ពន្លា​ជាតិ​កម្ពុជា នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​ក្នុង​ពិព័រណ៍​ពិភព​លោ​ឌុយ​បៃ​នា​ឆ្នាំ​២០២០

1713
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: ពន្លា​ជាតិ​នៃ​ប្រទេស​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ ឆ្នាំ​២០២០​ខាងមុខ នឹងត្រូវ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅមុន​បំណាច់​ឆ្នាំ​២០១៩​។ នេះ​តាម​ការអះអាង​របស់ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​អន្តរក្រសួង​សម្រាប់​ការចូលរួម​របស់​កម្ពុ​ជា នៅក្នុង​ពិព័រណ៍​អន្តរជាតិ​និង​ពិព័រណ៍​ពិភពលោក​។​

​ប្រភពពី​ក្រសួងពាណិជ្ជកម្ម នៅ​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លង​ទៅបាន​ឲ្យ​ដឹងថា ក្នុងឱកាស​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ត្រួតពិនិត្យ​សកម្មភាព​សាងសង់​នៅ​ការដ្ឋាន​ពិព័រណ៍​ពិភពលោក លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា កម្ពុជា​នឹង​សាងសង់​ពន្លា​ជាតិ​ចំនួន​ពីរ​ជាន់ ដែលមាន​លក្ខណៈ​នវានុវត្តន៍ (​គំនិត​ច្នៃប្រឌិត​ថ្មី​) តាម​រចនាបទ​ខ្មែរ ដើម្បី​បង្ហាញ​សក្តានុពល​វិស័យ​ទេសចរណ៍ និង​វប្បធម៌​ខ្មែរ ទៅដល់​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍ សំដៅ​ឆ្លើយតប​ប្រធានបទ​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ «Connecting Minds, Creating the Future»​។ លោក​បាន​លើកឡើងថា តាមរយៈ​ការសម្របសម្រួល​របស់​សហភាព​អារ៉ាប់​រួម កម្ពុជា​ទទួលបាន​ផ្ទៃដី​ជា ៤០០​ម៉ែត្រការ៉េ ដែលមាន​ទីតាំង​លេខ SA03-A ស្ថិតក្នុង​សង្កាត់ “Sustainability” នៃ​ទីក្រុង​ឌុយ​បៃ ដើម្បី​សាងសង់​ពន្លា​ជាតិ ហើយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ដែលជា​សេនាធិការ​របស់​ក្រសួង ក៏បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​រដ្ឋាភិបាល​សហ​ភាព​អារ៉ាប់​រួម ដើម្បី​ទទួលយក​ទីតាំង និង​ទំហំ​ពន្លា​ជាតិ រួចរាល់​អស់ហើយ គឺ​នៅ​រង់ចាំតែ ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​ផ្លូវការ​ប៉ុណ្ណោះ​។

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ទៀតថា កាលពី​ខែតុលា គណៈកម្មការ​រៀបចំ​ពិព័រណ៍ បាន​ឯកភាព​លើ​ខ្លឹមសារ Theme Statement របស់​កម្ពុជា ដូច្នេះ​យើង​ឈាន​មកដល់​ដំណាក់​ការ​ឌី​ហ្សា​ញ​ពន្លា​ជាតិ​។ ឥឡូវនេះ​ក្រុមការងារ​កំពុងធ្វើការ​ជាមួយ​មន្ត្រី​សហភាព​អារ៉ាប់​រួម ដើម្បី​ធ្វើឱ្យ​ឯកសារ​ឌី​ហ្សា​ញ បញ្ចប់​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៩ ដើម្បី​ដាក់​ឆ្លង​គណៈកម្មាការ​ពិព័រណ៍​ឌុយ​បៃ ធ្វើការ​ត្រួតពិនិត្យ​និង​សម្រេច​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ចេញពី​កិច្ចប្រជុំ “International Participants Meeting (IPM)” លើក​ទី​៣ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន​១៩០ បានបញ្ជាក់​ពី​ការចូលរួម នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក ឌុយ​បៃ ឆ្នាំ​២០២០ ដែល​នឹងត្រូវ​រៀបចំឡើង ចាប់ពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១​។ ក្រៅពី​កម្ពុជា មាន​ប្រទេស​ចំនួន​២៥​ទៀត ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ទទួលយក​ទីតាំង និង​ទំហំ​ពន្លា​ជាតិ​ដែរ ដូចជា បង់​ក្លា​ដេ​ស​, ឥណ្ឌូនេស៊ី​, សិង្ហ​បុរី​, ជប៉ុន​, ហៃ​ទី​, ប៉ា​លេ​ស្ទី​ន​, ប៉ូឡូញ​, សែ​ប៊ី​, ចាំ​ម៉ៃ​កា​, ដូ​មី​នី​កា​, ម៉ូ​រ៉ុ​កកូ​, សាធារណរដ្ឋ​ដូ​មី​នី​កាំ​ង​, បា​បា​ដូ​ស​, បែ​ល​លី​ហ្សេ​, ឌ្យី​ប៊ូ​ទី​, ហ្គា​បុ​ន​, ម៉ា​ល់តា​, ម៉ូ​រីតា​ន់​នៀ​, ម៉ុ​ល​ដូ​វ៉ា​, ណាំ​មី​បៀ​, សា​មូ​អា​, ហ្គី​នៀ​ប៊ី​សូ​, ហ្គា​យ​អាណា​, ស៊ូ​រី​ណា​មី​, ដូ​អង់​ទី​ហ្គ័​រ និង​បា​ប៊ូ​ដា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម