អ្នក​ប្រដាល់​ជាយដែន ចាន់ សំអាត ផ្ដល់​កាដូ​ដល់ រ៉េ ដា ១៥​ថ្នេរ​

1754
ចែករម្លែក

ទិដ្ឋភាព​ប្រកួត​ចុង​សប្ដាហ៍ (​រូប​៖ រ៉ូ​ហ្សា​)

ភ្នំពេញ​៖ លើស​ង្វៀន​ខា​រ៉ា​បាវ​របស់​អាស៊ីអាគ្នេយ៍ រសៀល​ថ្ងៃទី​៥​សីហា អ្នក​ប្រដាល់​ជាយដែន​កម្ពុជា ចាន់ សំអាត ក្លិប​អប់រំ​កាយ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រើពេល​តែត្រឹម​២​ទឹម​ប៉ុណ្ណោះ ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ រ៉េ ដា រងរបួស ២​កន្លែង​រហូត ដល់​ទៅ​១៥​ថ្នេរ​។​

​នេះ​ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដា​ល់វ័យ​ចំណាស់​ថៃ​រូបនេះ រងរបួស​ធ្ងន់ធ្ងរ​នៅក្នុង​ការប្រកួត​នៅ​ស្រុក​ខ្មែរ ហើយក៏​ជា​លើកដំបូង​ដែរ ដែល​គេ​ត្រូវ​ពេទ្យ​បញ្ឈប់​ដោយសារតែ​របួស​២​កន្លែង​លើ​ថ្ងាស និង​ប្រជុំ​ចិញ្ចើម​ធ្ងន់ធ្ងរ​បែបនេះ​។​

​ដោយឡែក​អ្នក​ប្រដាល់​កម្ពុជា ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ បាន​សងសឹក​យកឈ្នះ​អ្នក​ប្រដាល់​ថៃ ស៊ី​ង ភូ​ថុ​ន (Sing Phuothon) ដោយ​ពិន្ទុ​បានសម្រេច​វិញ​។​

​គួរ​បញ្ជាក់ថា បូរ៉ា ធ្លាប់​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ​រូបនេះ​ដោយ​ពិន្ទុ​ម្ដង​ហើយ​។ ក្នុងការ​ប្រកួត​សងសឹក​លើក​នេះ បូរ៉ា ហាក់ដូចជា​ត្រៀមខ្លួន​បានល្អ តែ​ទោះជា​យ៉ាងណា​ក៏​គេ​បានទទួល​ជ័យជំនះ ទាំង​ប្រផិតប្រផើយ​ប៉ុណ្ណោះ​។​

+​ផាន ផាត់​យុទ្ធ បំបាក់​កំពែង ខ្មៅ​
​អ្នក​ប្រដាល់ ផាន ផាត់​យុទ្ធ ក្លិប​សាល​វ័​ន្ដ​កីឡា បាន​បង្ក្រាប​អ្នក​ប្រដាល់ កំពែង ខ្មៅ សមាគម​ប្រដាល់​ក្រសួងកសិកម្ម​លើស​ង្វៀន​ប៉ុស្តិ៍​លេខ​៥ នា​យប់​ថ្ងៃទី​៥​សីហា​។​

​កំពែង ខ្មៅ ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​នៅ​ទឹក​ទី​៤​។ ជាមួយគ្នានេះ គេ​សង្កេតឃើញថា ក្នុងចំណោម​ចៅក្រម​ទាំង​៥ សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ​ផាត់​យុទ្ធ​ឈ្នះ​ទាំងអស់គ្នា​។​

​សៅ ប៊ុនធឿន ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ចាញ់ គួ​ន សុវណ្ណ ក្លិប​សុភា​នូ​មានជ័យ ដោយ​ពិន្ទុ​ដាច់​។ ក្នុងចំណោម​ចៅក្រម​ទាំង​៥​រូប មានតែ​មួយរូប​ប៉ុណ្ណោះ ដែល​ផ្ដល់​ពិន្ទុ​ឲ្យ ប៊ុនធឿន ឈ្នះ​ចំពោះ​៤​រូប​ទៀត សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ​សុវណ្ណ​ឈ្នះ​។ ពុទ្ធ ភា​រិ​ទ្ធ ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ ប្រកួត​ចាញ់ លន បញ្ញា ក្លិប​កងយោធពល​ខេមរភូមិន្ទ ដោយ​ពិន្ទុ​ក្នុង ខណៈដែល សួរ ចាន់​រាជ ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវ​ធៀន ស៊ី​ណេ​ត ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ វាយ​ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣​។​

+​គង់ ហ៊ូ​វ និង ព្រំ សំណាង​ឈ្នះ​ដូចគ្នា​
​ការប្រកួត​ប្រដាល់​លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក​របស់​អាស៊ីអាគ្នេយ៍ យប់​ថ្ងៃទី​៥​សីហា អ្នក​ប្រដាល់​ងៃ កង ចក្រ (Kang Chak) ប្រកួត​សងសឹក​ជាមួយ ព្រំ សំណាង ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ មិនបាន​សម្រេច​ឡើយ​។ កង ចក្រ ប្រកួត​ចាញ់​ពិន្ទុ​សំណាង​ម្ដងទៀត​។​

​ចំពោះ គង់ ហ៊ូ​វ មកពី​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ឈ្នះ​ពិន្ទុ​អ្នក​ប្រដាល់​ថៃ កង សា​យ៉ា​ម (Kong Sayam) បន្ទាប់ពី​ប្រកួត​គ្នា ៥​ទឹក​នោះ​។​

+ វេ​ង សុភ័ក្ត្រ ប្រកួត​បាន​ត្រឹម​ស្មើ​ជាមួយ ផាត ងិន​ថង​
​ជំនួប​លើស​ង្វៀន​អា​ឡិច​ហ្ស​ង់ រវាង​អ្នក​ប្រដាល់​កម្ពុជា វេ​ង សុភ័ក្ត្រ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ជាមួយ​អ្នក​ប្រដាល់​ថៃ ផាត ងិន​ថង (Phat Ngenthong) នា​ព្រឹក​ថ្ងៃទី​៦​សីហា លទ្ធផល​ស្មើគ្នា​ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា ៥​ទឹក​ពេញ​មក​នោះ​។​

+​រឿង សោ​ភ័​ណ្ឌ ស៊ី​ឡាក ឯ សូត្រ ប៊ុន​ធី​ឈ្នះ​ទឹក ២
​លើស​ង្វៀន​បាលី​ប្លេ​ក​របស់​អាស៊ីអាគ្នេយ៍ រសៀល​ថ្ងៃទី​៦​សីហា អ្នក​ប្រដាល់ សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ប្រើ​កែង​ផ្ដួល​អ្នក​ប្រដាល់​ថៃ ផាត ផា​យ៉ាក (Phat Phayak) ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២​។​

​ចំពោះ រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍ បាន​ស៊ី​ឡាក​ដោយ​ធ្វើ​ពុត​ជា​សន្លប់​នៅ​ទឹក​ទី​៣ បន្ទាប់ពី​គេ​ប្រកួត​ចាញ់​ប្រៀប​អ្នក​ប្រដាល់​ថៃ ឃុន ផែន (Khun Phen) ហើយ​ត្រូវ ឃុន ផែន វាយ​មួយ​កែង​ចំ​កញ្ចឹងក​ពីក្រោយ​នោះ​។ តាមពិត​វ៉ៃ​គេ​ពីក្រោយ​មាន​កំហុស​មែន តែមួយ​កែង​នោះ​មិន​ធ្ងន់​ឡើយ​៕ ដោយ​៖ រ៉ូ​ហ្សា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