​មន្រ្តីអតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បំរាម​និង​គោរព​សាលដីការ​តុលាការ​កំពូល ទំនងជា​មានសង្ឃឹម​

1128
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា នៅក្នុង​បំរាម​របស់​តុលាការ​កំពូល ហាមឃាត់​សកម្មភាព​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​រូប គឺមាន​មួយចំនួន​មិនបាន​គោរព​តាម​សាលដីកា​របស់​តុលាការ​កំពូល​ទេ តែមាន​មួយចំនួនធំ​បាន​គោរព​តាម​សាលដីកា​តុលាការ​កំពូល​។

សម្តេចក្រឡាហោមសខេង

​សម្តេច​ក្រឡាហោម​បាន​បន្តទៀតកាលពីព្រឹកថ្ងៃទី៤ខែធ្នូនេះទៀតថា សាលដីកា​របស់​តុលាការ​កំពូល​ដាក់​បំរាម​បិទផ្លូវ​តវ៉ា ទាល់តែ​៥​ឆ្នាំ​បាន​ផុត​។ តែ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ មានតែ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​បើក​ច្រក ហើយ​រដ្ឋសភា​កំពុងតែ​ធ្វើ​សេចក្តីស្នើច្បាប់​នេះ ដើម្បី​ផ្តល់​លទ្ធភាព​អ្នក​គោរព​សាលដីកា​មានលទ្ធភាព​ដកចេញ​បំរាម អាចមាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។​

​តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន​៨៧​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តួច​ផ្តើមធ្វើ​សេចក្តីស្នើច្បាប់​ស្តីពី​វិ​សោ​ជន​កម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បញ្ជាក់​នៅក្នុង​សន្និសីទកាសែត​កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា​។​
​ ​លោក​ឡេង ប៉េងឡុង មានប្រសាសន៍ថា សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះ ជាការ​បន្ថែម​នូវ​វាក្យខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) គឺ “​បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​មិនអាច​បង្កើត​គណបក្សនយោបាយ ឬ​ចូលរួម​ក្នុង​គណបក្សនយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។ បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុងករណី​ដែល​បុគ្គល​នោះ​ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយ​កករ​ដ្ឋ​មន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​”​។​
​ ​លោក​បាន​បញ្ជាក់ថា វិសោធនកម្ម​ខាងលើនេះ មាន​គោលដៅ​សំខាន់ៗ​ពីរ គឺៈ បញ្ជាក់​ឲ្យ​ច្បាស់​តាមផ្លូវ​ច្បាប់​អំពី​ករណី​បុគ្គល​ដដែល​ត្រូវបាន​តុលាការ​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ និង​បើក​លទ្ធភាព​ឲ្យ​បុគ្គល​ប្រភេទ​ខាងលើ​អាច​ទទួលបាន​នីតិសម្បទា​ឡើងវិញ​តាមច្បាប់​នេះ​។ វិសោធន​កម្មនេះ ក៏មាន​គោលបំណង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស នីតិរដ្ឋ ព្រមទាំង​លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ​ផងដែរ​។ ដោយ​លោក​បាន​លើកឡើងថា “​ការធ្វើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នេះ កន្លងមក​ច្បាប់​ក៏មាន​ខ្វះចន្លោះ​តិច​ដែល​យើង​មិនបាន​គិតគូរ​ដល់​គាត់​ទេ (​អ្នក​ដែល​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​) ។​ឥឡូវនេះ យើង​គិតគូរ​ដល់​គាត់ បើសិនជា​អ្នកនោះ ត្រូវ​នាយករដ្ឋមន្ត្រី​វាយតម្លៃថា គាត់​មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​ទេ នាយករដ្ឋមន្ត្រី​អាច​ស្នើសុំ​ព្រះមហាក្សត្រ​ផ្តល់​នីតិសម្បទា​ឡើងវិញ ហើយ​ចាប់ធ្វើ​នយោបាយ​ឡើងវិញ​បាន តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​”​។​

​ ​អគ្គលេខាធិការ​រដ្ឋសភា​បាន​បញ្ជាក់ថា នេះ​ជា​ច្បាប់​មួយ​ដែល​បំពេញបន្ថែម​ទៅ​ច្បាប់​មុន គឺ​មាត្រា​៤៥​ចាស់ ដែល​មិនបាន​គិតគូរ​គ្រប់​ជ្រុងជ្រោយ​ដល់​អ្នក​ដែល​តុលាការ​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​។ ឥឡូវ​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) បាន​គិតគូរ​ទៅដល់​អ្នក​ដែល​ត្រូវ​តុលាការ​ហាម​ហើយ​អាច​ត្រូវ​ផ្តល់​នីតិសម្បទា​ឡើងវិញ ដោយ​ព្រះមហាក្សត្រ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី ដោយមាន​ការស្នើសុំ​រប​ស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​ច្បាប់​នេះ ពាក់ព័ន្ធ​ចំពោះ​អ្នក​ដែល​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ (១១៨​រូប​) ប៉ុន្តែ​ត្រង់​ថា សម្តេចនាយក​រដ្ឋមន្ត្រី​ស្នើសុំ​ផ្តល់​ឲ្យ​នីតិសម្បទា​ដល់​អ្នកណាខ្លះ គឺ​លោក​មិនដឹង​ទេ ពីព្រោះ​សម្តេច​នាយក​រដ្ឋមន្ត្រី​ជា​អ្នកសម្រេច​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម