អ៊ុយ​ក្រែ​ន​បិទ​ព្រំដែន​ចំពោះ​បុរស​ពេញវ័យ​រុស្ស៊ី​អាយុ​ចាប់ពី​១៦​ដល់​៦០​ឆ្នាំ​

915
ចែករម្លែក

ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថាបុរសរុស្ស៊ីអាយុចាប់ពី១៦ដល់៩០ឆ្នាំត្រូវហាមមិនអោយចូលប្រទេសរបស់លោកឡើយ។ចំណាត់ការនេះត្រូវបានប្រកាន់យកនៅពេលជម្លោះយូរមកហើយរវាងប្រទេសទាំង២បានផ្ទុះឡើងមួយកំរិតទៀតដោយសាររុស្ស៊ីចាប់នាវាអ៊ុយក្រែនកាលពីថ្ងៃអាទិត្យមុននៅសមុទ្រអាហ្សូវ។

កងឆ្មាំព្រំដែនរុស្ស៊ីបានបាញ់និងចាប់នាវាអ៊ុយក្រែន៣ព្រមទាំងនាវិករបស់វាចំនួន២៤នាក់ ដោយខ្លួនចោទប្រកាន់ថានាវាទាំងនេះបើកចូលដែនទឹករុស្ស៊ីដោយមិនសុំការអនុញ្ញាត។

ឆ្មាំព្រំដែនអ៊ុយក្រែនពិនិត្យឯកសាររបស់បុរសម្នាក់ដែលឆ្លងចូលរុស្ស៊ីនៅច្រកព្រំដែនមួយកាលពីថ្ងៃ៣០វិច្ឆិកា

ប្រធានាធិបតីអ៊ុយក្រែន លោកប៉េត្រូ ព៉ូរ៉ូសេនកូ បានសរសេរបង្ហោះថា ការកំហិតលើអ្នកដំណើររុស្ស៊ីត្រូវបានធ្វើឡើងដើម្បីរារាំងកុំអោយជនជាតិរុស្ស៊ីបង្កើតកងទ័ពឯកជន ប្រយុទ្ធនៅក្នុងទឹកដីអ៊ុយក្រែន។

កាលពីថ្ងៃចន្ទ សភាអ៊ុយក្រែនបានអនុម័តសំណើរបស់ប្រធានាធិបតីដោយអនុញ្ញាតអោយប្រើច្បាប់អាជ្ញាសឹកនៅផ្នែកខ្លះនៃប្រទេសរយៈពេល៣០ថ្ងៃបន្ទាប់ពីមានការប្រឈមមុខក្នុងសមុទ្រជិតឧបទ្វីបគ្រីមេ។

ការប្រកាសបំរាមនេះកើតឡើងក្រោយពីប្រធានាធិបតីអាមេរិកសំរេចលុបចោលជំនួបមួយជាមួយប្រធានាធិបតីរុស្ស៊ី ដោយលោកដូណាល់ ត្រាំបាននិយាយថា «វាមិនជាពេលសមស្របដើម្បីជួបគាត់ នៅពេលរុស្ស៊ីមិនទាន់ដោះលែងទាហាននៃកងទ័ពជើងទឹកអ៊ុយក្រែន»៕ដោយ៖វាសនា

ប្រធានាធិបតីអ៊ុយក្រែនដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាការពារជាតិកាលពីថ្ងៃ៣០វិច្ឆិការ

ទីតាំងផ្សាយពាណិជ្ជកម្ម