ប្រវឹក​រស់​ចំនួន​៥២៨​ក្បាលបម្រុង​ឆ្លងដែន​​ត្រូវ​សមត្ថកិច្ច​ចាប់​បាន

818
ចែករម្លែក
  • 2
    Shares

ដោយ:វ៉ៃកូ/ស្វាយរៀង​ ៖ ​ឈ្មួញ​ស្រី​ប្រុស​០២​នាក់​ដឹក​សត្វ​ប្រវឹក​ចំនួន​២៤​ជាល​ស្មើ​៥២៨​ក្បាល ​បម្រុង​ឆ្លងដែន​​ទៅ​ប្រទេស​វៀតណាម​ត្រូវ​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ​ចល័័ត​ នៃ​រដ្ឋបាល​ព្រៃឈើ ​(​អង្គការ​វ៉ា​យ​អេ​ត​)​ បង្ក្រាប​ចាប់​ឃាត់ខ្លួន​និង​ដកហូត​វត្ថុតាង​មាន​សត្វ​ប្រវឹក​៥២៨​ក្បាល​ រថយន្ត​ម៉ាក​សាំ​យ៉ុង​មួយគ្រឿង​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​កំពង់ចាម​2A4954​ និង​ធ្វើការ​ផាកពិន័យ​ជា​ប្រាក់​ជិត​៤​ពាន់​ដុល្លារ ​ថ្នូរ​ដោះលែង​ជនល្មើស​ឲ្យ​មាន​សេរីភាព​វិញ ​ដើម្បី​បញ្ចប់រឿង​នាំ​វែងឆ្ងាយ​។​

​បើតាម​ប្រភពពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្វាយរៀង​បាន​បង្ហើប​ឲ្យ​ក្រុម​អ្នក​សារ​ព័​ត៍​មាន​ដឹងថា​ ការបង្ក្រាប​បទល្មើស​សត្វ​ព្រៃ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច ​ថ្ងៃទី​២៨ ​វិច្ឆិកា​២០១៨​ នៅត្រង់ចំណុច​ភូមិ​ស្នាយ​គ្រាង​ឃុំ​ធ្លក​ស្រុក​ស្វាយជ្រំ ​ខេត្តស្វាយរៀង ​ខណៈ​ជនល្មើស​បម្រុង​ដឹក​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​។​

​ប្រភព​ដ​ដែល​បន្តទៀតថា ដោយមាន​ការសង្ស័យថា​មាន​រថយន្ត​១​គ្រឿង​ម៉ាក​សាំ​យ៉ុង​ដឹក​សត្វព្រៃ​មកពី​ខេត្តកំពង់ចាម​ ចូលមក​ខេត្តស្វាយរៀង​តាមផ្លូវ​ជាតិ​លេខ​៣១៥ ក្រុម​សមត្ថកិច្ច​ចម្រុះ​នៃ​អង្គការ​វ៉ា​យ​អេ​ដ​ដែលជា​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ​ចល័័ត ​នៃ​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មន្ត្រី​ខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្វាយរៀង​ និង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​ចុះបង្ក្រាប​ចាប់​ឃាត់​រថយន្ត​បទល្មើស​ខាងលើ​រួមទាំង​វត្ថុតាង​សត្វព្រៃ គឺ​សត្វ​ប្រវឹក​ចំនួន​២៤​ជាល​ស្មើ​៥២៨​ក្បាល​នៅត្រង់​ចំណុច​ភូមិ​ស្នាយ​គ្រាង​ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​០២​នាក់ ​ស្រី​ម្នាក់​ បញ្ជូន​មកកាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្វាយរៀង​ដើម្បី​ធ្វើការ​សាកសួរ​។​

