ដោះលែង​មន្ត្រី​យោធា​ពាក់​ស័ក្ដិ​៥​ម្នាក់​ដែល​ដក​កាំភ្លើង​បាញ់​លោក​មេ​ប៉ុស្តិ៍​

1236
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​មន្ត្រី​យោធា​ពាក់​ស័ក្ដិ​៥​ម្នាក់​ដែល​ដក​កាំភ្លើង​បាញ់​លោក​មេ​ប៉ុស្តិ៍នគរបាល​កា​កាប​២​ខណ្ឌ​ពោធិ​សែន​ជ័យ​ចំនួន​២​គ្រាប់​តែ​មិន​ផ្ទុះ​នោះ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៨​។​

ដោយសារ​មានការ​ធានា​ពី​អង្គភាព​របស់​ជនបង្ក​និង​ដោយសារតែ​លោក​មេ​ប៉ុស្តិ៍នគរបាល​កា​កាប​២​មិន​ធ្វើ​ការប្តឹង​ដោយ​យល់ថា​ជា​កងកម្លាំង​ដូចគ្នា​។​អំពើហិង្សា​ដែល​មន្ត្រី​យោធា​ស័ក្តិ​៥​វាយ​ជនរងគ្រោះ​ឱ្យ​រងរបួស​នោះ​ក៏​ត្រូវបាន​ដោះស្រាយ​បញ្ចប់​ផងដែរ​។​

​គួ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​៨៖១០​នាទី​យប់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨​នៅតាម​ផ្លូវ​បេតុង​លេខ​១១៣K ភូមិ​ក្បាលដំរី​២​សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ករណី​ប៉ុនប៉ង​ធ្វើឃាត​លោក​មេ​ប៉ុស្តិ៍នគរបាល​កា​កាប​២​។ ជនបង្ក​ឈ្មោះ គឹម ពេជ្រ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៥ ស្នាក់នៅ​ភូមិ​ព្រៃទា​៣ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ឈ្មោះ សួន សុភ័ក្ត្រ ភេទ​ប្រុស​អាយុ ២១​ឆ្នាំ មុខរបរ រត់​រ៉ឺម៉ក​កង់​បី ស្នាក់នៅ​ភូមិ​ព្រៃទា​៣ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​ចំណែក​ជនរងគ្រោះ​មាន​២​នាក់​ទី​១ ឈ្មោះ ឆន នា​វៃ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ បើកបរ​រថយន្ត ស្នាក់នៅ​ភូមិ​ត្រាច​កុះ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ រងរបួស​បែកក្បាល​ផ្នែក​ខាងលើ​ចេញឈាម ខៀវ​ភ្នែក​ខាងឆ្វេង​និង​ហើម​មាត់​និង​ទី​២​ឈ្មោះ​ភា​ប្រុស​ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​មុខរបរ​នាយប៉ុស្តិ៍​នគរបាល​កា​កាប​ទី​២ ស្នាក់នៅ​ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មានដូចជា​ច្រ​វ៉ា​ក់​ចាក់​មេសោរ​សូឡិច​១​ខ្សែ​និង​កាំភ្លើងខ្លី​ម៉ាក​រ៉ូឡូ​១​ដើម​លេខ​000497-08 រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-4485 និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង​មិន​ស្គាល់​ម៉ាក គ្មាន​ស្លាក​លេខ​។​

​តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ​ឈ្មោះ​ឆន​នា​វៃ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ខ្លួន​បាន​បើករថយន្ត​ម៉ាក​សាំ​យ៉ុង​១២​។​លុះ​ពេលមកដល់​ខ្លួន​បាន​យក​រថយន្ត​ទៅ​ចត​ចាំ​ភ្ញៀវ​នៅលើ​ចិញ្ចើមផ្លូវ​លេខ​១១៣K ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​ភ្លាមនោះ​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ គឹម ពេជ្រ បានមក​ស្រែក​ឡូឡា ឃើញ​ដូច្នេះ​ខ្លួន​បាន​ដើរទៅ​ជិត ដើម្បី​សួរនាំ ស្រាប់តែ​ជនសង្ស័យ​ខាងលើ ក្តាប់ដៃ ដាល់​ចំ​ភ្នែក​ខាងឆ្វេង និង​មាត់​បណ្ដាលឱ្យ​ហើម និង​ជនសង្ស័យ​ឈ្មោះ សួន សុ​ភ័​ក្រ ក៏បាន​រត់​ចូលមក ដោយ​ដៃ​មាន​កាន់​ច្រ​វ៉ា​ក់ ចាក់​កឹ​ប​មេសោ​សូលិច មក​សំពង​លើ​ក្បាល​ខ្លួន បណ្ដាលឱ្យ​ដួល​ទៅ​លើដី​បាត់បង់​ស្មារតី​តែម្ដង​។​

​នគរបាល​បាន​ឲ្យ​ដឹងថា បន្ទាប់បី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដោយ​ភាគី​ទាំងសងខាង សុំ​ចរចា​គ្នា នៅ​ប៉ុស្តិ៍​កា​កាប​ទី​២​។ លុះ​ពេលមកដល់​ប៉ុស្តិ៍​ភាគី​ទាំងសងខាង​កំពុងតែធ្វើការ​សម្រួល​គ្នា​នៅ​ម៉ោង​ប្រហែល​១១៖៣០​នាទី​យប់​ថ្ងៃ​ដដែល ជនរងគ្រោះ មាន​អាកា​រៈ​វិលមុខ​រក​ក្អួតចង្អោរ​ដោយសារ​តែមាន​របួស​ក្បាល​នោះ​។ ទើប​សមត្ថកិច្ច​ឱ្យ​ជនរងគ្រោះ​ទៅពិនិត្យ​របួស​នៅ​មន្ទីរពេទ្យ​សិន ។

​ភ្លាមនោះ​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​គឹម​ពេជ្រ​មានការ​ខឹងច្រឡោត​ខ្លាំង​ហើយ​បាន​ដក​កាំ​ភ្លើ​ខ្លីម៉ាក​រ៉ូឡូ​លេខ​000497-08 ចេញពី​ហោប៉ៅ​ភ្ជង់ និង​បាញ់​សំដៅទៅ​មេ​ប៉ុស្តិ៍​កា​កាប​២​ចំនួន​២​គ្រាប់​តែ​មិន​ផ្ទុះ​។ ទើប​ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច បានធ្វើការ​អន្តរាគមន៍​ដកហូតយក​អាវុធ​ពី​ជនសង្ស័យ​បាន ហើយ​ធ្វើការ​ត្រួតពិនិត្យ​អាវុធ​មាន​គ្រាប់​៦​គ្រាប់ ក្នុងនោះ​បាញ់​មិនទាន់​ផ្ទុះ​២​គ្រាប់​៕S/​

ដោះលែង​មន្ត្រី​យោធា​ពាក់​ស័ក្ដិ​៥​ម្នាក់​ដែល​ដក​កាំភ្លើង​បាញ់​លោក​មេ​ប៉ុស្តិ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម