​សេចក្តីថ្លែងការណ៍​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ ​ស្តីពី​វិធានការ​នានា ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​លំហរ​នយោបាយ​

976
ចែករម្លែក

២៥ ឆ្នាំមុន កម្ពុជា​បាន​ដំណើរការ​បោះឆ្នោត​សកល​ពហុបក្ស​ក្រោយ​សង្គ្រាម ជា​លើកទីមួយ ក្រោម​ការឃ្លាំមើល​របស់​អង្គការសហប្រជាជាតិ ស្របតាម​ខ្លឹមសារ​ស្មារតី​នៃ​កិច្ចព្រម​ព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស​។ បន្ទាប់មក​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ត្រូវបាន​អនុម័ត បង្កើតឡើង​នូវ​របបរាជានិយម​អាស្រ័យ រដ្ឋធម្មនុញ្ញ ដែល​ដឹកនាំ​ព្រះរាជាណា​ចក្រ​កម្ពុជា តាម​មាគ៌ា​នៃ​លិ​ទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ក្នុង​កាលៈទេសៈ​ដែល​អាជ្ញាធរ​បណ្តោះអាសន្ន​រប​ស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា បាន​ចាកចេញ ទៅដោយ​បន្សល់ទុក​ឲ្យ​ប្រទេស​យើង​នូវ​សន្តិ​ភាពមិន​ពេញ​លេញ​មួយ​។ ៥​ឆ្នាំ ក្រោយមក​ទើប​សន្តិភាព ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ និង​ទឹកដី​ត្រូវបាន​សំរេច​ជា​ស្ថាពរ​អាស្រ័យ​ដោយ​នយោបាយ​ឈ្នះ​-​ឈ្នះ និង​កិច្ចប្រឹងប្រែង​ដើម្បី​ផ្សះផ្សា​ជាតិ​របស់​សម្តេច​តេ​ជោនាយក​រដ្ឋមន្ត្រី​។​

​ចាប់តាំងពី​ពេលនោះ​រហូតមក ដោយមាន​ការឧបត្ថម្ភ​គាំទ្រ​ពី​មិត្ត​ភ័ក្តិ និង​ស្ថាប័ន​អន្តរជាតិ​នានា​នៅលើ​លោក កម្ពុជា​បាន​ប្រឹងប្រែង​កសាង​ប្រទេសជាតិ​ឡើងវិញ និង​លើកស្ទួយ​ជូន​ប្រជាពលរដ្ឋ របស់ខ្លួន​នូវ​សិទ្ធិសេរីភាព និង​សេចក្តីថ្លៃថ្នូរ ពិសេស​រក្សា​ការពារ​សន្តិភាព ស្ថិរភាព សន្តិសុខ​សង្គម សណ្តាប់ធ្នាប់​សាធារណៈ ជំរុញ​ការអភិវឌ្ឍ និង​លើក​កំពស់​ជីវភាព​រស់នៅរ​បស់​ប្រជាពលរដ្ឋ​គ្រប់រូប​។​

​អនុវត្ត​ដោយ​ខ្ជាប់ខ្ជួន​តាម​រដ្ឋធម្មនុញ្ញ កម្ពុជា​បានរៀបចំ​ដំណើរការ​បោះឆ្នោត​ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សា​ខេត្ត​-​ក្រុង ស្រុក​-​ខ័ណ្ឌ និង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដោយ​ទៀត​ទាត់ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ និង​ឆន្ទៈ​នយោបាយ ក្នុងការ​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត ដោយ​សេរី ត្រឹមត្រូវ តម្លាភាព និង​ជឿ​ទុកចិត្តបាន​។ ដំណើរការ​នៃ​ការបោះឆ្នោត​ទាំងនេះ បូករួម​ទាំង​រូបភាព និង​យន្តការ​ផ្សេងៗ​នៃ​ការពិគ្រោះ​យោបល់ ការធ្វើ​សេចក្តីសំរេច ការចូលរួម​របស់​ស្ថាប័ន​អង្គការ​សមាគម និង​មហាជន​នានា​ក្នុង​កិច្ចដឹកនាំ​ប្រទេសជាតិ​នោះ បាន​ពង្រឹង​បន្តិច​ម្តងៗ​នូវ​មូលដ្ឋានគ្រឹះ​នៃ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី​នៅ​កម្ពុជា​។​
​ដើម្បី​រក្សា​ការពារ​សមិទ្ធផល​ដ៏​មាន​តំលៃ​ខាងលើនេះ និង​ក្នុង​គោលដៅ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​បរិយាកាស​នយោបាយ លំហរ​ប្រជាធិបតេយ្យ ការអនុវត្ត​នូវ​សិទ្ធិសេរីភាព​ស្របច្បាប់រ​បស់​

​ប្រជាពលរដ្ឋ​គ្រប់រូប និង​ក្នុង​ស្មារតី​បង្រួបបង្រួម​ជាតិ រាជរដ្ឋាភិបាល​កម្ពុជា សូម​ជម្រាបជូន សាធារណៈមតិ​ជាតិ និង​អន្តរជាតិ អំពី​ជំហរ និង​វិធានការ​ត​ទៅមុខទៀត ដូចតទៅ​៖

១. ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ បាន​ប្រព្រឹត្ត​ទៅដោយ​សេរី យុត្តិធម៌ គ្មាន​អំពើហិង្សា និង​តម្លាភាព​។ គណបក្សនយោបាយ​ចំនួន​២០​បាន​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត​នេះ ហើយ​មាន​អ្នក​ចេញទៅ​បោះឆ្នោត​ចំនួន​៨៣,០២% ដើម្បី​សំដែង​នូវ​បំណងប្រាថ្នា​របស់ខ្លួន ចង់ឃើញ​នូវ​ការបន្ត​មាគ៌ា​សន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។​

​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​គណបក្សនយោបាយ​ចំនួន​៤១​ដែល​បាន​ចុះបញ្ជី​និង ចូលរួម​យ៉ាងសកម្ម​ក្នុងការ​លើកកម្ពស់​លិ​ទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​នៅ​កម្ពុជា​។ វិធានការ​ផ្លូវច្បាប់​ចំពោះ​គណបក្សនយោបាយ​បំពាន​ច្បាប់ គឺជា​ការអនុវត្ត​គោលការណ៍​នីតិរដ្ឋ ដើម្បី​ពង្រឹង​ដំណើរការ​លិ​ទ្ធិ​ប្រជាធិបតេយ្យ និង​ធានា​សន្តិភាព​និង​ស្ថិរភាព ដែលជា​មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ប្រកបដោយ​ចិ​រ​ភាព​រយៈពេល​វែង​។​

​ដើម្បី​លើក​កំពស់​លិ​ទ្ធិ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​ម​ន្ថែ​ម​ទៀត រដ្ឋសភាជាតិ​កម្ពុជា​កំពុង​សិក្សា​ពិនិត្យ​បញ្ញា​តិ្ត​ច្បាប់​ផ្សេងៗ ដើម្បី​អនុញ្ញាតអោយ​បុគ្គល​ដែល​ជាប់​បម្រាម​សកម្មភាព​នយោបាយ អាច​ចាប់ផ្តើម​សកម្មភាព​នយោបាយ​ខ្លួន​ឡើងវិញ​។ បន្ថែម​លើ​នេះ រាជរដ្ឋាភិបាល បាន​បង្កើត​យន្តការ​ពិគ្រោះ​យោបល់​ដែលមាន​លក្ខណ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​ប្រមូល​ធាតុ​ចូល​ពហុ​វិស័យ ជា​ប្រយោជន៍​ដល់​ការកសាង​ប្រទេស​។ ក្នុងនោះ​រួមមាន ការបង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ និង​ការបង្កើត​វេទិកា​ពិគ្រោះ​យោបល់ សាធារណៈ ក្នុង​កិច្ចដំណើរការ​បង្កើត​ច្បាប់​និង​គោលនយោបាយ​។​

​ស្របពេល​ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏បាន​អំពាវនាវ​អោយ​អង្គ​តុលាការ​ដែលជា​ស្ថាប័ន ឯករាជ្យ ព​ន្លឿ​ន​នីតិវិធី​សវន​ការ​របស់​បុគ្គល​ដែល​ជាប់​បណ្តឹង​នៅ​តុលាការ ឬ​ត្រូវបាន​គេ ចោទប្រកាន់​ស្របតាម​នីតិវិធីតុលាកា​រ ដើម្បី​ការពារ​សិ​ទិ្ធ​ពួកគាត់ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។​

២. រាជរដ្ឋាភិបាល​បាន​បេ្ត​ជ្ញា​ចិត្ត​យ៉ាង​មុតមាំ​លើកកម្ពស់​ភាពជា​ដៃគូ​ពិតប្រាកដ​ជាមួយ​អង្គកា​រ សង្គម​ស៊ីវិល លើ​គ្រប់​ទិដ្ឋភាព​នៃ​ការអភិវឌ្ឍ​សង្គម​។ ក្នុង​ស្មារតី​នេះ ក្រសួងមហាផ្ទៃ​បាន ផ្តួចផ្តើម​នូវ​វិធានការ​សំខាន់ៗ​មួយចំនួន មាន​ជាអាទិ៍​៖
− លុបចោល​នូវ​បញ្ញា​ត្តិ​តម្រូវអោយ​អង្គការ​សង្គម​ស៊ីវិល​ជូនដំណឹង​អាជ្ញាធរ​មូលដ្ឋាន ៣​ថ្ងៃ​មុននឹង​រៀបចំ​សកម្មភាព​ផ្សេងៗ​។​
− រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ទៀងទាត់​ជាមួយ​សង្គម​ស៊ីវិល រៀងរាល់​៦​ខែម្តង ឬ នៅពេល​ចាំបាច់​។ វេទិកា​ពិគ្រោះ​យោបល់​លើក​ទី​២​គ្រោង​រៀបចំឡើង​នៅ​ខែមករា​

​ឆ្នាំ ២០១៩​។ រូបភាព​ប្រហាក់ប្រហែល​នឹង​វេទិកា​ពិគ្រោះ​យោបល់​ខាងលើនេះ​ក៏​នឹងត្រូវ​រៀបចំ​នៅ​ថ្នាក់​ខេត្ត​/​ក្រុង​ផងដែរ​។​
− បង្កើត​ក្រុមការងារ​អន្តរក្រសួង​ដឹកនាំ​ដោយ​ក្រសួងមហាផ្ទៃ ដើម្បី​ដោះស្រាយ​សំណើ​និង​កង្វល់​របស់​​អង្គការ​សង្គម​ស៊ីវិល រួមទាំង​បញ្ហា​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល ព្រមទាំង​សំណើ​វិសោធនកម្ម​។​

​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​នឹង​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់ ជាមួយនឹង​អង្គការក្រៅរដ្ឋាភិបាល​អ​ន្ត​រ​ជាតិ​ផងដែរ​។​

៣. រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន ដើម្បី​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ការងារ និង​សហជីព​។ ក្នុងនោះ រាជរដ្ឋាភិបាល​បាន​បង្កើត​គណកម្មការ​ជាតិ​មួយ ដើម្បី​ពិនិត្យឡើងវិញ​នូវ​អនុសញ្ញា​អន្តរជាតិ​ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន​កន្លង​មក និង ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​អង្គការ​ពលកម្ម​ពិភពលោក​។ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏បាន​ដាក់ជូន​អង្គការ​ពលកម្ម​ពិភពលោក​នូវ​ផែនទី បង្ហាញផ្លូវ កាលពី​ខែកក្កដា ឆ្នាំមុន ដើម្បី​ឆ្លើយតប​នឹង​អនុសាសន៍​១០​ចំណុច ដែល​បាន អនុម័ត​នៅក្នុង​ស​ន្និសិទ​ពលកម្ម​អន្តរជាតិ​លើក​ទី​១០៦ កាលពី​ឆ្នាំ​២០១៧​។​

​លើសពីនេះ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​បង្កើត​ក្រុមការងារ​មួយ ដើម្បី​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​អាជីព តំណាង​និ​យោ​ជិ​ក​និង​និយោជក ព្រមទាំង​ភាគី​ពាក់ព័ន្ធ សំដៅ​ដោះស្រាយ​ការ​ប្រឈម​របស់​ពួកគេ ក្នុងការ​អនុវត្ត​ច្បាប់ សហជីព​។ ក្រុមការងារ​នេះ​ក៏​នឹង​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់ ដើម្បី​ប្រមូល​សំណើ​ផ្សេងៗ​ពី ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើអោយ​ច្បាប់​សហជីព​មាន​ភាពប្រសើរឡើង ក្នុងករណី​ចាំបាច់​។​

​សម្រាប់​សហជីព​ដែល​ជាប់​បណ្តឹង​នៅ​តុលាការ រាជរដ្ឋាភិបាល​បាននិងកំពុង​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ព​ន្លឿ​ន​ដំណោះស្រាយ អនុលោម​តាមច្បាប់​និង​នីតិវិធី​ជា​ធរមាន សំដៅ ធានា​ការលើកកម្ពស់​សិទ្ធិ​និង​សេរីភាព​របស់​សហជីព ក្នុង​កិច្ចការពារ​សិទ្ធិ​ពលករ​។​

៤.​រាជរដ្ឋាភិបាល​តែងតែ​យក​ចិក​ទុកដាក់​ក្នុងការ​លើកតម្កើង​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ ស្របតាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ជា​ធរមាន​។​

​កន្លងមក មានការ​ចោទប្រកាន់​អំពី​ការ​រិត​ត្បិត​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ជាពិសេស ករណី​របស់​ព្រឹត្តិប័ត្រ​ព័ត៌មាន​ឌឹ​ខេ​ម​បូ​ឌា​ដេលី វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សម្លេង​អាមេរិក​។ ខាងក្រោម​នេះ​គឺជា​ការពិត​សម្រាប់​ករណី​ទាំងនោះ​៖
− ព្រឹត្តិប័ត្រ​ព័ត៌មាន​ឌឹ​ខេ​ម​បូ​ឌា​ដេលី បានសម្រេច​បិទ​ការបោះពុម្ពផ្សាយ​ដោយ​ខ្លួនឯង ព្រោះ​គេចវេស​មិន​បំពេញ​កាតព្វកិច្ច​ពន្ធដា​រ ស្របតាម​ច្បាប់​ពន្ធដារ​កម្ពុជា​។ ក្នុងករណី​ដោះស្រាយ​បំណុល​ពន្ធដារ​រួចរាល់​ហើយ ព្រឹត្តិប័ត្រ​ព័ត៌មាន​នេះ​អាច​ចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​ឡើងវិញ​។​

− វិទ្យុ​អាស៊ីសេរី​និង​វិទ្យុ​សម្លេង​អាមេរិក​បាន​ផ្តួចផ្តើម​គំនិត​បិទ​ការិយាល័យ​តំណាង​ដោយ​ខ្លួនឯង​។ ដូច្នេះ ស្ថានីយ៍​វិទ្យុ​ទាំងពីរ​ក៏មាន​សេរីភាព​បើក​ការិយាល័យ​ខ្លួន​នៅ​កម្ពុជា​ឡើងវិញ​បានដែរ​។​

៥.​ទោះបី​ប្រព័ន្ធគ្រប់គ្រង​ដីធ្លី​នៅ​កម្ពុជា​ត្រូវបាន​បំផ្លាញ​ទាំងស្រុង​ដោយ​សង្គ្រាម​និង​របប​ប្រល័យពូជសាសន៍ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​និង​ច្បាប់ ដើម្បី​គ្រប់គ្រង​វិស័យ​ដីធ្លី​ឡើងវិញ ដើម្បី​ធានា​សិទ្ធិ​និង​ប្រយោជន៍​របស់​ប្រជាជន​និង​ការប្រើប្រាស់​ដី​អោយបាន​ត្រឹមត្រូវ​។​

​ចំពោះ​ករណី​ដី​សម្បទាន​ស្ករអំពៅ រាជរដ្ឋាភិបាល​បាន​ប្រឹងប្រែង​ធ្វើ​កិច្ចការ​ជាច្រើន ដើម្បី សម្របសម្រួល​និង​ដោះស្រាយ​ជម្លោះ​នៅ​សេសសល់​អោយ​ចប់សព្វគ្រប់​។​

​ពាក់ព័ន្ធ​នឹង​ករណី​នៅ​ខេត្តកោះកុង និង​ខេត្តព្រះវិហារ ក្រសួង​ដែនដី នគរូបនីយកម្ម និង សំណង់ នឹង​បង្កើត​ក្រុមការងារ​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​សេសសល់​ទាំងនោះ និង ស្វាគមន៍​ការចូលរួម​ពី​តំណាង​សហភាព​អឺរ៉ុប អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ក្នុង​មូល ដ្ឋា​ន​។​

​បន្ថែម​លើ​នេះ រាជរដ្ឋាភិបាល​នឹង​បន្ត​ដោះស្រាយ​ជម្លោះដីធ្លី​ផ្សេងទៀត ជម្រុញ​និង​ព​ន្លឿ​ន​ការចុះបញ្ជី​ដី​ទូទាំងប្រទេស រួមទាំង​ការចុះបញ្ជី​ដី​សម្រាប់​សហគម​ជនជាតិភាគតិច ផ្តល់​ដី​សម្បទាន​សង្គម​និង​ដី​សម្រាប់​ផលិតកម្ម​ដល់​ប្រជាជន​ដែល​ពុំមាន​ដី ព្រមទាំង​លើកទឹកចិត្ត​អោយមាន​ការអភិវឌ្ឍ​ផ្ទះសំបែង​សម្រាប់​អ្នក​ចំណូល​ទាប​។​

​រាជរដ្ឋាភិបាល​សង្ឃឹម​លើ​ការជួយ​គាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រួមចំណែក​ក្នុង កិច្ចប្រឹងប្រែង​ខាងលើ សំដៅ​ធានា​បង្កើត​សង្គម​មួយ​ប្រកបដោយ​សន្តិភាព​និង​សុខដុម រម​នា ដែល​គ្រប់គ្នា​គោរព​ទាំងស្រុង​នូវ​នីតិរដ្ឋ​៕

​ថ្ងៃ​ចន្ទ ១១​រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​. ២៥៦២
ភ្នំពេញ ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨​

ទីតាំងផ្សាយពាណិជ្ជកម្ម