​រដូវ​ត្រី​ប៉ា​ស៊ី​អ៊ី​នៅ​ខេត្តស្ទឹងត្រែង​មកដល់​ហើយ​បើ​តម្លៃ​វិញ​ថ្លៃ​កប់​ពពក​

1816
ចែករម្លែក
  • 318
    Shares

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​ភ្ញៀវទេសចរ​បើសិនជា​មកលេង​ខេត្តស្ទឹងត្រែង​ក្នុង​ខែ​នេះ​នឹង​បាន​ភ្លក្ស​រសជាតិ​ត្រី​ប៉ា​ស៊ី​អ៊ី​ដ៏​ឆ្ងាញ់​ពិសេស​ដាច់​គេ​និង​ត្រី​ទន្លេ​ជាច្រើន​ប្រភេទ​ទៀត​ដែលមាន​រសជាតិ​ឆ្ងាញ់​ពី​ធម្មជាតិ​ពិតៗ​។​​ខេត្ត​ដែលមាន​ដង​ទន្លេ​ដល់​ទៅ​បួន​និង​មាន​វ័យ​ចំណាស់​យូរ​មកហើយ​នោះ​នៅតែមាន​អំនួត​ទាក់ទាញ វិស័យ​ទេសចរណ៍​តាមរយៈ​សក្តានុពល​ធម្ម​ជាតិ​ដ៏​សម្បូរបែប​។​លើសពីនេះ​ទៀត​នោះ​គឺ​ត្រី​ទឹកសាប​ដែលមាន​រសជាតិ​ឆ្ងាញ់​ពិសេស​តែម្តង​គឺ​ត្រី​ប៉ា​ស៊ី​អ៊ី​។​ភ្ញៀវទេសចរ​ខ្លះ​ពុំបាន​ដឹងថា​ត្រី​ប៉ា​ស៊ី​អ៊ី​វា​មាន​លក្ខណៈពិសេស​និង​មាននៅ​ពេលណា​នោះទេ​។

ថ្ងៃនេះ​កាសែត​រស្មី​ម្ពុ​ជា​នឹង​បង្ហាញ​ពី​ចំណុច​ពិសេស​របស់​ត្រី​ប៉ា​ស៊ី​អ៊ី​ដែល​ល្បី​ប្រចាំ​ទឹកដី​ខេត្តស្ទឹងត្រែង​ភូមិភាគ​ឦសាន​ប្រទេស​កម្ពុជា​។​ត្រី​ប៉ា​ស៊ី​អ៊ី​ដែលជា​ប្រភេទ​ត្រី​ដ៍​កម្រ​និង​មាន​រសជាតិ​ឆ្ងាញ់​នៅ​ខេត្តស្ទឹងត្រែង​មានតម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​អ្នកនេសាទ​អាច​លក់បាន​ក្នុងតម្លៃ​ចាប់ពី​៣០​ទៅ​១៥០​ដុល្លារ​តាម​ប្រភេទ​ត្រី​តូច​និង​ត្រី​ធំ​ក្នុង​មួយ​ក្បាល​។​

​លោក​ទុំ​នី​រ៉ូ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា​ត្រី​ប៉ា​ស៊ី​អ៊ី​ប្រភេទ​លេខ​១​ដែលមាន​ទម្ងន់​ចាប់ពី​ពីរ​គីឡូក្រាម​ឡើងទៅ​ក្នុង​មួយ​ក្បាល​១៥០​ដុល្លារ​,​ប្រភេទ​លេខ​ពីរ​មាន​ទម្ងន់​ពីមួយ​គីឡូក្រាម​ទៅ​ពីរ​គីឡូក្រាម​តម្លៃ​ពី​៥០​ទៅ​៧០​ដុល្លារ​និង​ប្រភេទ​លេខ​៣​ដែលមាន​ទម្ងន់​ត្រឹម​មួយ​គីឡូក្រាម​ចុះថ្លៃ​៣០​ដុល្លារ​។​តម្លៃ​នេះ​បាន​ជួយ​ឲ្យ​អ្នកនេសាទ​រកប្រាក់​ចំណូល​បាន​ច្រើន​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​។​

​លោក​បន្តថា​មូលហេតុ​ដែល​នាំ​ឲ្យ​ត្រី​ប៉ា​ស៊ី​អ៊ី​មានតម្លៃ​ខ្ពស់ជាង​ប្រភេទ​ត្រី​ផ្សេងៗ​នៅ​ដើមរដូវ​នេសាទ​នេះ​គឺ​ដោយសារ​វា​ជា​ប្រភេទ​ត្រី​ដ៍​កម្រ​មាន​រសជាតិ​ឆ្ងាញ់​មាន​ខ្លាញ់​ពណ៌​លឿង​ដូច​បង្កង​ហើយ​មាន​កេ​រ្ត៍​ឈ្មោះ​បោះ​សំឡេង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ជាពិសេស​អ្នក​ដែលមាន​លុយកាក់​ច្រើន​តែង​ចង់​សាក​រសជាតិ​ត្រី​ប៉ា​ស៊ី​អ៊ី​នេះ​បើទោះជា​មានតម្លៃ​ថ្លៃ​យ៉ាងណាក៏ដោយ​។​

