ការនាំចេញ​អង្ករ​វៀតណាម​កើនឡើង ដោយ​ចិន​ទីផ្សារ​ធំជាងគេ​

2680
ចែករម្លែក
  • 6
    Shares

ការនាំចេញអង្កររបស់វៀតណាមត្រូវរំពឹងថានឹងកើនឡើង៥,៧ភាគរយ ដល់៦,១៥លានតោន នេះបើតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៩វិច្ឆិកា។

ក្រសួងបាននិយាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួនថា ការនាំចេញអង្កររបស់ប្រទេសនៅ១១ខែដើមឆ្នាំនេះ បានកើន៥,៦ភាគរយធៀបនឹងការនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនរហូតដល់ចំនួន៥,៧លានតោន។ចិននៅតែជាទីផ្សារអង្ករធំបំផុតរបស់វៀតណាមនៅឆ្នាំនេះ ដោយស្រូបយក២៤,១ភាគរយនៃចំនួនអង្ករនាំចេញសរុប។

ក្រសួងបានបន្ថែមថា ការនាំចេញអង្ករទៅកាន់ឥណ្ឌូនេស៊ី ហុងកុង ហ្វីលីពីននិងអ៊ីរ៉ាក់ ក៏មានកំណើនខ្លាំងក្នុងរយៈពេលនេះ។

សូមរំលឹកថា កាលពីដើមខែនេះ នាយករដ្ឋមន្រ្តីវៀតណាមបានសុំអោយចិននាំចូលផលិតផលវៀតណាមច្រើនឡើង ជាពិសេសកសិផល ដើម្បីបន្ថយឱនភាពជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្រ្តីង្វៀន សួនហ្វ៊ុក បាននិយាយនៅជំនួបធុរកិច្ចចិនមួយនៅក្រុងសៀងហៃថា «នៅពេលវៀតណាមមើលឃើញឱនភាពពាណិជ្ជកម្មដ៏ធំជាមួយចិន អ្នក(ធុរជនចិន)គួរនាំចូលផលិតផលពីវៀតណាមច្រើនឡើង ចាប់ផ្តើមពីកសិផល ដើម្បីអោយជញ្ជីងពាណិជ្ជកម្មមានតុល្យភាព។វាស្របតាមគោលនយោបាយរបស់ក្រុមមេដឹកនាំចិន ដែលតែងប្រាប់យើងថាពួកគេចង់ធ្វើអោយពាណិជ្ជកម្មរវាងចិននិងវៀតណាមមានតុល្យភាព»។

ចិនបច្ចុប្បន្នជាទីផ្សារធំបំផុតសំរាប់កសិផលវៀតណាម ដោយវៀតណាមនាំចេញកសិផល ព្រៃឈើនិងជលផលនៅឆ្នាំនេះមានចំនួនប្រមាណ៣៥ពាន់លានដុល្លារដោយកើនឡើងជិត៩ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ពាណិជ្ជកម្មរវាងចិននិងវៀតណាមបានឡើងដល់៩៣,៦៩ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយកើន៣០,២ភាគរយពីចំនួនកាលពីឆ្នាំ២០១៦។វៀតណាមទទួលបានចំណូល៣៥,៤៦ពាន់លានដុល្លារពីការនាំចេញទៅចិន និងនាំចូលទំនិញពីចិនមានចំនួន៥៨,២២ពាន់លានដុល្លារ៕ដោយ៖វាសនា

វៀតណាមរកប្រាក់បាន១,១ពាន់លានដុល្លារពីការនាំចេញអង្ករនៅ៤ខែដើមឆ្នាំនេះ

កសិករស្ទូងស្រូវនៅក្នុងស្រែមួយក្នុងខេត្តហាទីញ របស់វៀតណាម

ទីតាំងផ្សាយពាណិជ្ជកម្ម