ឥណ្ឌូនេស៊ី​ស៊ើប​របាយការណ៍​ស្តីពី​ការសម្លាប់​កម្មករ​រាប់សិប​នាក់​នៅ​ប៉ា​ពួរ​

1999
ចែករម្លែក

ឥណ្ឌូនេស៊ីកំពុងស៊ើបអង្កេតរបាយការណ៍នានាដែលថា កម្មករសំណង់៣១នាក់ត្រូវពួកឧទ្ទាមបំបែកខ្លួនបាញ់សម្លាប់នៅក្នុងខេត្តប៉ាពួរដែលមានការបះបោរផ្តាច់ខ្លួន នេះបើតាមរដ្ឋមន្រ្តីក្រសួងសាធារណការបានបញ្ជាក់កាលពីថ្ងៃអង្គារទី៤ធ្នូ។

បើសិនជាការសម្លាប់នេះត្រូវបញ្ជាក់ថាពិតនោះ វាកត់សំគាល់អំពើហិង្សាដែលសម្លាប់មនុស្សច្រើនបំផុតនៅតំបន់ដែលជាប្រភពនៃការបះបោរកំរិតទាបដើម្បីទាមទារឯករាជ្យភាពពីឥណ្ឌូនេស៊ីអស់ពេលជាយូរមកហើយ។

រដ្ឋមន្រ្តីសាធារណការលោក ប៊ូឌី ហាឌីមូលចូណូ បានប្រាប់អ្នកយកព័ត៌មាននៅក្រុងហ្សាការតាថា«យើងមានការរន្ធត់ចិត្តនិងសោកសៅដែលឮរបាយការណ៍សារព័ត៌មាននៅព្រឹកនេះ។ការងារសំណង់ទាំងអស់នៅទីនោះនឹងត្រូវផ្អាក»។

លោកបានបន្ថែមថា និយោជិតនៃក្រុមហ៊ុនម៉ៅការរដ្ឋមួយបានកំពុងសាងសង់ស្ពាននិងផ្លូវថ្នល់ ជាផ្នែកនៃកិច្ចខិតខំដើម្បីបង្កើនហេដ្ឋារចនាសម្ពន្ធនៅក្នុងតំបន់ក្រីក្រមួយនេះ។

យោងតាមនាយប៉ូលិសមូលដ្ឋានម្នាក់ សារព័ត៌មានឥណ្ឌូនេស៊ីបានរាយការណ៍កាលពីយប់ថ្ងៃចន្ទថា កម្មករត្រូវបានបាញ់សម្លាប់កាលពីថ្ងៃអាទិត្យនៅស្រុកអ៊ិនឌូហ្កា នៅប៉ែកខាងលិចនៃកោះប៉ាពួរ ញូវហ្គីណេ។ការសម្លាប់នេះត្រូវគេអះអាងថា ប្រព្រឹត្តឡើងដោយពួកឧទ្ទាមដែលបានធ្វើការបះបោររាប់ទសវត្សរ៍ប្រឆាំងនឹងការគ្រប់គ្រងរបស់ក្រុងហ្សាការតា។

ការសម្លាប់ដែលនៅមិនទាន់មានការបញ្ជាក់នេះ កើតឡើងក្រោយពីសកម្ម​ជនជាង៥០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបដោយប៉ូលិសឥណ្ឌូនេស៊ី ចំពេលមានការជួបជុំទាមទារកាលពីថ្ងៃ១ធ្នូ ជាថ្ងៃដែលជនប៉ាពួរគិតថាជាខួបនៃការទទួលបានឯករាជ្យភាពរបស់គេពីហូឡង់។

ប៉ាពួរបានប្រកាសខ្លួនឯងជាប្រជាជាតិឯករាជ្យមួយនៅឆ្នាំ១៩៦១តែឥណ្ឌូនេស៊ីនៅជាប់នោះបានចូលកាន់កាប់តំបន់នេះដោយកម្លាំងនៅឆ្នាំ១៩៦៣ហើយដាក់វាជាឧបសម្ពន្ធនៅឆ្នាំ១៩៦៩ ជាមួយនឹងការបោះឆ្នោតដែលមានការគាំទ្រពីអង្គការសហប្រជាជាតិ។

រដ្ឋាភិបាលក្រុងហ្សាការតា បានគ្រប់គ្រងតំបន់សំបូរប្រេងនេះយ៉ាងណែនតែជួបការបះបោរទាមទារឯករាជ្យភាពកំរិតទាបចាប់តាំងពីទសវត្សរ៍១៩៦០៕ដោយ៖វាសនា

ប៉ូលិសឥណ្ឌូនេស៊ីត្រូវបានបញ្ជូនទៅខេត្តប៉ាពួរ ក្រោយពីមានរបាយការណ៍ថា កម្មករសំណង់៣១នាក់ត្រូវពួកឧទ្ទាមសម្លាប់

ទីតាំងផ្សាយពាណិជ្ជកម្ម