ជំនាញ​ជលផល​បាន​ឲ្យ​ដឹងថា​ត្រី​ប៉ា​ស៊ី​អ៊ី​គឺមាន​នៅតែ​ក្នុង​ទ​ន្ល​មេគង្គ​និង​ទន្លេសេកុង​ទឹកដី​ខេត្តស្ទឹងត្រែង​តែប៉ុណ្ណោះ​។​ត្រី​នេះ​វា​បាន​ឡើងទៅ​ពង​កូន​នៅក្នុង​ទឹកដី​ជាប់​ព្រំដែន​និង​នៅ​ប្រទេស​ឡាវ​ភាគ​ខាងជើង​ខេត្តស្ទឹងត្រែង​ប្រទេស​កម្ពុជា​។​នៅពេល​ដល់​រដូវ​ទឹក​ស្រក​វា​នឹង​ចាប់ផ្ដើម​ចុះមក​ផ្នែក​ខាងក្រោម​មក​រស់នៅ​តាម​ដង​ទន្លេ​ស្ថិតក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង​ជាប់​ព្រំប្រទល់​ជាមួយ​ស្រុក​សំបូរ​ខេត្តក្រចេះ​តាម​ដង​ទន្លេមេគង្គ​។​ដោយសារ​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​និង​ខេត្តក្រចេះ​នៃ​ដង​ទន្លេមេគង្គ​សម្បូរ​ទៅដោយ​ព្រៃ​លិច​ទឹក​កោះ​ថ្ម​ទឹក​ហូរ ជា​លក្ខណៈ​ងាយស្រួល​ក្នុងការ​រស់នៅ​របស់​ត្រី​ទើប​វា​ចូលចិត្ត​ទៅ​រស់នៅ​ទីនោះ​។​

នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​បាន​ពន្យល់ថា​ត្រី​ប៉ា​ស៊ី​អ៊ី​សម្រាប់​នៅឯ​ប្រទេស​ឡាវ​គឺ​វា​មិន​ថ្លៃ​ខ្ពស់​ដូច​នៅ​កម្ពុជា​ទេ​ដោយសារតែ​ពេល​វា​រស់នៅក្នុង​ប្រទេស​ឡា​វ​គឺ​នៅ​តូចៗ​នៅឡើយ​មិនទាន់មាន​រសជាតិ​ឆ្ងាញ់​។​នៅពេល​វា​ធំ​វាក៍​បានមក​រស់នៅក្នុង​ទន្លេ​នៃ​ប្រទេស​កម្ពុជា​ដែល​ជនជាតិ​ឡាវ​ភាគច្រើន​បាន​ហៅ​ត្រី​ប៉ា​ស៊ី​អ៊ីថា​ជា​ត្រី​ក្បត់ជាតិ​។​

តាម​ការសិក្សា​របស់​ជ​ល​ផល​ក្នុង​មួយឆ្នាំ​អ្នកនេសាទ​អាច​រកត្រី​ប៉ា​ស៊ី​អ៊ី​ដោយ​ប្រើ​មង​ក្រឡា​ពី​៦​ទៅ​១២​សង់ទីម៉ែត្រ​បាន​ចំនួន​ពីរលើក​។​ក្នុងនោះ​លើក​ទី​១​គឺ​ចាប់ពី​ខែមិថុនា​ទៅដល់​ខែកក្កដា​និង​លើក​ទី​២​គឺ​ចាប់ពី​ពាក់កណ្តាល​ខែវិច្ឆិកា រហូត​ទៅដល់​ខែកុម្ភ​:​។​មន្ត្រីជលផល​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា បើទោះជា​បច្ចុប្បន្ន​ត្រី​ប៉ា​ស៊ី​អ៊ី​នៅ​ខេត្តស្ទឹងត្រែង​មានតម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​យ៉ាងណាក៏ដោយ​តែ​បរិមាណ​ត្រី​នេះ​វា​បាន​ថយចុះ​យ៉ាងខ្លាំង​គួរ​ឲ្យ​ចាប់អារម្មណ៍​។​

​ជាក់ស្តែង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​អ្នកនេសាទ​នៅ​ខេត្តស្ទឹងត្រែង​ទាំងអស់​អាច​រកបាន​ស​រុ​ប​មិន​ដល់​មួយ​តោន​ទេ​ក្នុង​មួយឆ្នាំ​។​លោក​ទុំ​នី​រ៉ូ​បាន​លើកឡើងថា​ចំនួន​ត្រី​ប៉ា​ស៊ី​អ៊ី​ធ្លាក់ចុះ​នេះ​វា​បានបង្ហាញ​ឲ្យ​ឃើញថា​ប្រភេទ​ត្រី​ដ៏​កម្រ​ដែលជា​សម្បត្តិ​ធម្មជាតិ​ដ៍​សំខាន់​មួយ​នេះ​នឹង​ឈានទៅ​បាត់បង់​នៅ​ថ្ងៃ​ខាងមុខ​ជាមិនខាន​ប្រសិនបើ​មិនមាន​ការចូលរួម​អភិរក្ស​ពី​យើងទាំងអស់គ្នា​ទេនោះ​៕S/​

​រដូវ​ត្រី​ប៉ា​ស៊ី​អ៊ី​នៅ​ខេត្តស្ទឹងត្រែង​មកដល់​ហើយ​បើ​តម្លៃ​វិញ​ថ្លៃ​កប់​ពពក​

ទីតាំងផ្សាយពាណិជ្ជកម្ម