មេដឹកនាំ​ពិភពលោក​ស្វាគមន៍​វត្តមាន​ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​, ពូ​ទីន​រីករាយ​ជាងគេ​

709
ចែករម្លែក

​មេដឹកនាំ​ពិភពលោក​រួមទាំង​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​ពោរពេញ​ដោយ​ស្នាមញញឹម បាន​ស្វាគមន៍​ព្រះអង្គម្ចាស់​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត ម៉ូ​ហា​ម៉េ​ត ប៊ី​ន សាល់​ម៉ាន់ កាលពី​ថ្ងៃ​សុក្រ​ទី​៣០​វិច្ឆិកា​នៅក្នុង​កិច្ចប្រជុំ​កំពូល G20 ដោយ​បង្ហាញថា​ទ្រង់​មិនមែនជា​អ្នក​ក្រៅ​នោះទេ ពោលគឺ​តិចជាង​២​ខែ​ក្រោយពី​ការសម្លាប់​អ្នកកាសែត​ប្រឆាំង​ម្នាក់​ដោយ​ក្រុម​ចារកម្ម​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​នៅក្នុង​រូបភាព​មួយ​ដែល​ល្បី​យ៉ាង​រហ័ស​នៅលើ​បណ្តាញ​សង្គម មេដឹកនាំ​រុស្ស៊ី​និង​ព្រះអង្គម្ចាស់​នេះ​ញញឹម​យ៉ាង​ស្រស់​និង​ទះដៃ​គ្នា​ទៅវិញទៅមក​ប្រៀប​បីដូច​មិត្តភក្តិ​ចាស់​ខាន​ជួបគ្នា​ជា​យូរ​យ៉ាង​អ៊ីចឹង​។​

​ការ​ឱបក្រសោប​គ្នា​នេះ​បាន​កើតឡើង​ចំពេល​មាន​របាយការណ៍​ថា​ប្រទេស​រុស្ស៊ី​និង​អារ៉ាប់​ប៊ី​សា​អូឌីត​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ដើម្បី​កាត់បន្ថយ​ការផលិត​ប្រេង​នៅពេលដែល​ក្រុម​ប្រទេស OPEC នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃទី ៦ ខែធ្នូ​នៅ​ក្រុង​វី​យែ​ន​ដើម្បី​ជួយ​បង្កើន​តម្លៃ​ប្រេង​ឆៅ​។​

​ព្រះអង្គម្ចាស់​ព្រះជន្ម ៣៣ វស្សា​ពោរពេញ​ដោយ​មហិច្ឆតា​ខ្ពស់​អង្គ​នេះ​ក៏ត្រូវ​បាន​គេ​មើលឃើញ​ជជែក​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​កូនស្រី​របស់លោក នាង​អ៊ី​វ៉ាន់​កា ហើយ​ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​បារាំង លោក​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង នៅពេល​ចាប់ផ្តើម​កិច្ចប្រជុំ​រយៈពេល ២ ថ្ងៃ​នៃ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​កំពូលៗ​នៅលើ​ពិភពលោក​ក្នុង​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែរ​។​

​ខុទ្ទកាល័យ​របស់​ប្រធានាធិបតី​បារាំង​បាន​និយាយថា លោក​ម៉ា​ក្រុង​បាន​និយាយ​ទៅកាន់​ព្រះអង្គម្ចាស់​អំពី​ការសម្លាប់​អ្នកកាសែត ចា​ម៉ា​ល់ ខា​សូក​ជី និង​ការវាយលុក​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​យេ​ម៉ែន កន្លែង​ដែល​មនុស្ស​រាប់លាន​នាក់​កំពុង​ជិត​ធ្លាក់​នៅក្នុង​ភាពអត់ឃ្លាន ក្នុង​អ្វីដែល​អង្គការសហប្រជាជាតិ​ហៅថា វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក​។​

​វិមាន​ប្រធានាធិបតី​បារាំង​បានឱ្យដឹង​ទៀតថា លោក​ម៉ា​ក្រុង​បាន​ប្រាប់​ព្រះអង្គម្ចាស់​ម៉ូ​ហា​ម៉េ​ត​ថា ពួក​អឺរ៉ុប​ចង់ឱ្យ​អ្នកស៊ើប​អង្កេត​អន្តរជាតិ​ចូលរួម​ក្នុងការ​ស៊ើបអង្កេត​លើ​ការស្លាប់​របស់លោក​ខា​សូក​ជី និង​សង្កត់ធ្ងន់​អំពី “​ភាពចាំបាច់​នៃ​ដំណោះស្រាយ​នយោបាយ​នៅ​យេ​ម៉ែន​”​។​

​ថ្លែង​ទៅកាន់​សារព័ត៌មាន Sky News មុនពេល​កិច្ចប្រជុំ​កំពូល​នេះ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី ថេ​រ៉េ​សា មេ បាន​និយាយថា លោកស្រី​នឹង​លើកឡើង​អំពី​ប្រទេស​យេ​ម៉ែន​និង​លោក​ខា​សូក​ជី ដែលជា​អ្នកនិពន្ធ​អត្ថបទ​វិភាគ​របស់​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ ដែល​គេ​សម្លាប់​នៅពេល​ចូលទៅក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។​

​លោកស្រី​មេបា​ន​និយាយថា “​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវតែ​ធានាថា​ការស៊ើបអង្កេត​របស់​ពួកគេ​គឺជា​ការស៊ើបអង្កេត​ពេញលេញ ដែល​អាច​ជឿ​ទុកចិត្តបាន មាន​តម្លាភាព ហើយ​ប្រជាជន​អាច​ជឿទុកចិត្ត​ចំពោះ​លទ្ធផល​ស៊ើបអង្កេត ហើយ​ថា​អ្នក​ដែល​ទទួលខុសត្រូវ ត្រូវតែ​ចាប់ខ្លួន​ឱ្យបាន​”​។​

​ការសម្លាប់​លោក​ខា​សូក​ជី​បាន​បង្កឱ្យមាន​កំហឹង​រីក​រាលដាល​ប៉ុន្តែ​មហាអំណាច​លោកខាងលិច​បាន​សន្យារ​ក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត ដែលជា​អ្នក​ផលិត​ប្រេង​លំដាប់​កំពូល​របស់​ពិភពលោក និង​ជា​អ្នកទិញ​អាវុធ​ធំ​បំផុត​របស់​អាមេរិក​ដែរ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ដ៏​សំខាន់​មួយ​មុនពេល​កិច្ចប្រជុំ​កំពូល​នេះ លោក​ត្រាំ​បាន​និយាយថា វា​មិន​សំខាន់​ទេ​ថា​តើ​ព្រះអង្គម្ចាស់​ម៉ូ​ហា​ម៉េ​ត​បាន​ជ្រាប​អំពី​ការស្លាប់​របស់​ខា​សូក​ជី​ឬ​អត់ ហើយ​ថា​អារ៉ាប៊ីសាអ៊ូឌីត​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជំនួញ និង សម្រាប់​អរិភាព​របស់​អាមេរិក​ចំពោះ​អ៊ីរ៉ង់​។​

​ព្រឹទ្ធសភា​អាមេរិក​បានចេញ​ចំណាត់ការ​នៅ​សប្តាហ៍​នេះ​ដើម្បី​បញ្ចប់​ការគាំទ្រ​ដល់​សង្គ្រាម​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ប្រឆាំង​ក្រុម​ឧទ្ទាម​នៅ​យេ​ម៉ែន ចំពេល​មាន​កំហឹង​ជុំវិញ​ការវាយប្រហារ​លើ​តំបន់​ជន​ស៊ីវិល​រួមទាំង​រថយន្តក្រុង​និង​មន្ទីរពេទ្យ​៕ ដោយ៖ កញ្ញាដាលីស

ព្រះអង្គម្ចាស់​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត ម៉ូ​ហា​ម៉េ​ត ប៊ី​ន សាល់​ម៉ាន់ យាង​ចូលរួម​កិច្ចប្រជុំ G20 នៅ​អា​ហ្ស​ង់​ទីន​កាលពី​ថ្ងៃ​សុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម