ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​បង្រៀន​អំពី​ការអភិរក្ស​ចម្លាក់​ថ្ម​ប្រាសាទ​ដល់​សិស្សានុសិស្ស​

892
ចែករម្លែក
  • 9
    Shares

​ដោយ​គូលែន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​២៩​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៨​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​អប្សរា បាន​សហការ​ជាមួយ​អង្គការ GIZ នៃ​ប្រទេស​អាល្លឺម៉ង់ បានរៀបចំ​កម្មវិធី​អប់រំ​បេតិកភណ្ឌ​មួយ​សម្រាប់​សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា​ប្រាសាទបន្ទាយ​សំ​រ៉ែ​។​នៅក្នុង​ឧទ្យាន​អង្គរ​ក្នុងឱកាស​ខួប​ទី​១០​ឆ្នាំ​នៃ​ការបង្កើត​កម្មវិធី​បណ្តុះ​បណ្តាល​អ្នកជំនាញ​ខ្មែរ​ខាង​វិស័យ​អភិរក្ស​និង​ជួសជុល​ចម្លាក់​ថ្ម​របស់​អង្គការ GIZ នៅ​តំបន់​អង្គរ​។

​ដោយមាន​ការចូលរួម​ក្រោម​វត្តមាន​លោក​បណ្ឌិត​លីវ​ណ្ណា​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​ក្រុម​អ្នកជំនាញ​អភិរក្ស​ថ្ម​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ព្រមទាំង​អ្នកសម្របសម្រួល​បច្ចេក​ទេស​បរទេស​២​រូប​គ្រូបង្វឹក​៣​រូប​សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា​ប្រាសាទបន្ទាយ​សំ​រ៉ែ​ចំនួន​៥០​នាក់ និង​លោកគ្រូ​អ្នកគ្រូ​៥​រូប​។

​កម្មវិធី​នេះ​រៀបចំឡើង​នៅ​ប្រាសាទបន្ទាយ​សំ​រ៉ែ​ក្នុង​បំណង​ផ្តល់​សញ្ញាណ​ខ្លះៗ​អំពី​កិច្ចការ​អភិរក្ស​ចម្លាក់​ថ្ម​ប្រាសាទ​តាមរយៈ​ការបង្ហាញ​ផ្ទាល់​នៅ​ប្រាសាទបន្ទាយ​សំ​រ៉ែ​និង​ណែនាំ​អំពី​របៀប​ថែ​ទាំង​ចម្លាក់​ដោយ​ប្រើ​សម្ភារៈ និង​ឧបករណ៍​សម្អាត ជួសជុល​។​ល​។ ក្រៅពីនេះ អ្វីដែល​សំខាន់​នោះ​សម្រាប់​កម្មវិធី​នេះ គឺ​បណ្តុះ​គំនិត​ស្រឡាញ់​និង​ចូលរួម​ថែរក្សា​មរតក​ដូនតា​ខ្មែរ​ដល់​ប្អូនៗ​សិស្សានុសិស្ស​ដែល​រស់នៅ​ក្បែរ​ប្រាសាទបុរាណ​។​

​ទាក់ទង​នឹង​ចំណុច​បណ្តុះ​ស្មារតី​ស្រឡាញ់​និង​ចូលរួម​ថែរក្សា​ប្រាសាទ​ក្នុង​តំបន់​អង្គ​រលោក​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​បាន​ពន្យល់​ដល់​ប្អូនៗ​សិស្សានុសិស្ស​ថា ហេតុអ្វី​បានជា​យើង​ត្រូវការ​ថែរក្សា​ការពារ​មរតក​ដូនតា​របស់​យើង​ជាពិសេស​ប្រាសាទ​និង​រូបចម្លាក់​នៅតាម​ប្រាសាទ​? ព្រោះថា មនុស្ស​រស់​ត្រូវការ​រ​បស់​ពីរ​សំខាន់​៖ ទី​១ មធ្យោបាយ​ដើម្បី​រស់ ដូចជា​អាហារ ថ្នាំសង្កូវ សម្លៀកបំពាក់ និង​ជម្រក​។​ល​។ ទី​២ គឺ​វប្បធម៌​។ បើ​មនុ​ស្សរស់​គ្មាន​វប្បធម៌ មនុស្ស​នឹងមិន​ដឹង​ពូជពង្ស មិនដឹង​ដូនតា​នៅឯណា​មកពីណា ដូនតា​បានធ្វើ​អ្វីខ្លះ​។​ល​។

​លោក​បណ្ឌិត​បន្តទៀតថា ដូនតា​ខ្មែរ​បាន​សង់​ប្រាសាទ​ជាម​រតក​វប្បធម៌​ដើម្បី​សម្គាល់ថា យើង​ជា​ខ្មែរ យើង​មាន​ពូជពង្សវង្សត្រកូល​ជា​អ្នក​សង់​ប្រាសាទ មាន​អារ្យធម៌​ខ្ពង់ខ្ពស់​។ ចុះបើ​យើង​មិន​ស្រឡាញ់ មិន​ចូលរួម​ថែរក្សា​ការពារ ថ្ងៃ​អនាគត មរតក​ដូនតា​យើង​កាន់តែ​ខូចខាត​និង​ឈានទៅរក​ការបាត់បង់​។

​ពេលនោះ​ហើយ​កូនចៅ​យើង​ជំនាន់​ក្រោយៗ​មកទៀត​នឹងមិន​ដឹងថា​ដូនតា​យើង​ជា​អ្នកណា បាន​សាង​អ្វីខ្លះ មាន​អារ្យធម៌​ដូចម្តេច​? បន្ថែម​ពី​នោះ លោក​បណ្ឌិត លី វណ្ណា ក៏បាន​រំឭក​ដែរ​ថា នៅ​សម័យអង្គរ ដូនតា​យើង​តែងតែ​ក្រើនរំឭក​ទូន្មាន​ដល់​កូនចៅ​ឱ្យ​ស្រឡាញ់ ថែរក្សា​ប្រាសាទ និង​មរតក​បុរាណ​ដទៃទៀត តាមរយៈ​សិលាចារឹក​នៅលើ​ថ្ម​ប្រាសាទ​ជាមួយនឹង​បំរាម ក៏ដូចជា​ការដាក់​បណ្តា​សា​ដល់​អ្នក​ដែល​បំផ្លាញ​ប្រាសាទ​ឬ​ប្រព្រឹត្ត​អំពើ​មិន​គា​ប្បី​ចំពោះ​ប្រាសាទ​នឹងត្រូវ​ចុះ​ឋាននរក​រហូតដល់​ព្រះ​ច័ន្ទ ព្រះអាទិត្យ​លែង​រះ​៕S/

​រូបភាពៈ ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​បង្រៀន​អំពី​ការអភិរក្ស​ចម្លាក់​ថ្ម​ប្រាសាទ​ដល់​សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា​ប្រាសាទបន្ទាយ​សំ​រ៉ែ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម