តម្លៃ​ប្រេង​កើនឡើង ៥ ភាគរយ​ដោយសារ​ការសន្យា​កាត់បន្ថយ​ការផលិត​ប្រេង និង កិច្ចព្រមព្រៀង​ផ្អាក​សង្គ្រាម​ពន្ធ​រវាង​ចិន​និង​អាមេរិក​

852
ចែករម្លែក
  • 16
    Shares

​តម្លៃ​ប្រេង​កើនឡើង​ជាង​៥​ភាគរយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣​ធ្នូ បន្ទាប់ពី​រុស្ស៊ី​និង​អារ៉ាប៊ីសាអ៊ូឌីត​បាន​បន្ត​កិច្ចព្រមព្រៀង​មួយ​ដើម្បី​កាត់បន្ថយ​ទិន្នផល​ប្រេង ខណៈ​សហរដ្ឋអាមេរិក​បាន​ព្រមព្រៀង​បញ្ឈប់​ការដំឡើង​ពន្ធ​លើ​ការ​នាំចូល​របស់​ចិន ដោយ​ផ្អាក​បណ្តោះអាសន្ន​នូវ​សង្គ្រាម​ពាណិជ្ជកម្ម ដែល​មនុស្ស​ជាច្រើន​មានការ​ព្រួយបារម្ភ​ថា​អាច​ប៉ះពាល់​ដល់​តម្រូវការ​ស​ម្រា​ប់​ទំនិញប្រើប្រាស់​ចាំបាច់​។​

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​១​ធ្នូ​ថា លោក​និង​ព្រះអង្គម្ចាស់​រជ្ជទាយាទ ម៉ូ​ហា​ម៉េ​ត ប៊ី​ន សាល់​ម៉ាន់ “​បាន​ឯកភាព​បន្ត​ការព្រមព្រៀង​របស់​យើង​” ដើម្បី​រឹតត្បិត​ផលិតកម្ម នៅពេលដែល​តម្លៃ​ប្រេង​ធ្លាក់ចុះ​នៅលើ​ទីផ្សារ​សកលលោក​។​

​កិច្ចព្រមព្រៀង​មាន​ស្រាប់​ដែល​តម្រូវឱ្យ​សមាជិក​អង្គការ OPEC និង​ប្រទេស​មិនមែន​សមាជិក​ប្តេជ្ញា​កាត់បន្ថយ​ការផលិត​នោះ នឹង​ផុត​សុពលភាព​នៅ​ឆ្នាំនេះ​។​

​ខណៈ​មិន​មានការ​ប្រកាសថា​តើ​នឹង​កាត់បន្ថយ​បរិមាណ​ប្រេង​កម្រិតណា​និង​កាត់បន្ថយ​ការផលិត​យូរ​ប៉ុនណា​នោះ កិច្ចព្រមព្រៀង​រវាង​ប្រទេស​នាំ​ប្រេង​ឆៅ​ដ៏​ធំ​បំផុត​ទាំង​២​របស់​ពិភពលោក​នេះ ត្រូវបាន​អបអរសាទរ​ដោយ​ឈ្មួញ​ប្រេង ជាមួយ​ទីផ្សារ​ប្រេង​ឆៅ​អង់គ្លេស Brent កើនឡើង ២,៨២ ដុល្លារ​គឺ ៥៣,៧៥ ដុល្លារ​ក្នុង​មួយ​បារ៉ែល និង​ទីផ្សារ​ប្រេង​ឆៅ​អាមេរិក West Texas Intermediate កើនឡើង ២,៩៨ ដុល្លារ គឺ ៦២,៤៤ ដុល្លារ​ក្នុង​មួយ​បារ៉ែល​កាលពី​ថ្ងៃ​ចន្ទ​។​

​លោក អា​ញ់ យៀ​ហា អ្នកវិភាគ​ទំនិញ​ប្រចាំ​ក្រុមហ៊ុន Kiwoom Securities បាន​ប្រាប់​សារព័ត៌មាន Bloomberg ថា “​ខណៈដែល​យើង​ត្រូវ​ដឹងថា​តើ OPEC នឹង​រឹតត្បិត​ការផលិត​របស់ខ្លួន​ក​ម្រិ​ត​ណា​នោះ ការអត្ថាធិប្បាយ​របស់​លោកពូ​ទីន​បាន​ដកចេញ​នូវ​របាំង​ចំពោះ OPEC ក្នុងការ​រក្សា​ស្ថិរភាព​តម្លៃ ខណៈដែល​រុស្ស៊ី​ពុំមាន​ភាពច្បាស់លាស់​អំពី​ជំហរ​របស់ខ្លួន​”​។​

​ហេតុផល​សំខាន់​មួយទៀត​សម្រាប់​ការឡើង​ថ្លៃ​ប្រេង​នេះ​គឺ​ដោយសារ​កិច្ចព្រមព្រៀង​ផ្អាក​ការដំឡើង​ពន្ធ​រវាង​ចិន​និង​សហរដ្ឋអាមេរិក ដែល​ឃើញ​ប្រទេស​សេដ្ឋកិច្ច​កំពូល​ទាំង​២​របស់​ពិភពលោក​វាយ​ពន្ធ​សងសឹក​គ្នា​ទៅវិញទៅមក​លើ​ទំនិញ​នាំចូល​តម្លៃ​រាប់ពាន់​លាន​ដុល្លារ ដោយ​ជំរុញឱ្យមាន​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​ជាស​កល​។​

​លោក​ដូ​ណា​ល់ ត្រាំ និង​លោក​ស៊ី ជីន​ពីង កាលពី​ថ្ងៃ​សៅរ៍​បានប្រកាស​ពី​កិច្ចព្រមព្រៀង​មួយ ដែល​នឹង​ឃើញ​អាមេរិក​ផ្អាក​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​ចិន​នៅ​ថ្ងៃទី ១ ខែមករា ហើយ​ចិន​បាន​សន្យាថា​នឹង​ទិញ​ទំនិញ​បន្ថែមទៀត​ពី​សហរដ្ឋអាមេរិក ខណៈ​ឈាន​ចូលដល់​កិច្ចចរចា​រយៈពេល ៩០ ថ្ងៃ​ដើម្បី​បញ្ចប់​ជម្លោះ​នេះ​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​និង​ព្រះអង្គម្ចាស់​រជ្ជទាយាទ ម៉ូ​ហា​ម៉េ​ត ប៊ី​ន សាល់​ម៉ាន់ ជួបប្រជុំ​ទ្វេភាគី​នៅ​អា​ហ្ស​ង់​ទីន​កាលពី​ចុង​សប្តាហ៍