កិច្ចប្រជុំ​ស្តីពី​អាកាសធាតុ​ចាប់ផ្តើម​នៅ​ទីក្រុង​ធ្យូងថ្ម កា​តូ​វ៉ា​យ របស់​ប៉ូឡូញ​

887
ចែករម្លែក

​គណៈប្រតិភូ​មកពី​ជិត ២០០ ប្រទេស​កាលពី​ថ្ងៃអាទិត្យ​ទី​២​ធ្នូ​បានចាប់ផ្តើម​កិច្ចពិភាក្សា​រយៈពេល​២​សប្តាហ៍​ដើម្បី​ដោះស្រាយ​ការបែកបាក់​នយោបាយ​ដ៏​ជ្រៅ​នៅក្នុង​កិច្ចប្រជុំ​ដ៏​សំខាន់បំផុត​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ការឡើង​កម្តៅ​ផែនដី ចាប់តាំងពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ដើម្បី​ងាក​ចេញពី​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល​។​

​ក្តីសង្ឃឹម​គឺមាន​តិចតួច​ណាស់ ដែលថា​ការចរចា​នៅ​ទីក្រុង​កា​តូ​វ៉ា​យ (Katowice) នៅ​តំបន់​ធ្យូងថ្ម​ដ៏​សំខាន់​របស់​ប៉ូឡូញ នឹង​ដោះស្រាយ​ពេញលេញ​នូវ​ការព្រួយបារម្ភ ដែល​បានបង្ហាញ​នៅក្នុង​របាយការណ៍​ក្នុង​សប្តាហ៍​ចុងក្រោយ​នេះ ស្តីពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​កំពុង​កើនឡើង​។​

​បរិយាកាស​នយោបាយ​ក៏ត្រូវ​បាន​ផ្លាស់ប្តូរ​ផងដែរ​ចាប់តាំងពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​និង​សាមគ្គីភាព​ទូទាំង​ពិភពលោក​ដ៏​ផុយស្រួយ​ចាប់ផ្តើម​ប្រេះឆា​។​

​ប្រធាន​ទីភ្នាក់ងារ​អាកា​ស​ធាតុ​របស់​អ​.​ស​.​ប លោកស្រី ផា​ទ្រី​កា អេ​ស្ពី​ណូ​សា (Patricia Espinosa) បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​នេះ​គឺជា​សន្និសីទ​សំខាន់​ខ្លាំងណាស់​។ វា​ក៏​កើតឡើង​នៅក្នុង​សេណារីយោ​មួយ​ដែល​យើង​មាន​សញ្ញា​ច្បាស់លាស់​អំពី​ភាព​បន្ទាន់​ដែល​យើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ​”​។​

​អតីត​ប្រធាន​៤​នាក់​នៃ​កិច្ចចរចា​អ​.​ស​.​ប រួមទាំង​លោក ឡួ​រ៉ង់ ហ្វា​បៀ​ស (Laurent Fabius) នៃ​ប្រទេស​បារាំង ដែល​ដឹកនាំ​ការចរចា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បានចេញ​សេចក្តីថ្លែងការណ៍​មួយ​អំពាវនាវ​ឱ្យមាន “​ចំណាត់ការ​មិនចេះ​រារែក​”​។​

​អ្នក​ទាំង​៤​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា “​ពិភពលោក​កំពុង​ស្ថិតនៅ​ផ្លូវ​ប្រសព្វ​ហើយ​ចំណាត់ការ​មិនចេះ​រារែក​នៅក្នុង​រយៈពេល​២​ឆ្នាំ​ខាងមុខ​នឹងមាន​សារៈសំខាន់​ក្នុងការ​ដោះស្រាយ​ការគំរាមកំហែង​ជាបន្ទាន់​ទាំងនេះ​”​។​

​ទោះយ៉ាងណា ការបែកបាក់​នយោបាយ​គឺ​ឃើញ​យ៉ាងច្បាស់​ក្រឡែត​តាំងពី​ពេល​ចាប់ផ្តើម ដោយ​ប្រេ​ស៊ី​ល​បាន​លុបចោល​ការផ្តល់ជូន​រប​ស់​ខ្លួន​រួចទៅហើយ​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ការចរចា​ឆ្នាំ ២០១៩​។​

​ទន្ទឹមនេះដែរ សហរដ្ឋអាមេរិក​បាន​ទទូច​ម្តងទៀត​នៅ​កិច្ចប្រជុំ​កំពូល G20 នៅ​អា​ហ្ស​ង់​ទីន​កាលពី​ថ្ងៃ​សៅរ៍​ទី​១​ធ្នូ​ថា ខ្លួន​បានសម្រេច​ចិត្ត​ដក​ចេញពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ហើយ ព្រមទាំង​ការប្តេជ្ញាចិត្ត​របស់​អាមេរិក​ចេញពី​ប្រភព​ថាមពល​ទាំងឡាយ​៕ ដោយ៖ កញ្ញាដាលីស

ភ្លើង​ឆេះ​ព្រៃ​នៅ​កាលីហ្វ័រ​ញ៉ា​កាលពីពេល​ថ្មីៗ​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម