១១​ខែ​ឆ្នាំនេះ​អង្គរវត្ត ទទួល​ទេសចរ​អន្តរជាតិ​ជាង​ពីរលាន​នាក់ និង​ចំណូល​ជាង ១០៤ លាន​ដុល្លារ​

.​ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ទេសចរ​អន្តរជាតិ​ជាតិ ពីរ​សែន​នាក់ ចំណូល​ជាង ១០​លាន​ដុល្លារ​

1132
ចែករម្លែក

​ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: គ្រឹះស្ថាន​អង្គរ បានប្រកាសថា ក្នុង​រយៈពេល ១១​ខែ​ឆ្នាំ​២០១៨ ពោលគឺ​ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា រមណីយដ្ឋាន​អង្គរ នៅ​ខេត្តសៀមរាប ទទួលបាន​ទេស​ចរអ​ន្ត​រ​ជាតិ​សរុប ២.៣២៣.១៦៨ នាក់ កើន ៦,០៩​ភាគរយ ធៀប​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៧ និង​ទទួលបាន​ចំណូល​សរុប ១០៤.៥២៧.៥៣១ ដុល្លារ កើន ៩,២៧​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៧​។ ក្នុង​រយៈពេល ១១​ខែ​នេះ ចំណូល​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា មាន​ចំនួន​សរុប ៤.៦៤៦.៣៣៦ ដុល្លារ​។​

​សេចក្តីប្រកាស​ដដែល​ប​ង្ហា​ញ​ថា ក្នុង​ខែវិច្ឆិកា​កន្លងទៅនេះ​ចំនួន​ទេសចរ​បរទេស ដែល​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ២៣៣.១២៥​នាក់ ធៀប​នឹង​ខែវិច្ឆិកា ឆ្នាំ​២០១៧ ថយ ៦,៤៦% និង​ចំណូល​ទទួលបាន ១០.៥៩៩.៦០៥ ដុល្លារ ប្រៀបធៀប​ខែវិច្ឆិកា ឆ្នាំ​២០១៧ ថយ ៧,៤០​ភាគរយ​។ រីឯ​ចំណូល​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​សម្រាប់​ខែវិច្ឆិកា មាន​ចំនួន ៤៦៦.២៥០ ដុល្លារ​។​
​របាយការណ៍​ប្រចាំខែ​របស់​គ្រឹះស្ថាន​អង្គរ បានបង្ហាញ​ពី​ចំនួន​ភ្ញៀវទេសចរ​បរទេស ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​ចំណូល ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៨ រួមមាន​៖ ខែមករា ភ្ញៀវទេសចរ​បរទេស ២៩៤.៨១៣ នាក់ ចំណូល ១៣.៤៧៩.៦៨៦ ដុល្លារ​។ ខែកុម្ភៈ ភ្ញៀវទេសចរ​បរទេស ២៩៥.៣៨៩ នាក់ ចំណូល ១៤.០០៩.០៦៨ ដុល្លារ​។ ខែមីនា ភ្ញៀវទេសចរ​បរទេស ២៦៨.៣៧៨ នាក់ ចំណូល ១២.១៦៨.០៥៦ ដុល្លារ​។ ខែមេសា ភ្ញៀវទេសចរ​បរទេស ចំនួន ១៩២.៤១២ នាក់ ចំណូល ៨.៥៩៨.៥០៩ ដុល្លារ​។ ខែឧសភា ភ្ញៀវទេសចរ​បរទេស ចំនួន ១៥៥.១៩៦ នាក់ ចំណូល ៦.៧៣៨.០៧២ ដុល្លារ​។ ខែមិថុនា ភ្ញៀវទេសចរ​បរទេស ចំនួន ១៥០.៧៧៣ នាក់ ចំណូល​សរុប ៦.៤៧៨.៩៥៦ ដុល្លារ​។ ខែកក្កដា ភ្ញៀវទេសចរ​បរទេស ចំនួន ១៨៥.៨៧៨ នាក់ ចំណូល ៨.១៩២.៥២១ ដុល្លារ​។ ខែសីហា ភ្ញៀវទេសចរ​បរទេស ចំនួន ២០១.៨៦៥ នាក់ ចំណូល ៩.១១៣.៣៤០ ដុល្លារ​។ ខែកញ្ញា ភ្ញៀវទេសចរ​បរទេស ១៥៦.៨៦៥ នាក់ ចំណូល ៦.៨០១.៣១៥ ដុល្លារ​។ ខែតុលា ភ្ញៀវទេសចរ​បរទេស ១៨៨.៤៧៤ នាក់ ចំណូល ៨.៣៤៨.៤០៣ ដុល្លារ​។ ខែវិច្ឆិកា ឆ្នាំ​២០១៨ ចំនួន​ទេសចរ​បរទេស ២៣៣.១២៥​នាក់ ចំណូល​ទទួលបាន ១០.៥៩៩.៦០៥ ដុល្លារ​។​

