

អនុសេនីយ៍ឯក រ៉ាឆេល ម៉ាកម៉ា អ្នកនាំពាក្យសំរាប់កងនាវាប៉ាស៊ីហ្វិកអាមេរិក បាននិយាយថា នាវាពិឃាតUSS Stockdaleនិង នាវាដឹកប្រេងUSNS Pecosបានបើកកាត់ច្រកសមុទ្រក្នុងដំណើរឆ្លងកាត់តាមទម្លាប់។«ការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់របស់នាវានេះបង្ហាញការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហមួយ។កងទ័ពជើងទឹកអាមេរិកនឹងបន្តបើកយន្តហោះនិងនាវា ព្រមទាំងធ្វើប្រតិបត្តិការនៅទីណាដែលច្បាប់អន្តរជាតិអនុញ្ញាត»។

សូមរំលឹកថា រដ្ឋាភិបាលក្រុងប៉េកាំងបានប្រឆាំងជំទាស់បន្ទាប់ពីនាវារបស់កងទ័ពជើងទឹកអាមេរិក២គ្រឿងបើកកាត់ច្រកសមុទ្រនេះកាលពីថ្ងៃ២២តុលា ដោយចាត់ទុកវាជាការរំលោភអធិបតេយ្យភាពរបស់ខ្លួនដោយសារតែខ្លួនចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់មហាចិនដីគោក។

មន្រ្តីអាមេរិកម្នាក់បានប្រាប់សារព័ត៌មានបារាំងថា នាវាចិនបានបង្ហាញវត្តមានក្នុងអំឡុងពេលបើកឆ្លងកាត់កាលពីថ្ងៃពុធ តែអន្តរសកម្មរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ «មានសុវត្ថិភាពនិងទៅតាមវិជ្ជាជីវៈ»។

ដំណឹងអំពីវត្តមាននាវាចម្បាំងអាមេរិកនៅផ្លូវទឹកនេះកើតមានឡើងបន្ទាប់ពីប្រទេសចិនបានប្រកាសថាខ្លួនធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅច្រកសមុទ្រតៃវ៉ាន់ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងដោយសារការកើនឡើងនៃការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះរដ្ឋាភិបាលតៃវ៉ាន់៕ដោយ:វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម