នៅពេល​ចិន​និយាយ​អំពី​ការបើកចំហរ​ទីផ្សារ​កាន់តែ​ធំ អាមេរិក​ពិចារណា​វាយ​ពន្ធ​បន្ថែម​

2171
ចែករម្លែក

ចិននឹងបើកទីផ្សាររបស់ខ្លួនអោយកាន់តែធំឡើងសំរាប់វិនិយោគិនបរទេស និងបង្កើនការគាំពារកម្មសិទ្ធិបញ្ញា, នេះជាអ្វីដែលប្រធានាធិបតីចិនលោកស៊ី ជីនពីង បានបញ្ជាក់កាលពីថ្ងៃពុធទី២៨វិច្ឆិកានៅមុនលោកចូលរួមជំនួបកំពូលG-20នៅអាហ្សង់ទីន។

ថ្លែងនៅមុខសភាអេស្ប៉ាញក្នុងអំឡុងពេលទស្សនកិច្ច២ថ្ងៃនៅក្រុងម៉ាឌ្រីត លោកស៊ី បានមានប្រសាសន៍ថា «ចិននឹងខិតខំបើកចំហអោយកាន់តែធំឡើងទ្វាររបស់ខ្លួនចំពោះពិភពលោកខាងក្រៅ និងយើងនឹងខិតខំធ្វើអោយប្រសើរឡើងការចូលក្នុងទីផ្សារនៅក្នុងផ្នែកវិនិយោគនិងការការពារកម្មសិទ្ធិបញ្ញា»។

លោកស៊ីមិនបាននិយាយដល់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រា ដែលកាលពីថ្ងៃចន្ទបាននិយាយថាលោករំពឹង​ថានឹងបង្កើនពន្ធលើទំនិញតំលៃ២០០ពាន់លានដុល្លារដែលនាំចូលពីចិនពីអត្រា១០មក២៥ភាគរយ។

តែនៅក្នុងការប្រកាសរួមគ្នាមួយរវាងលោកស៊ីនិងនាយករដ្ឋមន្រ្តីអេស្ប៉ាញ មេដឹកនាំទាំង២បាននិយាយថាពួកគេគាំទ្រ«សេដ្ឋកិច្ចសកលបើកចំហនិងមានតុល្យភាពមួយផ្អែកលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ដោយបញ្ជាក់អះអាងសាជាថ្មីអំពីការប្រឆាំងនឹងការគាំពារនិយមនិងឯតោភាគីនិយម»។

ខណៈមេដឹកនាំចិននិយាយអំពីការបើកចំហទីផ្សារ តំណាងខាងពាណិជ្ជកម្មអាមេរិក លោក រូបឺត ឡាយធីហ្សឺ បាននិយាយនៅនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកនឹងពិនិត្យមើលជម្រើសដើម្បីដាក់ពន្ធលើរថយន្តដែលផលិតដោយចិន ទៅតាមការណែនាំរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ។

លោក រូបឺត ឡាយធីហ្សឺ បាននិយាយកាលពីថ្ងៃពុធទី២៨វិច្ឆិកាថា “ចិនដាក់ពន្ធ៤០ភាគរយលើរថយន្តរបស់អាមេ​រិកគឺប្រមាណជាមួយដងកន្លះគឺខ្ពស់ជាង២៧,៥ភាគរយនៃពន្ធដែលបច្ចុប្បន្ន សហរដ្ឋអាមេរិកអនុវត្តចំពោះរថយន្តផលិតដោយចិន។ តាមការណែនាំរបស់ប្រធានាធិបតី ខ្ញុំនឹងពិនិត្យមើលលទ្ធភាពដែលមានទាំងអស់ដើម្បីដាក់ពន្ធកម្រិតដូចគ្នាទៅនឹងពន្ធដែលត្រូវបានដាក់លើរថយន្តអាមេរិក”។

ចិននិងសហរដ្ឋអាមេរិកមានជម្លោះពាណិជ្ជកម្មខ្លាំងបន្ទាប់ពី លោក ដូណាល់ ត្រាំ បានដាក់ចេញថ្មីនូវពន្ធនាំចូលដែកថែបនិងអាលុយមីញ៉ូមកាលខែមីនា។

ភាពតានតឹងបានកើនឡើងកាលពីខែឧសភា នៅពេលដែល រដ្ឋបាលដូណាល់ ត្រាំ បានប្រកាសថាទំនិញរបស់ចិនដែលមានតម្លៃ៥០ពាន់លានដុល្លារនឹងត្រូវបង់ពន្ធ២៥ភាគរយដែលនាំឱ្យមានការសងសឹកពីរដ្ឋាភិបាលក្រុង​ប៉េ​កាំង។ ចាប់តាំងពីពេលនោះមករដ្ឋបាលដូណាល់ត្រាំ បានដាក់ពន្ធលើទំនិញចិនដែលមានតម្លៃសរុប២៥០ពាន់​លានដុល្លារ ដែលជំរុញឱ្យចិនឆ្លើយតបដោយដាក់ពន្ធទៅលើទំនិញអាមេរិកវិញ៕ដោយ:សុខា-វាសនា

ប្រធានាធិបតីចិននិងនាយករដ្ឋមន្រ្តីអេស្ប៉ាញជួបប្រជុំជាមួយគ្នាកាលពីថ្ងៃ២៨វិច្ឆិកា

ទីតាំងផ្សាយពាណិជ្ជកម្ម