ក្រោយពី​ធ្វើការ​សាកសួរ​រួច​នៅវេលា​ម៉​ង​៩​និង​០០​នាទី​ព្រឹក​ ថ្ងៃទី​២៩ ​ខែ​វិច្ចិកា ​ដោយ​ពិនិត្យឃើញថា​សត្វ​ប្រវឹក​ទាំង​៥២៨​ក្បាលមាន​សុខភាព​មិនសូវ​ល្អ ក៏បាន​សម្រេច​បញ្ជូន​ស​ត្វ​ប្រវឹក​ទាំង​៥២៨​ក្បាល​ទៅកាន់​សួនសត្វ​ភ្នំ​តា​ម៉ៅ ដើម្បី​សង្គ្រោះ​។​

បើតាម​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២៩ ​វិច្ឆិកា ក្រុមចម្រុះ​បង់​ផាកពិន័យ​សត្វ​ប្រវឹក​១​ក្បាល​តម្លៃ​១០​ដុល្លារ​ គុណនឹងចំនួន៥២៨​ក្បាល​ស្មើ​៥២៨០​ដុល្លារ ​ដោយ​ឈ្មួញ​គ្មាន​ប្រាក់​បង់​ក៏​នៅ​តវ៉ា សុំ​បញ្ចុះតម្លៃ​១​ក្បាល​នៅត្រឹម​៨​ដុល្លារ​គុណនឹង៥២៨​ក្បាល​ស្មើ​៤២២៤​ដុល្លារ​ឈ្មួញ​នៅតែ​មិន​ព្រម​បង់​ផាកពិន័យ ​ក៏​ធ្វើ​របាយការណ៍​បញ្ជូនទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ចុងក្រោយ​ឈ្មួញ​បាន​សុំ​អង្វរ​បង់​ផាកពិន័យ​១​ក្បាល​៦​ដុល្លារ​គុណនឹង៥២៨​ក្បាល​ស្មើ​៣,១៦៨​ដុល្លារ ​ទើប​រួច​ផុតពី​ការចោទប្រកាន់​ ហើយ​ដោះលែង​ឈ្មួញ​ទាំង​២​នាក់​ឲ្យ​មាន​សេរីភាព​វិញ​នៅវេលា​ម៉ោង​៥​និង​៣៩​នាទី​ល្ងាច​ថ្ងៃទី​២៩​វិច្ឆិកា​២០១៨​។​ ចំពោះ​សត្វ​ប្រវឹក​៥២៨​ក្បាល​ដកហូត​យកទៅ​លែង​នៅ​រមណីយដ្ឋាន​សត្វព្រៃ​ភ្នំ​តា​ម៉ៅ។ រីឯ​រថយន្ត​ត្រូវ​ដកហូត​ទុក​រយៈពេល​មួយខែ ​ទើប​ឲ្យ​ម្ចាស់​រថយន្ត​ធ្វើ​សំណើសុំ​យកទៅ​ប្រើប្រាស់​វិញ​បាន​។​

​ទាក់ទិន​ករណី​ឈ្មួញ​ដឹក​សត្វព្រៃ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​នេះ​នាពេល​កន្លងមក ប្រជាពលរដ្ឋ​ធ្លាប់បាន​បង្ហើប​ឲ្យ​ដឹងថា មាន​ឈ្មួញ​រកស៊ី​សត្វព្រៃ​គ្រប់​ប្រភេទ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ស្ទើរ​រាល់ថ្ងៃ គឺ​ដឹក​ចេញ​តាម​រថយន្ត មាន​សត្វ​ស្លាប សត្វ​ស្វា សត្វ​ពស់ អណ្តើក និង​ត្រកួត​ជាដើម​ក៏ប៉ុន្តែ​យូៗ​ទើប​ចាប់បាន​ម្តង​ដោយ​ខេត្តស្វាយរៀង​មាន​ច្រករបៀង​ច្រើន​ពិបាក​ក្នុងការ​បង្ក្រាប រឺ​អាច​សង្ស័យ​មកពី​ការចរចាតម្លៃ​ធ្វើ​ប៉ាស្ព័រ​និង​វី​សា​ចេញ​ក្រៅប្រទេស​មិនត្រូវ​គ្នា​ផង​ក៏​ថា​បាន​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម