ក្រុម​មេធាវី​ចង់ឱ្យ​តារា​សិច​បង់លុយ ៣៤ ម៉ឺន​ដុល្លារ​ដល់​លោក​ត្រាំ ថ្លៃ​រត់ការ​ផ្លូវច្បាប់​

1454
ចែករម្លែក

​ក្រុម​មេធាវី​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចង់ឱ្យ​តារាភាពយន្ដ​សិច នាង​ស្ត​មមី ដា​នី​ញែ​ល បង់ប្រាក់ ៣៤០.០០០ ដុល្លារ​ថ្លៃ​រត់ការ​ផ្លូវច្បាប់ ដែល​ពួកគេ​អះអាងថា ពួកគេ​ទទួលបាន​ដោយ​ជោគជ័យ​ក្នុងការ​ការពារ​ក្តី​ឱ្យ​លោក​ត្រាំ​ប្រឆាំងនឹង​ការប្តឹង​បរិហារកេរ្តិ៍​បរាជ័យរ​បស់​នាង​។​

​ក្រុម​មេធាវី​ទាំងនោះ​គ្រោង​មកដល់​បន្ទប់​តុលាការ​សហព័ន្ធ​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ឡេស កាលពី​ថ្ងៃ​ចន្ទ​ទី​៣ ដើម្បី​បង្កើត​សំណុំរឿង​មួយ​ដើម្បី​ប្រមូល​ថ្លៃ​រត់ការ​ផ្លូវច្បាប់ ដោយសារតែ​ល្បែង​និង​ល្បិចកល​ដ៏​គឃ្លើន​ធ្វើឡើង​ដោយ​មេធាវី ម៉ៃ​ឃើ​ល អា​វ៉េ​ណាត​ទី ដែល​តំណាងឱ្យ​នាង​ដា​នី​ញែ​ល​។​

​ដា​នី​ញែ​ល ដែលមាន​ឈ្មោះ​ពិត​ថា ស្តេ​ហ្វា​នី គ្លី​ហ្វ​ហ្វ​ត បាន​ចោទប្រកាន់​នាង​ថា​មាន​ទំនាក់ទំនង​លើ​គ្រែ​មួយ​យប់​ជាមួយ​លោក​ត្រាំ​នៅ​ឆ្នាំ ២០០៦​។ នាង​បាន​ប្តឹង​គាត់​កាលពីដើម​ឆ្នាំនេះ​ក្នុង​បំណង​ធ្វើឱ្យ​មោ​ឃៈ​កិច្ចព្រមព្រៀង​ដែល​មិនអាច​លាតត្រដាង​ជា​សាធារណៈ​បាន ដែល​នាង​បាន​ចុះហត្ថលេខា​ប៉ុន្មាន​ថ្ងៃមុន​ការបោះឆ្នោត​ឆ្នាំ ២០១៦ ជា​ផ្នែក​មួយ​នៃ​ថ្នូរ​ជា​ប្រាក់​បំបិតមាត់ ១៣០.០០០ ដុល្លារ​។ លោក​ត្រាំ​បាន​បដិសេធថា​ពុំមាន​ទំនាក់ទំនង​លើ​គ្រែ​ជាមួយ​នាង​នោះទេ ប៉ុន្តែ​បាន​ទទួលស្គាល់ថា​ធ្លាប់​ទូទាត់​លុយ​ឱ្យទៅ​នាង​ដា​នី​ញែ​ល​។​

​ថ្វីបើ​មាន​កិច្ចព្រមព្រៀង​ដើម្បីឱ្យ​នាង​នៅ​ស្ងៀមស្ងាត់​ក៏ដោយ ក៏ប៉ុន្តែ​ដា​នី​ញែ​ល​នៅតែ​និយាយ​វា​ជា​សាធារណៈ ហើយ​បាន​និយាយថា ៥ ឆ្នាំ​បន្ទាប់ពី​មានអីៗ​ជាមួយ​ត្រាំ នាង​ត្រូវបាន​គំរាមកំហែង​ឱ្យនៅ​ស្ងៀម​ដោយ​បុរស​ម្នាក់​ដែល​នាង​មិន​ស្គាល់​នៅ​ចំណតរថយន្ត​របស់​ក្រុង​ឡាស​វេ​ហ្គាស​។ នាង​ក៏បាន​ចេញ​នូវ​គំនូរព្រាង​នៃ​បុរស​អាថ៌កំបាំង​នោះ​ផងដែរ​។​

​នាង​បាន​ប្តឹង​ត្រាំ​ពីបទ​បរិហារកេរ្តិ៍​បន្ទាប់ពី​គាត់​បាន​ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះ​តាមរយៈ Twitter ថា “​រូប​ព្រាង​ជាច្រើន​ឆ្នាំ​ក្រោយមក​អំពី​បុរស​គ្មាន​វត្តមាន​លើ​លោក​នេះ​។ ជាការ​ងារ​បោកប្រាស់​សុទ្ធសាធ​។ កំពុង​លេង​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​បើក​បញ្ឆោត​គេ (​ប៉ុន្តែ​គេ​បានដឹង​រឿងនេះ​អស់​ទៅហើយ​)!”​។​

​ចៅក្រម​តុលាការ​អាមេរិក​លោក អេស ជែ​ម អូ​តេ​រ៉ូ បានសម្រេច​កាលពី​ខែតុលា​ថា សម្តី​លើកឡើង​របស់លោក​ត្រាំ​គឺជា “​សម្តី​បញ្ឆិតបញ្ឆៀង​” ប្រឆាំងនឹង​សត្រូវ​នយោបាយ និង​ជាស​ម្តី​ដែល​ត្រូវបាន​ការពារ​ក្រោម​វិសោធនកម្ម​ទី ១​។ លោក​អូ​តេ​រ៉ូ​បាន​និយាយថា លោក​ត្រាំ​មាន​សិទ្ធិ​ទទួលបាន​ថ្លៃឈ្នួល​រត់ការ​ផ្លូវច្បាប់​៕ ដោយ៖ កញ្ញាដាលីស

មេធាវី​ត្រាំ​ទាមទារ​ឱ្យ​នាង​ស្ត​មមី ដា​នី​ញែ​ល សង​ថ្លៃ​រត់ការ​ផ្លូវច្បាប់ ៣៤​ម៉ឺន​ដុល្លារ