ឆ្នាំ​២០១៨​ជនពិការ​ក្រីក្រ​ជាង​១​ម៉ឺន​នាក់ បានធ្វើ​អត្តសញ្ញាណ​ទទួល​របប​គោលនយោបាយ​

1534
ចែករម្លែក
  • 429
    Shares

​ដោយៈ មេសា​/​ភ្នំពេញៈ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ លោក យៀប ម៉ាលី​ណូ បានឱ្យដឹង​អំពី​ចំនួន​ជនពិការ​ក្រីក្រ​ដែល​ត្រូវបាន​កំណត់​អត្តសញ្ញាណ​សម្រាប់​ទទួល​របប​គោ​នយោបាយ​ថា  ឆ្នាំ ២០១៨ នេះ ជនពិការ​ក្រីក្រ​ចំនួន ១០.៣៥៣ ( មួយ​ម៉ឺន បី​រយ​ហាសិប​បី ) នាក់ រស់នៅក្នុង​ឃុំ​ចំនួន ១៦៦ ឃុំ / សង្កាត់ នៃ ២៣ ក្រុង​/​ស្រុក​/​ខណ្ឌ ក្នុង​ខេត្ត​ចំនួន ៧ ត្រូវបានធ្វើ​អត្តសញ្ញាណ​សម្រាប់​ទទួល​របប​គោលនយោបាយ​ពី​រាជរដ្ឋាភិបាល ក្នុងនោះ​មាន​ជនពិការ​ក​ម្រឹត​ធ្ងន់​បំផុត​ចំនួន ២.៥១៥ នាក់ , ជនពិការ​ក​ម្រឹត​ធ្ងន់​ចំនួន ៤. ៣២០ នាក់ , មធ្យម ៣. ៥០៨ នាក់ និង ស្រាល​ចំនួន ១០ នាក់ ក្នុងនោះ​ស្រី​ចំនួន ៥១០៩ នាក់ ស្មើ​៤៩.៣ ភាគរយ ។ នៅ​ឆ្នាំ ២០១៩ ការងារ​កំណត់​អត្តសញ្ញាណ​ជនពិការ​ក្រីក្រ​ដើម្បី​ទទួល​របប​គោលនយោបាយ​នេះ នឹង​បន្ត​នៅ ៥ ខេត្ត គោលដៅ​ផ្សេងទៀត គឺ​ខេត្ត តាកែវ ខេត្ត កំពត ខេត្ត កំពង់​ឆ្នាំ ខេត្ត បន្ទាយមានជ័យ និង ខេត្ត ឧ​ត្ត​រ​មានជ័យ ។ ដូច្នេះ ជនពិការ​ក្រីក្រ​នៅ​សហគមន៍​បន្ត​សង្ឃឹម​បន្ថែមទៀត​ពី​សំណាក់​រាជរដ្ឋាភិបាល  ។​

ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ លោក យៀប ម៉ាលី​ណូ

​លោក យៀប ម៉ាលី​ណូ ថ្លែង​ប្រកបដោយ​មោទនភាព និង សុទិដ្ឋិនិយម​បែបនេះ នៅក្នុង​ពិធី​បិទ​សិក្ខាសាលា​បូកសរុប​ការងារ​អនុវត្ត​របប​គោលនយោបាយ​ចំពោះ​ជនពិការ​ក្រីក្រ និង រៀបចំ​បណ្តាញ​ថ្នាក់ជាតិ​លើ​ការងារ​ស្តារ​លទ្ធភាព​ពលកម្ម​នៅតាម​សហគមន៍ រៀបចំ​នៅឯ​ភោជនីយដ្ឋាន អង្គរ​ម៉ុង​ឌី​យ៉ា​ល់ ខេត្ត សៀមរាប នា​ព្រឹក​ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ​២០១៨ ។​

​សូមជម្រាបថា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​ឧ​ត្ថ​ម្ភ​ដល់​ជនពិការ​ក្រីក្រ គឺ ចំពោះ​ជនពិការ​ក​ម្រឹត​ធ្ងន់​បំផុត ក្នុង ១ ឆ្នាំ ទទួលបាន​ការឧបត្ថម្ភ ១២ ខែ ក្នុង ១ ខែ ២ ម៉ឺន​រៀល ។ ចំណែក​ជនពិការ​ក​ម្រឹត​មធ្យម និង ក​ម្រឹត​ស្រាល ក្នុង ១ ឆ្នាំ ទទួលបាន​ការឧបត្ថម្ភ ៦ ខែ ក្នុង ១ ម្នាក់ ២ ម៉ឺន​រៀល​ដូចគ្នា ។


​គប្បី​រំឭកថា ការងារ​កំណត់​អត្តសញ្ញាណ​ជនពិការ​ក្រីក្រ​ដើម្បី​ទទួលបាន​របប​គោលនយោបាយ នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានចាប់ផ្តើម​ពី​តាំង​ឆ្នាំ ២០១៣ មកម្ល៉េះ ហើយ​បាន​ផលិត និង កែសម្រួល​សាលា​កប​ត្រ ចំនួន ៣ លើក​មកហើយ គឺ​លើក​ទី ១ នៅពេលដែល​គម្រោង​អនុវត្ត​សាកល្បង ៣ ខេត្ត​គឺ ខេត្ត តាកែវ កណ្តាល និង កំពង់ស្ពឺ ប៉ុន្តែ​មិនអាច​អនុវត្តបាន ក៏បាន​ផ្លាស់​ទិសដៅ​ទៅ​ខេត្ត ប៉ៃលិន ជា​ខេត្ត​ដែល​ជនពិការ ចំនួន ១.៤០៤ នាក់ ក្នុងចំណោម​នោះ​ជនពិការ​ក្រីក្រ​ទទួលបាន​របប ២៣២ នាក់ តែប៉ុណ្ណោះ ។

​លើក​ទី ២ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា​បាន​ណែនាំ​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ នៅក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០១៦ ក្រុមការងារ​ថ្នាក់ជាតិ បាន​កែសម្រួល និង ទទួលបាន​លទ្ធផល​ឆ្នាំ ២០១៦ កន្លងទៅនេះ បានផ្តល់​ប័ណ្ណ​សង្គមកិច្ច ជូន​ជនពិការ​បាន​ចំនួន ២១៨ នាក់ នៅ​ខេត្ត ប៉ៃលិន និង បានចេញ​ប្រកាស​ទទួល​ស្គាល់ ជនពិការ ដើម្បី ទទួលបាន​របប​នេះ​ចំនួន ២.៩០១ នាក់ ក្នុងនោះ​នៅ​ស្រុក​ពញាក្រែក ខេត្ត ត្បូងឃ្មុំ ចំនួន ១.២៣៦ នាក់ , ស្រុក កំចាយមារ ខេត្ត ព្រៃវែង ចំនួន ៣៥១ នាក់ , ស្រុក​រមាសហែក និង ខេត្ត ស្វាយរៀង ចំនួន ១.៣១៤ នាក់ ។​

​នៅ​ឆ្នាំ​២០១៧ កន្លងទៅនេះ បានផ្តល់​របប​គោលនយោបាយ​ចំពោះ​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍​ចំនួន ៦.៦៥៧ នាក់ ក្នុង​ខេត្ត ត្បូងឃ្មុំ ១.៩៤៩ នាក់ ខេត្ត ព្រៃវែង ១.៤៤៩ នាក់ ខេត្ត ស្វាយរៀង ១.៣១៤ នាក់ ខេត្ត ប៉ៃលិន ១.៣១២ នាក់ ខេត្ត កំពង់ចាម ៦៣៣ នាក់ ព្រមទាំង​បាន​ផលិត​បណ្ណ​សង្គមកិច្ច​ហើយ​បាន​ផ្ទេរ​សាច់ប្រាក់​តាមរយៈ​ធនាគា​អេស៊ីលីដា ទៅ​ខេត្ត ទាំង ៣ ខាងលើ និង​បានរៀបចំ​ពិធី​ចែក​នាពេល​កន្លងមក​។​

​ ​តាមរយៈ​សិក្ខាសាលា​ខាងលើនេះ នាយកដ្ឋាន​សុខុមាលភាព​ជនពិការ បានដាក់​ចេញ​នូវ​ទិសដៅ​ការងារ​សំខាន់ៗ​ចំនួន ៦ ចំណុច​សម្រាប់​អនុវត្ត​នៅ​ឆ្នាំ ២០១៩ ខាងមុខនេះ​គឺ​៖

​ ​១. បន្ត​សហការ​ជាមួយនឹង​គណៈកម្មការ​គ្រប់គ្រង​របប​គោលនយោបាយ ចំពោះ​ជនពិការ​នៃ​ខេត្ត​គោលដៅ​ក្នុងការ​ប​ន្លឿ​ន​ការ​ធ្ចើ​បច្ចុប្បន្នភាព​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍​ខេត្ត​គោលដៅ​ទាំង ១២ ខាងលើ​ឲ្យ​បាន​មុន​ខែកុម្ភៈ​ខាង​មុននេះ​។

​ ​២.​បន្ត​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ និង​វគ្គ​បណ្តុះបណ្តាល​ដល់​គណៈ​កម្ម​ការគ្រប់គ្រង​រប​ប​គោលនយោបាយ ចំពោះ​ជនពិការ​នៃ​ខេត្ត សាកល្បង​ខេត្ត​ដទៃទៀត​ជាពិសេស ខេត្ត​ដែល​ស្នើសុំ​អនុវត្ត​ការងារ​នេះ ដើម្បី ឲ្យ​ជនពិការ​ក្រីក្រ​រស់នៅ​ខេត្ត​ទាំងនោះ​ទទួលបាន​របប​ដូច​ជនពិការ​នៅក្នុង​ខេត្ត​នានា​ដូចដែល​បានលើកឡើង​ខាងលើ ។

​ ​៣. នាយកដ្ឋាន​សុខុមាលភាព​ជនពិការ នៃ ក្រសួង​សង្គមកិច្ច នឹង ពិភាក្សា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បី ជំរុញ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា ក្នុងការ​រៀបចំ​កិច្ចព្រមព្រៀង​រវាង​ក្រសួង​សង្គមកិច្ច ជាមួយ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ ក្នុង​ការបើក​គណនី​ជូន​ជនពិការ​។

​ ​៤.​បន្ត​សហការ​ជាមួយ​ក្រសួងផែនការ​លើ​ការ​បន្ស៊ី​ផែនការ​សកម្មភាព​ក្នុងការ​ស្នើសុំ​ចុះបញ្ជី​គ្រួសារ​ជនពិការ​ក្រីក្រ​ដែល​ក្រុមការងារ​ថ្នាក់ឃុំ​បាន​វាយតម្លៃ​ឃើញថា​ស្ថិតក្នុង​លក្ខណៈវិនិច្ឆ័យ​ឬ​ទទួល​ចំណាត់ថ្នាក់​ភាពក្រីក្រ​ពិតប្រាកដ​។

​ ​៥.​បន្ត​សហការ​ជាមួយ​ក្រសួងសុខាភិបាល ក្នុងការ​កែសម្រួល​ប្រកាស​អន្តរក្រសួង លេខ​២៤៩២ ស្តីពី​លក្ខណៈវិនិច្ឆ័យ​ប្រភេទ និង ក​ម្រឹត​ពិការភាព ។

​ ​៦.​បន្ត​សហការ​ជាមួយ​នាយកដ្ឋាន​កិច្ចការរដ្ឋបាល ក្រុង ស្រុក ឃុំ​សង្កាត់ នៃ​ក្រសួងមហាផ្ទៃ លើ​ការងារ​កំណត់​អត្តសញ្ញាណ​កម្ម​ជនពិការ​ក្រីក្រ​ថ្នាក់ឃុំ សង្កាត់ ៕ Kh

ទីតាំងផ្សាយពាណិជ្ជកម្ម