ជណ្ដើរ​កាច់​មួយ​កំណាត់​នៃ​ប៉ម​អង់​តែង Eiffel Tower ក្រុងប៉ារីស លក់បាន​ថ្លៃ​ខ្ពស់​ហួសការ​ស្មាន​

1505
ចែករម្លែក

​ជណ្តើរ​កាច់​ចាស់​មួយ​កំណាត់​បាន​ពី​ប៉ម​អង់​តែ​ន​ទួ​អ៊ី​ហ្វែ​ល (Eiffel Tower) ដែលជា​ចំណុច ទាក់ទាញ​ទេសចរណ៍​ដ៏​ល្បីល្បាញ​បំផុត​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង​លក់បាន​ថ្លៃ​រហូត ដល់​ទៅ​ជាង ១៩០.០០០ ដុល្លារ​អាម៉េរិក កាលពី​ថ្ងៃ​អង្គារ ទី​២៧ ខែវិច្ឆិកា ជា​តម្លៃ​គុណ​នឹង ៣ ដង​បើ​ធៀប​ទៅ​តម្លៃ​ប៉ាន់ស្មាន​ដំបូង នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ក្រុមហ៊ុន​រៀបចំ​ការដេញថ្លៃ Artcurial​។

​អ្នកដេញថ្លៃ​អនាមិក​ដែល​មកពី​តំបន់​មជ្ឈិមបូព៌ា (​ពិភព​អារ៉ាប់​) បាន​ដេញថ្លៃ​ឈ្នះ និង​ក្លាយជា​ម្ចាស់​ជណ្តើរ​អាយុកាល ១២៩ ឆ្នាំ​ដ៏​ល្បីល្បាញ​ដែលមាន​កម្ពស់ ៤,៣ ម៉ែត្រ មាន ២៥ កាំ និង​ទម្ងន់​ប្រហែល ៩០០ គីឡូ​នេះ​។​

​កាលពីមុន កំណាត់​ជណ្តើរ​ដែល​បានមកពី​អ្នកប្រមូល​ទិញ​ឯកជន​នៅ​ប្រទេស​កាណាដា ខាងលើនេះ​ភ្ជាប់​ពីរ​ជាន់​កំពូល​នៃ​ប៉ម​ទួ​អ៊ី​ហ្វែ​ល​។ វា​ជា​ផ្នែក​មួយ​នៃ​ជណ្តើរ ២៤ កំណាត់​ដែល​ត្រូវបាន​កាត់ចេញ​នៅ​ឆ្នាំ​១៩៨៣ បន្ទាប់ពី​ជណ្តើរយន្ត​ប្រអប់​ត្រូវបាន​ដំឡើង​ជំនួស សម្រាប់​ជាន់​ទាំងពីរ​។

​កំណាត់​ជណ្ដើរ​ដែល​លក់​កាលពី​ថ្ងៃ​អង្គារ នេះ​ត្រូវបាន​ដាក់តាំង​បង្ហាញ​ជា​សាធារណៈ រយៈពេល ២០ ថ្ងៃ​នៅ​ទីធ្លា​ក្រុមហ៊ុន​រៀបចំ​ការដេញថ្លៃ​ដែល​ស្ថិតនៅតាម​បណ្តោយ ដង​មហាវិថី​ពាណិជ្ជកម្ម​ហ្ស​ង់​អា​លី​ហ្សេ (Champs-Elysees) ក្នុង​ក្រុងប៉ារីស ខាងលើ​៕ ប្រែ​សម្រួល​: ខុម​


ទីតាំងផ្សាយពាណិជ្ជកម្ម