លូ​កាស ម៉ូ​ដ្រិ​ច ឈ្នះ​ពាន​បាល់​មាស​

1365
ចែករម្លែក

​លូ​កាស ម៉ូ​ដ្រិ​ច បាន​ផ្តួល​គ្រប់​គូប្រជែង​មកពី​ក្រុម​ជម្រើសជាតិ​បារាំង​ដែល​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ខណៈដែល​ខ្សែបម្រើ​ជម្រើសជាតិ​ក្រូ​អាស៊ី និង Real Madrid រូបនេះ​ឈ្នះ​ពានរង្វាន់​បាល់​មាស (Ballon d’Or) ឆ្នាំ ២០១៨ កាលពី​ថ្ងៃ​ចន្ទ ទី​៣ ធ្នូ ដោយ​បញ្ចប់​ការក្តោបក្តាប់​រយៈពេល​១០​ឆ្នាំ​លើ​ពានរង្វាន់​នេះ​ពី​សំណាក់​គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ និង​លី​អូ​នែ​ល ម៉េ​ស​ស៊ី​។

​ម៉ូ​ដ្រិ​ច​អាយុ ៣៣ ឆ្នាំ​ត្រូវ​បានប្រកាស​ជា​ជ័យលាភី​នៃ​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ​នៅក្នុង​ពិធី​ដ៏​ធំ​រៀបចំឡើង​នៅ​ទីក្រុង​ប៉ារីស​។ រ៉ូ​ណា​ល់​ដូ ជាប់​លេខ ២ និង​ខ្សែប្រយុទ្ធ​បារាំង​របស់ Atl. Madrid អង់​ទ័ន គ្រី​ស្មាន់ ជាប់​លេខ​៣​។

​ខ្សែប្រយុទ្ធ​ជំទង់​របស់ PSG ខាយ​លៀន អេ​ម​បា​ហ្វេ ជាប់​លេខ ៤ ហើយ​ម៉េ​ស​ស៊ី ជាប់​លេខ ៥​។ មិត្ត​រួម​ក្រុម​របស់​ម៉ូ​ដ្រិ​ច គឺ​ខ្សែការពារ​បារាំង រ៉ា​ហ្វា​អែល វ៉ា​រ៉ា​ណេ ជាប់​លេខ ៧ នៅ​ពីក្រោយ​ខ្សែប្រយុទ្ធ​អេ​ហ្ស៊ី​បរ​បស់ Liverpool ម៉ូ​ហា​ម៉ា​ត សា​ឡាស ដែល​ជាប់​លេខ​៦​។​

​ម៉ូ​ដ្រិ​ច​និយាយថា “​កាល​នៅ​ក្មេង យើងទាំងអស់គ្នា​សុទ្ធ​តែមាន​ក្តី​សុបិន​។ ក្តី​សុបិន​របស់ខ្ញុំ​គឺ​លេង​បាល់​ឱ្យ​ក្លិប​ធំ​មួយ និង​ឈ្នះ​ពានរង្វាន់​សំខាន់ៗ​ឱ្យបាន​ច្រើន​។ ពាន​បាល់​មាស​គឺ​លើសពី​ក្តី​សុបិន​ទៅទៀត​សម្រាប់​ខ្ញុំ ហើយ​វា​ពិត​ជាមាន​កិត្តិយស​និង​បុព្វសិទ្ធិ​ខ្លាំងណាស់​ដែល​បាន​កាន់​ពានរង្វាន់​នេះ​”​។​

​ដោយឡែក កីឡាការិនី​សញ្ជាតិ​ន័​រ​វែ​ស នាង​អា​ដា ហេ​ហ្គឺ​បឺ​ក របស់​ក្លិប Lyon បានឈ្នះ​ពានរង្វាន់​បាល់​មាស​សម្រាប់​បាល់ទាត់​ស្រី​៕ ដោយ៖ កញ្ញាដាលីស

(​រាប់​ពីឆ្វេង​) នាង​អា​ដា ហេ​ហ្គឺ​បឺ​ក​, លូ​កាស ម៉ូ​ដ្រិ​ច និង ខាយ​លៀន អេ​ម​បា​ហ្វេ

ទីតាំងផ្សាយពាណិជ្ជកម្ម