សហប្រធាន​គម្រោង​ជប៉ុន​-​អប្សរា ការពារ​ប្រាសាទ​អង្គរ បានទទួល​លិខិត​សរសើរ​ពី​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​

1958
ចែករម្លែក
  • 13
    Shares

ដោយៈ​បញ្ញា​សាស្ត្រ/​​ភ្នំពេញៈ​កាលពី​ថ្ងៃទី​៣ ខែធ្នូ លោក​ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានរៀបចំ​ពិធី ប្រគល់​លិខិត​សរសើរ​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ជូន​ចំពោះ លោក​សាស្ត្រាចារ្យ តា​កេ​ស៊ី ណា​កា​ហ្គា​វ៉ា​(Takeshi Nakagawa )​ដែលជា​សហប្រធាន​គម្រោង​ជប៉ុន​-​អប្សរា ការពារ​ប្រាសាទ​អង្គរ (JASA)​។​នេះ​ប់​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​៤​ខែធ្នូ​បញ្ជាក់​ឲ្យ​ដឹង​។​

សាស្ត្រាចារ្យ តា​កេ​ស៊ី ណា​កា​ហ្គា​វ៉ា (​រូបថត​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​)

​ប្រភព​ដដែល​ពណ៌នា​ថា​សាស្ត្រាចារ្យ Takeshi Nakagawa គឺជា​ស្ថាបត្យករ​ដ៏​លេចធ្លោ និង​ជា​សាស្ត្រាចារ្យ កិត្តិយស​នៃ​សាកលវិទ្យាល័យ​វ៉ា​សេ​ដា​នៅ​ប្រទេស​ជប៉ុន​។ លោក​សាស្ត្រាចារ្យ​បាន​ដឹកនាំ​ក្រុម​រាជរដ្ឋាភិបាល ជប៉ុន​សម្រាប់​ការថែរក្សា​ការពារ​ប្រាសាទ​អង្គរ​ចាប់តាំងពី​ពេល​បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ​១៩៩៤ និង បាន អនុវត្ត​នូវ​គម្រោង​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ​ព្រមទាំង​បាន​ចូលរួម​ក្នុង​កិច្ចការ​ជួសជុល​បណ្ណាល័យ​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត ប្រាសាទសួព្រ័ត្រ និង​ប្រាសាទបាយ័ន​។ ចាប់ពី​ឆ្នាំ​២០០៥ គម្រោង​ជួសជុល ប្រាសាទបាយ័ន​ត្រូវបាន​អនុវត្ត​រួមគ្នា​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​ឈ្មោះ​ចា​កា​(JASA) ហើយ​តាមរយៈ គម្រោង​ជួលជុល​រួមគ្នា​នេះ គឺ​បាន​ចូលរួម​បង្កើន​សមត្ថភាព​អ្នកបច្ចេកទេស​ជាច្រើនរូប​។ លោក​សា​ស្រា្ត​ចា​រ្យ ក៏បាន​ធ្វើការ​ស្រាវជ្រាវ​បឋម​លើ​ប្រាសាទព្រះវិហារ និង​ការអភិរក្ស​តំបន់​សំបូរ​ព្រៃ​គុក​ផងដែរ​។​

​គួរ​បញ្ជាក់ថា​លិខិត​សរសើរ​នេះ ត្រូវបាន​ប្រគល់ជូន លោក​សាស្ត្រាចារ្យ ចំពោះ​ការចូលរួមចំណែក​ទៅលើ​ការថែរក្សា​ការពារ​បេតិកភណ្ឌ​កម្ពុជា ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការពង្រឹង​ចំណងមិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា​៕SRN

ទីតាំងផ្សាយពាណិជ្ជកម្ម