​ចំណែក​ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល ឧបត្ថម្ភ​ដល់​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៨ សរុប​ចំនួន ៤.៦៤៦.៣៣៦ ដុល្លារ រួមមាន​៖ ខែមករា ចំនួន ៥៨៩.៦២៦ ដុល្លារ​។ ខែកុម្ភៈ ចំនួន ៥៩០.៧៧៨ ដុល្លារ​។ ខែមីនា ចំនួន ៥៣៦.៧៥៦ ដុល្លារ​។ ខែមេសា ចំនួន ៣៨៤.៨២៤ ដុល្លារ​។ ខែឧសភា ចំនួន ៣១០.៣៩២ ដុល្លារ​។ ខែមិថុនា ចំនួន ៣០១.៥៤៦ ដុល្លារ​។ ខែកក្កដា ចំនួន ៣៧១.៧៥៦ ដុល្លារ​។ ខែសីហា ចំនួន ៤០៣.៧៣០ ដុល្លារ​។ ខែកញ្ញា ចំនួន ៣១៣.៧៣០ ដុល្លារ​។ ខែតុលា ចំនួន ៣៧៦.៩៤៨ ដុល្លារ​។ ខែវិច្ឆិកា មាន​ចំនួន ៤៦៦.២៥០ ដុល្លារ​។​

​សូម​រម្លឹកថា រាជរដ្ឋាភិបាល​កម្ពុជា បាន​កែប្រែ​តម្លៃ​លក់​បណ្ណ សម្រាប់​ជនបរទេស ( ពលរដ្ឋ​ខ្មែរ មិន​គិតថ្លៃ​ទេ ) ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយ​ចែកជា ៣ ប្រភេទ​៖ ១- ប្រភេទ​បណ្ណ​ចូល​ទស្សនា ១​ថ្ងៃ មានតម្លៃ ៣៧​ដុល្លារ ២-​ប្រភេទ​បណ្ណ​ចូល​ទស្សនា ៣​ថ្ងៃ មានតម្លៃ ៦២​ដុល្លារ និង​មាន​សុពលភាព ១០​ថ្ងៃ និង​៣-​ប្រភេទ​បណ្ណ ចូល​ទស្សនា ៧​ថ្ងៃ មានតម្លៃ ៧២​ដុល្លារ និង​មាន​សុពលភាព ០១​ខែ​។ ក្នុងនោះ រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ដក ២ ដុល្លារ ក្នុង​បណ្ណ​មួយ សម្រាប់​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៧​។​

​រាជរដ្ឋាភិបាល តាមរយៈ​គ្រឹះស្ថាន​អង្គរ ដែលជា​ក្រុមហ៊ុន​របស់​រាជរដ្ឋាភិបាល ទទួលបន្ទុក​លក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បានប្រកាសថា នៅ​ឆ្នាំ​២០១៧ មាន​ទេសចរ​បរទេស ចំនួន ២.៤៥៧.០២៣ នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​កើនឡើង ១១,៨២​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦​។ នៅ​ឆ្នាំ​២០១៧ ចំណូល​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ទទួលបាន​សរុប​ចំនួន ១០៧.៩៧៦.៤៣៩ ដុល្លារ គឺ​កើនឡើង ៧២,៥៤ ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម