សិង្ហ​បុរី​ជាប់​ជាទី​ក្រុង​ថ្លៃ​បំផុត​លេខ​២​នៅ​អាស៊ី​

838
ចែករម្លែក

​ដោយ​ជំរុញ​ខ្លាំង​ដោយសារ​លុយ​ដុល្លារ​សិង្ហ​បុរី​ដ៏​រឹងមាំ សាធារណរដ្ឋ​នេះ​ឥឡូវ​បាន​ក្លាយជា​ទីក្រុង​ថ្លៃ​បំផុត​លំដាប់​ទី ២ នៅ​អាស៊ី ដោយ​ឡើង​មួយ​កាំ​ពី​លេខ​៣ សម្រាប់​ការរស់នៅ​ប្រកបដោយ​ប្រណីតភាព​។ នេះ​យោងតាម​របាយការណ៍​ទ្រព្យសម្បត្តិ​ចុងក្រោយបង្អស់​របស់​ធនា​គារ​ឯកជន Julius Baer​។​

​របាយការណ៍​ទ្រព្យសម្បត្តិ​ឆ្នាំ ២០១៨​នេះ បាន​តាមដាន​នូវ​និន្នាការ​ចំណាយ​ទៅលើ​របស់​ប្រណីត​របស់​បុគ្គល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​នៅ​អាស៊ី ដែលជា​ទូទៅ​គឺកំណត់​ទៅលើ​អ្នក​ដែលមាន​ទ្រព្យសម្បត្តិ​សុទ្ធ ១ លាន​ដុល្លារ​ឬ​ច្រើនជាង​នេះ ដោយ​មិន​រាប់បញ្ចូល​អចលនទ្រព្យ ដែលជា​ទីលំនៅ​សំខាន់​របស់​ពួកគេ​។​

​សិង្ហ​បុរី​ចាញ់​តែ​ទីក្រុង​សៀង​ហៃ​មួយ​ប៉ុណ្ណោះ ដែល​វ៉ា​ដាច់​ហុងកុង​ផ្អែកលើ​មូលដ្ឋាន​តម្លៃ​។ យោងតាម​ធនាគារ Julius Baer ទីក្រុង​សៀង​ហៃ​គឺជា​ទីក្រុង​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​សម្រាប់​រឿង ៦ យ៉ាង គឺ​ការ​ស្នាក់នៅ​មន្ទីរពេទ្យ នាឡិកាដៃ កាបូប ស្រា គ្រឿងអលង្ការ និង ឡេ​លាប​ស្បែក​។​

​ផ្ទុយទៅវិញ ទីក្រុង​គូ​ឡា​ឡាំ​ពួ​នៅតែ​ជាទី​ក្រុងមាន​តម្លៃថោក​បំ​ផុត​របស់​អាស៊ី​សម្រាប់​ទំនិញ​និង​សេវាកម្ម​ប្រណីត ជាពិសេស​អចលនទ្រព្យ ផ្ទះ​ស្នាក់នៅ ស្រា គ្រឿងអលង្ការ ព្យា​ណូ និង​រថយន្ត បើ​ប្រៀបធៀប​ទៅនឹង​ទីក្រុង​នានា​នៅ​អាស៊ី​។​

​បន្ទាប់ពី​ការ​ងើបឡើង​វិញ​យ៉ាង​ខ្លាំងក្លា​ចាប់តាំងពី​ឆ្នាំ ២០១៥ ការប្រើ​របស់​ប្រណីត​លើ​សកលលោក​ត្រូវបាន​រំពឹងថា​នឹងមាន​កម្រិត​មធ្យម​ស្របទៅតាម​កម្រិត​សេដ្ឋកិច្ច​អស្ចារ្យ​របស់​ចិន ប៉ុន្តែ​តម្រូវការ​ពី​ប្រជាជន​ចិន​ដែល​កើត​នៅ​ដើម​សហស​វត្សរ៍​ថ្មី​និង​ការចំណាយ​របស់​ស្ត្រី​កាន់តែ​ច្រើនឡើង ត្រូវបាន​គេ​រំពឹងថា​នឹង​ជួយ​ទ្រទ្រង់​ដល់ទី​ផ្សារ​វត្ថុ​ប្រណីត​ក្នុង​រយៈពេល​វែង​។​

​នៅក្នុង​របាយការណ៍​នេះ ធនា​ការ Julius Baer បាន​ណែនាំ​នូវ​ស​ន្ទ​ស្សន៍​ថ្មី​របស់ខ្លួន​ហៅថា His & Hers Index ដែល​ស្វែងរក​ទំនិញ​ប្រណីត​សម្រាប់​ស្ត្រី ដែល​ចាយវាយ​ខ្លាំង​ជាង​បុរសៗ​នៅ​អាស៊ី​។ ស​ន្ទ​ស្សន៍​នេះ​នឹង​ប្រៀបធៀប​តម្លៃ​នៃ​ទំនិញ​ប្រណីត​ជាច្រើន​ទាក់ទង​នឹង​ការតុបតែង​និង​សំអិតសំអាង​ផ្ទាល់ខ្លួន ក្នុងនោះ​មានដូចជា គ្រឿង​ពាក់​លើ​ដៃ កាបូប សម្លៀកបំពាក់ ស្បែកជើង និង​ទឹកអប់ សម្រាប់​មនុស្ស​ទាំង​២​ភេទ​នៅក្នុង​ទីក្រុង​អាស៊ី​ទាំងអស់​។​

​ទីក្រុង​សេ​អ៊ូ​ល​ជាប់​ចំណាត់ថ្នាក់​ថ្លៃ​បំផុត​នៅ​អាស៊ី​សម្រាប់​ទំនិញ​ប្រណីត​របស់​បុរស​និង​ស្ត្រី​។ ផ្ទុយទៅវិញ ទីក្រុង​ហ្សា​ការ​តា​និង​ទីក្រុង​ម៉ុម​បៃ​ផ្តល់ជូន​តម្លៃថោក​បំផុត​សម្រាប់​ទំនិញ​ប្រណីត​របស់​បុរស​និង​ស្ត្រី​៕ ដោយ៖ កញ្ញាដាលីស

ទីក្រុង​សិង្ហ​បុរី

ទីតាំងផ្សាយពាណិជ្ជកម្ម