ចិន​បញ្ជា​ឱ្យ​ផ្អាក​ការស្រាវជ្រាវ​អំពី​ការកែ​ហ្សែ​ន​របស់​មនុស្ស បន្ទាប់ពី​ផ្ទុះ​ច​លា​ច​ល​

1258
ចែករម្លែក
  • 37
    Shares

​អាជ្ញាធរ​ចិន​បាន​បញ្ជា​ឱ្យ​ផ្អាក​សកម្មភាព​ស្រាវជ្រាវ​របស់​ក្រុម​អ្នកស្រាវជ្រាវ ដែល​ពាក់ព័ន្ធ​នឹង​ការកែ​ហ្សែ​ន​មនុស្ស​ដ៏​ចម្រូងចម្រាស់ ដោយ​ហៅ​ការស្រាវជ្រាវ​បែបនេះ​ថា​ខុសច្បាប់​និង​គ្មាន​សីលធម៌​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​វិច្ឆិកា​។​

​លោក ស៊ូ ណាន​ពីង អនុរដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួ​ថា ក្រសួង​របស់លោក​ជំទាស់​ដាច់ខាត​ចំពោះ​ការស្រាវជ្រាវ “​ដ៏​គួរឱ្យ​រន្ធត់​និង​មិនអាច​ទទួលយកបាន​នេះ​” និង​បញ្ជា​ឱ្យ​ផ្អាក​ការស្រាវជ្រាវ​ភ្លាម​។​

​ចំណាត់ការ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​ហឺ ចៀន​គុយ សាស្ត្រាចារ្យ​ជីវវិទ្យា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​ភាគខាងត្បូង​នៅក្នុង​ទីក្រុង​សិន​ចិន បាន​អះអាងថា លោក​បាន​បង្កើត​ទារក​កែ​ហ្សែ​ន​ដំបូងបង្អស់​របស់​ពិភពលោក ដោយ​បង្កឱ្យមាន​ការតវ៉ា​ជា​អន្តរជាតិ​។​

​លោក​ស៊ូ ត្រូវបាន​ដកស្រង់​សម្តី​សង្ខេប​យ៉ាង​ដូច្នេះ​ថា នីតិវិធី​សាកល្បង​កែ​ហ្សែ​ន​ទៅលើ​អំប្រ៊ីយ៉ុង​របស់​មនុស្ស​ស​ម្រា​ប់​គោលបំណង​នៃ​ការបន្ត​ពូជ​បាន “​រំលោភបំពាន​ច្បាប់​និង​បទបញ្ជា​របស់​ប្រទេស​ចិន​” និង “​រំលោភបំពាន​” នូវ​ក្រមសីលធម៌​នៃ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​។​

​លោក​ហឺ ចៀន​គុយ​បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​វិច្ឆិកា​នៅក្នុង​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​លើក​ទី ២ ស្តីពី​ការកែ​ហ្សែ​ន​របស់​មនុស្ស​នៅ​ទីក្រុង​ហុងកុង ថា​បាន​ផ្លាស់ប្តូរ DNA របស់​ក្មេងស្រី​ភ្លោះ ដែល​បានកើត​កាលពី​ពីរ​បី​សប្តាហ៍​មុន ដើម្បី​ផ្តល់​ភាពស៊ាំ​ប្រឆាំងនឹង​ការឆ្លង​មេរោគ​ហ៊ី​វ​ពេញ​មួយជីវិត​។​

​ការអះអាង​របស់គាត់​នៅ​មិនទាន់​បានបញ្ជាក់​ជា​ឯករាជ្យ​នៅឡើយ​ទេ ប៉ុន្តែ​ឧបទ្ទវ​ហេតុនេះ​បាន​បង្កឱ្យមាន​ការជជែក​ដេញដោល​គ្នា​យ៉ាង​ក្តៅគគុក​នៅក្នុង​សហគមន៍​វិទ្យាសាស្ត្រ ជាមួយ​អ្នកឯកទេស​ខាង​ហ្សែ​ន​រាប់រយ​នាក់​មកពី​ជុំវិញ​ពិភពលោក​បាន​ពណ៌​នាវា​ថា​ជា “​ការបង្ក​ភាពវឹកវរ​ខ្លាំង​” និង “​គ្មាន​ការទទួលខុសត្រូវ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ហឺ ចៀន​គុយ សាស្ត្រាចារ្យ​ជីវវិទ្យា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​ភាគខាងត្បូង​នៅក្នុង​ទីក្រុង​សិន​ចិន

ទីតាំងផ្សាយពាណិជ្ជកម្ម