ភូមិ​ធម្មជាតិ​រុន​តា​ឯក​បានទទួល​ពានរង្វាន់​សហគមន៍​ទេសចរណ៍​គំរូ​

938
ចែករម្លែក
  • 7
    Shares

​ដោយ:​គូលែន​/​សៀមរាប​ ៖ ​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឯកឧត្តម ម៉ី ម៉ា​រ៉ា​ឌី ប្រធាន​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ទទួល​ពានរង្វាន់ «​សហគមន៍​ទេសចរណ៍​គំរូ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​» ដែលជា​ពានរង្វាន់​ថ្មី រៀបចំឡើង​ដោយ​ក្រសួង​ទេ​ចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ការ​ប្រគល់ជូន​ពានរង្វាន់​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​បូកសរុប «​ការប្រឡងប្រណាំង​រម​ណី​យ​ដ្ឋា​ន​ទេសចរណ៍​គំរូ​លើក​ទី​២» និង «​ការប្រឡងប្រណាំង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​គំរូ​លើក​ទី​១» ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ទទួលបន្ទុក​ក្រសួងទេសចរណ៍​។

លោក ម៉ី ម៉ា​រ៉ា​ឌី បានឱ្យដឹងថា «​កម្មវិធី​ប្រកួតប្រជែង​នេះ ធ្វើឡើង​ដើម្បី​បង្កើត​ស្តង់ដារ​សហគមន៍​ទេសចរណ៍​កម្ពុជា ដោយ​ផ្អែកលើ​គោលបំណង​បួន​សំខាន់​គឺ​​ ៖
១. តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍​កម្ពុជា​។​
២. ពង្រឹង​ការគ្រប់គ្រង​សហគមន៍​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព គុណភាព ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​។​
៣. ជំរុញ​និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​សហគមន៍​មូលដ្ឋាន​។​
៤. ពង្រឹង​និង​ពង្រីក​ការជឿទុកចិត្ត​ទៅលើ​សហគមន៍​ទេសចរណ៍​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

លោ​កក​ក៏បាន​បញ្ជាក់​ពី​ដំណើរការ​មុននឹង​ទទួលបាន​ពានរង្វាន់​នេះដែរ គឺ​ក្រុមការងារ​ដឹកនាំ​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាត​រុន​តា​ឯក បានទទួល​ដំណឹង​អំពី​ការប្រកួតប្រជែង​នេះ និង​ដោយ​ពិនិត្យឃើញ​កត្តា​សមស្រប​របស់​ភូមិ​ធម្មជាតិ​រុន​តា​ឯក​នោះ ក្រុមការងារ​ក៏បាន​ដាក់ពាក្យ​ទៅ​ក្រសួងទេសចរណ៍​ដើម្បី​ចូលរួម​។ ក្រោយ​មានការ​ត្រួតពិនិត្យ​បច្ចេកទេស​រួចមក មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ចុះមក​ធ្វើការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ជំហាន​​ដំបូង​។​

បន្ទាប់មក ភូមិ​ធម្មជាតិ​រុន​តា​ឯក​ក៏បាន​ទទួល​ការ​ចុះមក​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​តំណាង​ក្រសួងទេសចរណ៍​ដោយផ្ទាល់​។ ការវាយតម្លៃ​នោះ​ឃើញថា ភូមិ​ធម្មជាតិ​រុន​តា​ឯក ពិត​ជាមាន​បរិស្ថាន​ល្អ ស្អាត អនាម័យ​ខ្ពស់ មាន​ផ្ទះ​ស្នាក់ មាន​អាហារ​ដ្ឋា​ន សៀវភៅ​មុខម្ហូប​ពុំមាន​ប្រភេទ​គ្រឿង​ស្រវឹង និង​បារី ថែមទាំង​សកម្មភាព​កសិកម្ម​​ពុំមាន​វត្តមាន​សារជាតិ​គីមី ហើយ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ក៏មាន​ការគាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ភូមិ ឃុំ​/​ស្រុក​បន្ទាយស្រី និង​អង្គការ GIZ ដែល​គាំទ្រ​លើ​ការបណ្តុះ​បណ្តាល និង​បច្ចេកទេស​ផ្សេងៗ ក៏ដូចជា​អង្គការ EDOTA ដែល​ធ្វើការ​លើ​ការលើកស្ទួយ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ប្រចាំ​ស្រុក​បន្ទាយស្រី​ផងដែរ​។​

សូម​បញ្ជាក់ដែរថា កន្លងមក​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ក៏​ធ្លាប់​បានទទួល​ពានរង្វាន់​ចំនួន​០៤​មកហើយ​នា​ឆ្នាំ​២០១៥-២០១៧ ដូចជា «​ពានរង្វាន់​សុខុមាលភាព​សង្គម​និង​បេតិកភណ្ឌ​វប្បធម៌​» «​ពានរង្វាន់​អនាម័យ និង​បរិស្ថាន​» «​ពានរង្វាន់​ពិសេស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» និង «​ពានរង្វាន់ ASEAN Homestay Standard (2017-2019)»៕​B/

 

ទីតាំងផ្សាយពាណិជ្ជកម្ម