​ជំនាញការ​អាដហុក​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​លើ​ភ្នំ​គូលែន​

995
ចែករម្លែក

​ដោយៈ​បាយ័ន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៨​ក្រុម​អ្នកជំនាញការ​អាដហុក​នៃ​អង្គការ​យូណេស្កូ​ចំនួន​៤​រូប​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​រួមទាំង​មន្ត្រី​បរិស្ថាន​និង​ភាគី​ក្រុមហ៊ុន​សាងសង់​ផ្លូវ​បាន​ចុះ​ពិនិត្យមើល​ការសាង់សង់​ផ្លូវ​ថ្មី​លើ​ភ្នំ​គូលែន​ដើម្បី​ត្រៀម​ទទួល​យោបល់​កែលម្អ​នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​អាយ​ស៊ី​ស៊ី​-​អង្គរ​លើក​ទី​៣១ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤-៥ ខែធ្នូ ឆ្នាំ​២ ០១៨ ខាងមុខនេះ​។​

​លោក​បណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ បានឱ្យដឹងថា ក្នុង​ដំណើរ​ចុះ​ពិនិត្យ​របស់​ក្រុម​អ្នកជំនាញការ​អាដហុក​គឺ​ក្នុង​គោលបំណង​ពិនិត្យមើល​និង​តាមដាន​ការងារ​ធ្វើ​ផ្លូវ​នេះ​ថា​តើ​បាន​អនុវត្តន៍​ត្រឹមត្រូវ​ស្របតាម​អនុសាសន៍​កន្លងមក​ដែរឬទេ​ដើម្បី​ចៀសវាង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ព្រៃឈើ​និង​ទីតាំង​បុរាណ​ដ្ឋា​ន​មួយចំនួន​ត្រូវការពារ​។

​បន្ថែម​ពី​នោះ​អ្នកជំនាញ​បាន​ចុះ​ពិនិត្យមើល​រណ្តៅ​កំណាយ​ចំនួន​០៩​កន្លែង​ដែល​ក្រុមការងារ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​បាននិងកំពុង​ធ្វើ​កំណាយ​ដើម្បីឱ្យ​ដឹងថា​តើ​នៅក្រោម​ដី​ដែល​ត្រូវធ្វើ​ផ្លូវ​ពីលើ​និង​នៅ​សងខាង​ផ្លូវ​ដែល​ត្រូវធ្វើ​ផ្លូវ​នោះ មាន​បុរាណ​ដ្ឋា​ន​ឬ​រចនា​សម្ពន្ធ​អ្វីដែល​គួរ​ចៀសវាង​ឬ​អត់​។​

​លោក​បណ្ឌិត​រដ្ឋា​បន្តទៀតថា​រណ្តៅ​ចំនួន​០៩​កន្លែង​នៅ​ភូមិ​អន្លង់​ធំ​នោះ​ក្រុមការងារ​បាន​ប្រទះឃើញ​មាន​បំណែក​កុលាលភាជន៍​តិចតួច និង​បាន​ប្រទះឃើញ​រចនា​សម្ពន្ធ​ធ្វើ​អំពី​ឥដ្ឋ​ចំនួន​មួយ​រណ្តៅ តែ​មិនទាន់​អាច​សន្និដ្ឋានបានថា​ជា​អ្វី​ឱ្យ​ប្រាកដ​នៅឡើយ​ទេ គឺ​ត្រូវការ​ពេលវេលា​ដើម្បី​សិក្សា​បន្ថែម​។ ចំណែក​យោបល់​លើ​ការធ្វើ​ផ្លូវ​ភាគច្រើន​គឺ​គោរព​តាម​អនុសាសន៍​កន្លងមក​និង​មាន​កន្លែង​តិចតួច​ប៉ុណ្ណោះ​ដែល​ត្រូវ​ពង្រីក​ធំ ដោយ​យោងទៅលើ​ស្ថានភាព​ផ្លូវ​កោង ហើយ​យោបល់​កែតម្រូវ​យ៉ាងណា​នោះ នឹង​ដឹង​ពិស្តារ​នៅក្នុង​អង្គប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ នាពេល​ខាងមុខនេះ​។​

​សូម​បញ្ជាក់ដែរថា​ដំណើរ​ចុះ​ពិនិត្យ​ទីតាំង​សមិទ្ធផល​ការងារ​ការដ្ឋាន​សាង់សង់​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​បរិស្ថាន​ផ្សេងៗ​របស់​អ្នកជំនាញការ​អាដហុក​នៃ​អង្គការ​យូណេស្កូ​គឺ​តែង​ធ្វើឡើង​ជាប្រចាំ​មុន​បើក​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ​ដើម្បី​តាមដាន​រាល់​សកម្មភាព​ការងារ​ថា​ដំណើរ​ទៅតាម​អនុសាសន៍​និង​គោរព​ច្បាប់​បេតិកភណ្ឌ​ពិភពលោក​ឬ​អត់​៕S/

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម