កុបកម្ម​អាក្រក់​បំផុត​ក្នុង​រយៈពេល​១​ទសវត្សរ៍​ហ៊ុមព័ទ្ធ​ក្រុងប៉ារីស​, ម៉ា​ក្រុង​ប្តេជ្ញា​ចាត់វិធានការ​

2024
ចែករម្លែក

កុបកម្មក្នុងទីក្រុងដ៏អាក្រក់បំផុតរបស់បារាំងធៀបនឹងកុបកម្មនានាក្នុងរយៈពេល១ទសវត្សរ៍មកនេះ បានហ៊ុមព័ទ្ធក្រុងប៉ារីសកាលពីថ្ងៃសៅរិ៍ ខណៈសកម្មជនអាវកាក់ពណ៌លឿងដុតរថយន្ត វាយបំបែកកញ្ចក់បង្អួច លួចហាងទំនិញនិងលាបប៉ាតថ្នាំពណ៌ចំរុះលើវិមានArc de Triomphe ។

ពួកអ្នកតវ៉ាប្រឆាំងដែលខឹងនឹងការដំឡើងពន្ធប្រេងនិងថ្លៃរស់នៅខ្ពស់បានប៉ះទង្គិចជាមួយប៉ូលិសបារាំង ដែលបានបិទតំបន់ទេសចរណ៍ខ្លះក្នុងក្រុងនិងបានបាញ់ឧស្ម័នហៀរទឹកភ្នែកនិងទឹកខណៈពួកគេព្យាយាមបង្រ្កាបចលាចលនៅតាមដងវិថី។

ប្រធានាធិបតីបារាំងលោកអេមម៉ានុយអែល ម៉ាក្រុង បានប្រកាសថ្កោលទោសអំពើហិង្សានេះចេញពីជំនួបកំពូលG20នៅអាហ្សង់ទីនដោយថាជនណាដែលវាយប៉ូលិសនិងបំផ្លាញវិមាន Arc de Triompheនឹងត្រូវទទួលខុសត្រូវចំពោះអំពើរបស់គេ។លោកថាលោកនឹងបើកកិច្ចប្រជុំរដ្ឋាភិបាលបន្ទាន់មួយនៅថ្ងៃអាទិត្យអំពីរឿងតវ៉ាហិង្សានេះ។

វាជាការប៉ះទង្គិចនៅចុងសប្តាហ៍ទី៣នៅក្នុងទីក្រុងប៉ារីស ដោយពួកអ្នកតវ៉ាពាក់អាវកាក់ពណ៌លឿងដែលបង្ហាញពីចលនាតវ៉ាប្រឆាំងថ្មីមួយ និងជាការតវ៉ាហិង្សាដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ២០០៥។

ប៉ូលិសបារាំងរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅទប់អំពើហិង្សា ដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសៅរិ៍នៅជិតវិមានArc de Triompheនិងបានបន្តដល់យប់។ប៉ូលិសបាននិយាយថាមនុស្សយ៉ាងតិច១១០នាក់ រួមមានប៉ូលិស២០នាក់រងរបួសក្នុងការប៉ះទង្គិចនិង២២៤នាក់ត្រូវចាប់ខ្លួន។

ចាប់តាំងពីការតវ៉ាប្រឆាំងនៃចលនាអាវកាក់ពណ៌លឿងនេះបានចាប់ផ្តើមកាលពីថ្ងៃ១៧វិច្ឆិកា មនុស្ស២នាក់ត្រូវបានសម្លាប់និងរាប់រយនាក់រងរបួស៕ដោយ៖វាសនា

អាជ្ញាធរបារាំងបាននិយាយថា អ្នកប្រឆាំងតវ៉ាប្រមាណ៧៥.០០០នាក់បានចេញមកតវ៉ាកាលពីថ្ងៃសៅរិ៍ ក្នុងនោះប្រហែល៥.៥០០នាក់នៅក្រុងប៉ារីស

ទីតាំងផ្សាយពាណិជ្ជកម្ម