ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​: តួនាទី​ភារកិច្ច​កងទ័ព​ត្រៀមលក្ខណៈ​ប្រយុទ្ធ​យកឈ្នះ​លើ​សមរភូមិ​ការពារ​ទឹកដី​

1125
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងថា ទិសដៅ យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល​នៅក្នុង​ការ​កំណែ ទម្រង់​កងទ័ព តួនាទី​ភារកិច្ច​កងទ័ព​នៅក្នុង​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ ពង្រឹងសមត្ថភាព ត្រៀមលក្ខណៈ​ប្រយុទ្ធ​ត្រៀម​យកឈ្នះ​លើ​សមរភូមិ​ក្នុងការ​ការពារ​បូរណភាព​ទឹកដី ឈ្នះ​ទៅលើ​ការការពារ​សុខសន្តិភាព​ជូន​ប្រជាជន ឈ្នះ​លើស​ត្រូវ​គ្រប់បែបយ៉ាង​។

​ការ​ថ្លែង​នេះ នៅក្នុង​ពិធី​ប្រកាស​តែងតាំង​មុខងារ មេបញ្ជាការ និង​នាយសេនាធិការ​យោធភូមិភាគ​ទី​៤ នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៤ កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៨​។​

​លោក​បន្តថា សន្តិភាព វិបុលភាព និង​ការអភិវឌ្ឍ​សព្វថ្ងៃ​នៅ​កម្ពុជា គឺជា​ជ័យជម្នះ​ដ៏​ធំធេង​បំផុត​ដែល​បានផ្តល់​ឲ្យ​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​យុទ្ធសាស្ត្រ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុងស្ថានភាព​នេះ រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​បរទេស ក្រុម ឬ​ជន​ណាមួយ​ធ្វើ​សកម្មភាព​បំផ្លាញ​សន្តិភាព និង​សមិទ្ធផល​ដែល​សម្រេចបាន​ដោយ​ពលិកម្ម​អាយុជីវិត តាមរយៈ​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង ដែល​អាចធ្វើឱ្យ​កម្ពុជា​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម​សារជាថ្មី​ទៀតឡើយ​។ ដូច្នេះ អនុលោម​តាម​រដ្ឋធម្មនុញ្ញ និង​នយោបាយ​ការពារជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ការបន្ត​ការពារ​អ​ធិ​តេ​យ្យ និង​បូរណភាព​ទឹកដី និង​ការថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ធានា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ គឺជា​កិច្ចការ​ស្នូល​អាទិភាព​ចាំបាច់ និង​មាន​សារៈសំខាន់​ផុត ដែល​កងយោធពល​ខេមរភូមិន្ទ ត្រូវ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អនុវត្ត​ប្រកបដោយ​ភាពម៉ឺងម៉ាត់ ដាច់ខាត និង​ការទទួលខុសត្រូវ​ពេញទំហឹង ដើម្បី​ធានាបាន​ទាំងស្រុង​នូវ​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ស្ថិតស្ថេរ​យូរ​អ្វែ​ង និង​ការកសាង​ឱកាស​សម្រាប់​ការ​អភិឌ្ឍន៍​ជាតិ​។ ពិសេស​ជាងនេះទៀត មុំ​មួយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ទាមទារ​នូវ​ការឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព ពី​សំណាក់​កងយោធពល​ខេមរភូមិន្ទ នៅក្នុង​ការកែទម្រង់រ​បស់​ខ្លួន ដើម្បី​ធានា​ឱ្យបាន​ទាំងស្រុង​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។ នៅក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ទាំង​៣ ដំណាក់កាល​កន្លងមក រាជរដ្ឋាភិបាល​សម្រេច​បាន​វឌ្ឍន​ភាពជា​មូលដ្ឋាន​នៅក្នុង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អភិបាលកិច្ច តាមរយៈ​យន្តការ​ជាច្រើន ក្នុងនោះ រួមមាន​ការកែទម្រង់​កងកម្លាំងប្រដាប់អាវុធ​ផងដែរ​។ ដូច្នេះ ដើម្បី​បង្កើនល្បឿន​នៃ​ការកែទម្រង់​អភិបាលកិច្ច កងយោធពល​ខេមរភូមិន្ទ ត្រូវ​បន្តដំណើរ​ទៅមុខ​ប្រកបដោយ​ប្រសិទ្ធភាព​លើ​ការកែទម្រង់​របស់ខ្លួន តាមរយៈ​៖ ១) ពង្រឹង​ការដឹកនាំ ការគ្រប់គ្រង និង​ខ្សែរយៈ​ចាត់តាំង​; ២) ការអភិវឌ្ឍ​ធនធានមនុស្ស និង​បង្កើត​សមត្ថភាព​យោធិន ដោយ​បង្កើន​គុណភាព​ហ្វឹកហ្វឺន បំពាក់​បច្ចេកវិទ្យា​សមស្រប និង​កសាង​ជួរ​កង​ម្លាំ​ង​បន្តវេន​; ៣) ការលើកកម្ពស់​សមត្ថ​ភាព​ក្នុង​ការរក្សាសន្តិសុខ ការបន្ត​ជំរុញ​កងទ័ព និង​គ្រួរ​សារ​កងទ័ព​ឱ្យ​រស់​នៅតាម​បណ្តោយ​ព្រំដែន​, ការប្រយុទ្ធប្រឆាំង​ភេរវកម្ម ដើម្បី​ធានាបាន​នូវ​ព្រំដែន សន្តិភាព និង​ការអភិវឌ្ឍ​, សុវត្ថិភាព​ជាតិ និង​គ្មាន​ការគំរាមកំហែង​ពី​អំពើ​ភេរវកម្ម​; ៤) ការពង្រឹង​សមត្ថភាព ក្នុងការ​ចូលរួម​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​សហប្រតិបត្តិការ​អន្តរជាតិ ពិសេស​ការចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ និង ៥) ការលើកកម្ពស់​សមត្ថ​ភាព ចូលរួម​គាំទ្រ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​, ការធ្វើអន្តរាគមន៍​ក្នុងពេល​មាន​គ្រោះធម្មជាតិ​, ការបំពេញ​ប្រតិបត្តិការ​មនុស្សធម៌ និង​ការជួយ​បង្កបង្កើនផល​កសិកម្ម​ដល់ ប្រជាជន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តទៀតថា ក្នុងនាម​ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ខ្ញុំ​សូម​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​យោធភូមិ​ភាគី​ទី​៤ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ក្នុងការ​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​របស់ខ្លួន និង​ការបំពេញ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​បានល្អ​ប្រសើរ​ជូន​ប្រជាជន ទាំង​នៅមុន​ពេល​បោះឆ្នោត ក្នុងពេល​បោះឆ្នោត និង​រហូតមកដល់​ប​ច្ចុ​ប្បន្ន ក៏ដូចជា​ការការពារ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ ថ្នាក់ដឹកនាំ​ជាតិ និង​អន្តរជាតិ ដែល​បានមក​ទស្សនា​កំសាន្ត និង​ចូលរួម​កិច្ចប្រជុំ​នានា​នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​។ ក្រៅពីនេះ យោធភូមិភាគ​ទី​៤ ក៏បាន​បំពេញ​កិច្ចការ​ផ្សេងៗ​ទៀត ស្របតាម​តួនាទី​របស់​កងយោធពល​ខេមរភូមិន្ទ ស្របតាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ការពារជាតិ​ដែល​បានកំណត់​។ ទិសដៅ យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល​នៅ​ក្នុងការ​កំណែទម្រង់កងទ័ព តួនាទី​ភារកិច្ច​កងទ័ព​នៅក្នុង​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ ពង្រឹងសមត្ថភាព ត្រៀមលក្ខណៈ​ប្រយុទ្ធ​ត្រៀម​យកឈ្នះ​លើ​សមរភូមិ​ក្នុងការ​ការពារ​បូរណភាព​ទឹកដី ឈ្នះ​ទៅលើ​ការការពារ​សុខសន្តិភាព​ជូន​ប្រជាជន ឈ្នះ​លើស​ត្រូវ​គ្រប់បែបយ៉ាង​។ ដូច្នេះ ការកសាង​សមត្ថភាព​នេះ គឺ​ត្រូវ​ធានា​ប្រតិបត្តិ​ករ​នៅក្នុង​អង្គភាព​នីមួយ​នីមួយ​មាន​សមត្ថភាព គឺ​ឆ្លុះបញ្ចាំង​ពី​ការដឹកនាំ​អង្គភាព​មួយ​មាន​សមត្ថភាព មាន​របៀបរៀបរយ​ក្នុងការ​ដឹកនាំ​អង្គភាព​ចំណុះ​។ ដូច្នេះ​ការជ្រើសរើស​មេដឹកនាំ​អង្គភាព​នីមួយ​នីមួយ​គឺ​សំខាន់​ណាស់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម