បារាំង​និង​ជប៉ុន​គាំទ្រ​ឱ្យ​រក្សាទុក​នូវ​សម្ព័ន្ធភាព​រវាង​ក្រុមហ៊ុន Renault និង Nissan ចំពេល​កំពុងមាន​វិបត្តិ​ក្នុង​ក្រុមហ៊ុន​ដោយសារ​ប្រធាន​ត្រូវគេ​ចាប់ខ្លួន​

779
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា មេដឹកនាំ​នៃ​ប្រទេស​បារាំង​និង​ជប៉ុន​កាលពី​ថ្ងៃ​សុក្រ​ទី​៣០​វិច្ឆិកា​គាំទ្រ​នូវ​សម្ព័ន្ធភាព​រវាង​ក្រុមហ៊ុន​រថយន្ត Renault-Nissan បើទោះបី​ជាមាន​វិបត្តិ​ញាំញី​ចេញពី​ការចាប់ខ្លួន​ប្រធាន​ប្រតិបត្តិ​របស់ខ្លួន​ក៏ដោយ​។​

​ប្រធានាធិបតី​បារាំង លោក​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ិន​ហ្សូ អា​បេ បាន​ជួបគ្នា​នៅក្រៅ​កិច្ចប្រជុំ​កំពូល G20 នៅក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន​បន្ទាប់ពី​តុលាការក្រុង​តូ​ក្យូ​បាន​បន្លាយពេល​ឃុំខ្លួន​ប្រធាន​ក្រុមហ៊ុន Nissan ដែល​គេ​បណ្តេញ​ចេញពី​តំណែង លោក កា​ឡូ​ស ហ្គោ​សិន (Carlos Ghosn)​។​

​មន្ត្រី​បារាំង​ម្នាក់​បាន​និយាយថា “​ប្រធានាធិបតី​រូបនេះ​បាន​រំលឹក​ពី​ការប្តេជ្ញាចិត្ត​របស់លោក​ថា​សម្ព័ន្ធភាព​នេះ​ត្រូវតែ​ថែរក្សា​ឱ្យបាន​ក៏ដូចជា​ស្ថិរភាព​នៃ​ក្រុមហ៊ុន​នេះ​ផងដែរ​”​។​

​ភាពជា​ដៃគូ​នេះ​ក៏​រួមបញ្ចូល​ក្រុមហ៊ុន Mitsubishi Motors ផងដែរ​។​

​ទីភ្នាក់ងារសារព័ត៌មាន​ក្យូ​ដូ​បាន​ដកស្រង់​សម្តី​មន្ត្រីជាន់ខ្ពស់​ជប៉ុន​ម្នាក់​ដោយ​និយាយថា លោក​អា​បេ​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ក្រុមហ៊ុន​ទាំង​៣ “​ក្នុងការ​រក្សា​ទំនាក់ទំនង​ឱ្យមាន​ស្ថិរភាព​” ។​

​ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​និយាយថា ជោគវាសនា​របស់​ក្រុមហ៊ុន​ទាំង​៣​គួរតែ​ត្រូវបាន​សម្រេច​ដោយ “​អាជីវកម្ម​ឯកជន​” ហើយ​ថា “​រដ្ឋាភិបាល​មិនគួរ​លូកលាន់​អំពី​របៀប​ដែល​សម្ព័ន្ធភាព​នេះ​គួរតែ​ដំណើរការ​ទៅមុខ​នោះទេ​”​។ នេះ​បើ​យោងតាម​មន្ត្រី​ម្នាក់​ដែល​ដកស្រង់​សម្តី​ដោយ​ក្យូ​ដូ​។​

​លោក​ម៉ា​ក្រុង​គឺ​ជ្រួតជ្រាប​ច្បាស់​ណាស់​អំពី​ភាព​រសើប​នៃ​ភាពជា​ដៃគូ​រវាង​ក្រុមហ៊ុន​រថយន្ត​ទាំងនេះ​។ ក្នុងនាម​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​វ័យក្មេង​នៅ​ឆ្នាំ ២០១៥ គាត់​បាន​បង្ក​វិបត្តិ​នៅក្នុង​សម្ព័ន្ធភាព​នេះ ដោយ​បង្កើន​ភាគហ៊ុន​រដ្ឋ​បារាំង​នៅក្នុង​ក្រុមហ៊ុន Renault ដែល​ធ្វើឱ្យ​ជប៉ុន​ខឹងសម្បារ​។​

​ចំណាត់ការ​នេះ​បាន​បង្កើន​សិទ្ធិ​បោះឆ្នោត​ទ្វេដង​របស់​រដ្ឋ​បារាំង​នៅក្នុង​ក្រុមហ៊ុន ដោយ​បង្ក​ការព្រួយបារម្ភ​ជាខ្លាំង​ដល់​ក្រុមហ៊ុន Nissan ដែល​មើលឃើញ​ខ្លួនឯង​ជួប​ហានិភ័យ​ក្នុងការ​បាត់បង់​ការគ្រប់គ្រង​ឱ្យទៅ​បារាំង​។​

​ក្រោយមក រដ្ឋាភិបាល​ក្រុងប៉ារីស​ក៏បាន​បន្ថយ​ភាគហ៊ុន​របស់ខ្លួន​នៅក្នុង​សម្ព័ន្ធភាព​នេះ​វិញ​។​

​ច្បាប់​នៃ​ភាពជា​ដៃគូ​នេះ​បាន​ចែងថា ក្រុមហ៊ុន Renault ជ្រើសរើស​ប្រធាន​ប្រតិបត្តិ​នៃ​សម្ព័ន្ធភាព​នេះ ដែលមាន​សិទ្ធិ​បោះឆ្នោត​ស្មើគ្នា​នៅក្នុង​ការសម្រេចចិត្តរ​បស់​ក្រុមប្រឹក្សាភិបាល ខណៈដែល​ក្រុមហ៊ុន Nissan តែងតាំង​អនុប្រធាន​។​

​លោក​ហ្គោ​សិន​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ១៩ ខែវិច្ឆិកា​ចំពេល​មានការ​ចោទប្រកាន់ថា​លោក​បាន​រាយការណ៍​បំបាត់​ប្រាក់បៀវត្សរ៍​រប​ស់លោក​រាប់លាន​ដុល្លារ​ក្នុង​រយៈពេល​៥​ឆ្នាំ​។​

​លោក​ហ្គោ​សិន​បាន​បដិសេធថា​មិនបាន​ធ្វើ​ខុស​អ្វី​ទាំងអស់​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​បារាំង អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង និង នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ជួបគ្នា​នៅក្រៅ​កិច្ចប្រជុំ G20 នៅ​អា​ហ្ស​ង់​ទីន

ទីតាំងផ្សាយពាណិជ្ជកម្ម