ក្មេង​ភ្លោះ​បង់​ក្លា​ដែ​ស​ខ្លួន​ជាប់​គ្នា អាច​ត្រឡប់ទៅផ្ទះ​វិញ​បាន​ហើយ បន្ទាប់ពី​វះកាត់​បំបែកចេញ​ពីគ្នា​

1511
ចែករម្លែក

​វេជ្ជបណ្ឌិត​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៤​ធ្នូ​ថា កូនភ្លោះ​បង់​ក្លា​ដែ​ស​ខ្លួន​ជាប់​គ្នា​តាំងពី​កំណើត បាន​ត្រឡប់ទៅផ្ទះ​វិញ​ហើយ ពោលគឺ​ជិត​មួយឆ្នាំ​កន្លះ បន្ទាប់ពី​ត្រូវបាន​វះកាត់​បំបែកចេញ​ពីគ្នា​នៅក្នុង​ការវះកាត់​ជោគជ័យ​លើកដំបូង​របស់​ប្រទេស​នេះ​។​

​ក្មេងស្រី​ភ្លោះ​អាយុ ២ ឆ្នាំ ឈ្មោះ តូ​ហ្វា និង ថា​ហ៊ូ​រ៉ា ដែល​ជាប់​គ្នា​ត្រង់​ឆ្អឹងខ្នង​និង​ត្រង់​ត្រគាក បានទទួល​ការវះកាត់ ៩ ម៉ោង​កាលពី​ខែសីហា​ឆ្នាំ ២០១៧ ដែល​ធ្វើឡើង​ដោយ​ក្រុម​វេជ្ជបណ្ឌិត​ចំនួន ២០ នាក់​។​

​លោកស្រី សា​នួ អ៊ីស្លាម គ្រូពេទ្យ​វះកាត់​កុមារ ដែល​ដឹកនាំ​ការវះកាត់​ជា​ប្រវត្តិសាស្ត្រ​នេះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​ពួកគេ​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​នៅ​យប់​ថ្ងៃ​ចន្ទ (៣​ធ្នូ​) បន្ទាប់ពី​ស្ថានភាព​របស់​ពួកគេ​មាន​ភាពល្អប្រសើរ​”​។​

​លោកស្រី​វេជ្ជបណ្ឌិត​បាន​និយាយថា “​ពួកគេ​អាច​ដើរលេង​ដូច​ក្មេង​ធម្មតា​ដទៃទៀត​ដែរ​។ ពួកគេ​កំពុងធ្វើដំណើរ​ត្រឡប់ទៅផ្ទះ​វិញ ប៉ុន្តែ​យើង​នឹង​សង្កេតមើល​ពួកគេ​ម្តងម្កាល​”​។​

​កើត​ក្នុង​គ្រួសារ​កសិករ​ក្រីក្រ តូ​ហ្វា​និង​ថា​ហ៊ូ​រ៉ា ត្រូវបាន​នាំយកទៅ​ទីក្រុង​ដា​ក្កា​ពី​ស្រុក​ហ្គា​យ​បាន់​ដា​ភាគ​ខាងជើង​រដ្ឋធានី​ចម្ងាយ ២៦០ គីឡូម៉ែត្រ​។​

​ម្តាយ​ឈ្មោះ សា​ហ៊ី​ដា បេ​ហ្គាំ បាន​ប្រាប់ AFP ថា “​ខ្ញុំ​មិនដែល​នឹកស្មានថា ពួកគេ​នឹងត្រូវ​បំបែកចេញ​ពីគ្នា​បាន និង​រស់នៅក្នុង​ជីវិត​ដែលមាន​សុខភាព​ល្អ​នោះទេ​។ ប៉ុន្តែ​អរគុណ​ដល់​ព្រះ​អាឡោះ ឥឡូវនេះ​យើង​អាច​ត្រឡប់ទៅផ្ទះ​វិញ​ជាមួយ​តូ​ហ្វា​និង​ថា​ហ៊ូ​រ៉ា​លែង​ជាប់​ខ្លួន​នឹង​គ្នា​ទៀត​”៕ ដោយ៖ កញ្ញាដាលីស

តូ​ហ្វា​និង​ថា​ហ៊ូ​រ៉ា​អាច​ត្រឡប់ទៅផ្ទះ​បាន​ហើយ ក្រោយ​វះកាត់​បំបែកចេញ​ពីគ្នា

ទីតាំងផ្សាយពាណិជ្ជកម្ម