ក្រូចថ្លុង​ក្រចេះ​បំរើ​ទីផ្សារ​មិន​គ្រប់គ្រាន់​ទេ​

1594
ចែករម្លែក
  • 1
    Share

ដោយ:មូល​សម្បត្តិ​/​ភ្នំពេញ​ ៖ ៦​ខែ​ហើយ​មកទល់​ខែធ្នូ​នេះ ដែល​ក្រូចថ្លុង​ខេត្តក្រចេះ​បានទទួល​សញ្ញា​សំគាល់​ភូមិសាស្ត្រ​ឬ​GI ​ពី​ក្រសួងពាណិជ្ជកម្ម​សម្រាប់​ផ្លែ​ក្រូចថ្លុង ដែល​ល្បី​មាន​រស់ជាតិ​ឆ្ងាញ់​ជាង​ក្រូចថ្លុង​ណាៗ​ទាំងអស់​នៅ​កម្ពុជា​យើង​នេះ​។ ​ពិសេស​ក្រូចថ្លុង​នៅ​កោះ​ទ្រុង​ ដែល​ស្ថិតនៅ​ត្រើយម្ខាង​នៃ​ក្រុង​ក្រចេះ​តែម្តង​។​

លោកស្រី ​ជាង រី​ណា​ ប្រធាន​សហគមន៍​អ្នក​ដាំ​ក្រូចថ្លុង​ខេត្តក្រចេះ​បាន​ប្រាប់ឲ្យដឹងនេះ​ថា ​ក្រោយពី​ទទួល​បាន​GI​ ឬ​ស្លាក​សញ្ញា​សំគាល់​ភូមិសាស្ត្រ​ ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម​មក ធ្វើឲ្យ​ក្រូចថ្លុង​ឡើងថ្លៃ​ខ្ពស់​ គឺ​ថ្លៃ​១៤០០រៀល​ក្នុង១​ផ្លែ​ ​ដែល​មុន​ការផ្តល់​ស្លាក​សញ្ញា​នេះ​ថ្លៃ​មួយ​ផ្លែ​តែ​៦០០០រៀល​ប៉ុណ្ណោះ​។​

លោកស្រីបន្ដថា យើង​ផ្សព្វផ្សាយ​នៅលើ​ទីផ្សារ​ទៅលើ​ផលិតផល​មួយ​នេះ​គឺ​បាន​ច្រើនណាស់ តែ​យើង​ខ្វះ​ក្រូច​បម្រើឲ្យ​ទីផ្សារ​ទៅវិញ​។​ ផ្គត់ផ្គង់​បានតែ​ក្នុង​ទីផ្សារ​ក្រចេះ​មួយគត់​មកដល់​បច្ចុប្បន្ន​នេះ​។ ​មិនអាច​បោះ​មកលើ​ទីផ្សារ​ធំៗ​នៅ​ភ្នំពេញ​និង​ខេត្តសៀមរាប​បាន​នោះទេ​ មកទល់ពេលនេះ​។​ ហើយ​ផ្ទៃដី​ពង្រីក​ដំណាំ​ក្រូចថ្លុង​ក៏​មិនឃើញ​សញ្ញា​ណា​ឲ្យមាន​ការដាំ​ថ្មី​នោះទេ ក្រៅតែពី​បរិវេណ​ក្នុង​តំបន់​កោះ​ទ្រុង​នោះទេ​។


ដោយឡែក​លោក ​គុយ ហ៊ួ​ត​ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​មានប្រសាសន៍ថា​ ផ្ទៃដី​ក្រូច​ថ្លុង​ត្រូវបាន​ពង្រីក​ដាំ២០​ហិកតា​បន្ថែមទៀត​នៅ​ស្រុក​ចំនួន​បី ក្រៅពី​កោះ​ទ្រុង ​គឺ​គេ​ដាំ​ដោយ​ដោយ​ប្រើ​វិធី​ផ្សាំ​មែក ប្រើពេល​បី​ឆ្នាំ​បានទទួល​ផល​ហើយ​។​

​លោកស្រី​ប្រធាន​សមាគមន៍​បាន​ប្រាប់ថា​ យើង​មិនអាច​បិទ​ស្លាក​សញ្ញា​នៅលើ​ផ្លែក្រូច ​ដែល​បាន​លក់​លើ​ទីផ្សារ​ទាំងអស់​គ្រប់​ផ្លែ​នោះទេ​។​ យើង​បិទ​ស្លាក​នេះ​នៅពេលដែល​បាន​ទៅ​ចូលរួម​ពិធី​តាំង​ពិ​ពណ៌​ធំៗ​តែប៉ុណ្ណោះ​។​

លោក ​ប៊ុន ​ប្រធាន​សហគមន៍​ទេសចរណ៍​កោះ​ទ្រុង​បាន​ប្រាប់ថា​ កោះ​ទ្រុងមាន​ក្រូចថ្លុង​ដាំ​រួច​ចំនួន​៥០០០​ដើម​​តែ​ក្រូច​កំពុង​ទទួលផល​តែ១០០០​ដើម​ទេ​។ មួយ​ឆ្នាំឲ្យផល​២​ដង​។ ​យើង​មិនអាច​ផ្តល់ឲ្យ​ទីផ្សារ​គ្រប់គ្រាន់​នោះទេ​។​ ក៏ប៉ុន្តែ​សហគមន៍​អ្នក​ដាំ​ក្រូច​ត្រូវបាន​លើក​កម្ពស់​ ដោយសារ​មួយចំណែក​ធំ​បាន​ចំណូល​មកពី​លក់​ក្រូច​ដ៏​ឆ្ងាញ់​នេះ​មកកាន់​ទីផ្សារ​រៀងរាល់​រដូវ៕B/​

ទីតាំងផ្សាយពាណិជ្ជកម្ម