ម្ចាស់ផ្ទះ​ហៅភ្ញៀវ​មក​ពិធី​ឡើង​គេហដ្ឋាន​ថ្មី ទាស់​ពាក្យសម្តី វាយ​ភ្ញៀវ​បែកក្បាល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​

681
ចែករម្លែក

​ដោយ:​ពស​/​ពោធិ៍សាត់ ៖ ជនសង្ស័យ​ឈ្មោះ ប៊ុន សុជាតិ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ម្ចាស់​គេហដ្ឋាន​ថ្មី មាន​មុខរបរ​ជាជាង​សិប្បកម្ម ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ពីបទ​ហឹ​ង្សា​ដោយ​ចេតនា ទៅលើ ភ្ញៀវ​ដែល​មក​ចូលរួម​ពិធី​ឡើង គេហដ្ឋាន​ថ្មី​របស់ខ្លួន ករណីនេះ​កើតឡើង​នៅ​ភូមិ​កណ្តាល ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ កាលពី​វេលា​ម៉ោង​២១​និង​២៩​នាទី ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនសង្ស័យ​ជា ម្ចាស់ផ្ទះ បាន​អញ្ជើញ​ភ្ញៀវ​មក​ចូលរួម​ពិធី​ឡើង​គេហដ្ឋាន​ថ្មី របស់ខ្លួន​ដែល​ទើបនឹង​សាងសង់​រួចរាល់ ហើយ​ក្នុងចំណោម​ភ្ញៀវ​ទាំងអស់ ក៏មាន​លោក ហាក់ សឿង ជា​ជនរងគ្រោះ ដែល​ត្រូវបាន​ម្ចាស់ផ្ទះ យក​កែវ​វាយ​ចំក្បាល បណ្តាល​ឲ្យ​បែកក្បាល​ប្រវែង ប្រហែល​៧​ស​.​ម ក្រោយពេល​កើតហេតុ ក៏មាន​ការអន្តរាគមន៍​ពី​ភ្ញៀវកិត្តិយស​ចូលរួម និង​សមត្ថកិច្ច ។​

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​សោម បានបញ្ជាក់​ដឹងថា ហេតុដែល​បង្ក​ឲ្យ​មាន ករណីនេះ​កើតឡើង​គឺ​បណ្តាលមកពី​ទំនាស់​ពាក្យសម្តី ទើប​បណ្តាល​ឲ្យ​ជនសង្ស័យ​ឈ្មោះ ប៊ុន សុជាតិ ជា​ម្ចាស់ផ្ទះ វាយ​ទៅលើ​ជនរងគ្រោះ​ឲ្យ​រងរបួស​បែបនេះ ។

សមត្ថកិច្ច​បាន​បន្តថា បច្ចុប្បន្ន ជនរងគ្រោះ​ឈ្មោះ ហាក់ សឿង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​កើតហេតុ​ខាងលើ ត្រូវបាន បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ឯកជន​ឃុំ​អូរ​សោម ចំណែកឯ​ជនសង្ស័យ​ជា​ម្ចាស់ផ្ទះ​ត្រូវ បាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ប៉ុស្តិ៍​អូរ​សោម កសាង​សំណុំរឿង បញ្ជូន​មកកាន់​អធិការដ្ឋាន នគរបាល​ស្រុក​វាលវែង ដើម្បី​ចាត់ការ​បន្ត ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម