អគ្គិភ័យ​ឆាបឆេះ​ផ្ទះមួយ​ខ្នង ​បណ្ដាលឲ្យ​បុរស​សតិ​មិន​គ្រប់​ម្នាក់​ស្លាប់​ក្នុង​អណ្ដាតភ្លើង​

845
ចែករម្លែក

​ដោយ:ចាន់តូ​/ភ្នំពេញ ​៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​ត្រូវបាន​ស្លាប់​ក្នុង​អណ្ដាតភ្លើង​យ៉ាង​អាណោ​ច​អាធ័ម និង​ផ្ទះមួយ​ខ្នង​ឆេះ​ខ្ទេច​ទាំងស្រុង​ក្នុងករណី​អគ្គីភ័យ​ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​១០​នាទី ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវលំ ក្រុមទី​៣ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ តា រ៉ូ​ម៉ា ភេទ​ប្រុស អាយុ​៦២ ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ និង​មាន​កូនស្រី​ម្នាក់​នៅ​ជាមួយ​មានឈ្មោះ ម៉ា មុំ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ (​សតិ​មិន​គ្រប់​ដូចគ្នា​) ។​

​សមត្ថកិច្ច​បានឲ្យដឹង​ថា មុនពេល​កើតហេតុ​គឺ​ជនរងគ្រោះ​បានអោយ​កូនស្រី​យក​ដែកកេះ​ទៅឲ្យ​ខ្លួន ​ដើម្បី​ជក់បារី​។ ក្រោយពី​ជក់​រួច​ជនរងគ្រោះ​ក៏​បោះ​កន្ទុយបារី​ចោល​ទៅលើ​គំនរ​ក្រណាត់​ដែល​ខ្លួន​និង​កូនស្រី​រើ​គរ​ទុក​ក្នុងផ្ទះ ​ទើប​បណ្ដាលឲ្យឆាបឆេះ​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោរសន្ធៅ​តែម្ដង​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ​បា​ឲ្យដឹងថា ផ្ទះកើតហេតុ​គឺមាន​សមា​ជីក​តែ​ពីរ​នាក់​ឪពុក​និង​កូនស្រី​ទេ ហើយ​ទាំងពីរ​នាក់​នេះ​សុទ្ធតែ​មនុស្ស​មាន​សតិ​មិន​គ្រប់​ដូចគ្នា និង​ដើរ​រើស​ក្រណាត់​ចាស់​ជាច្រើន​យកមក​គរ​ទុក​ក្នុងផ្ទះ​ជាច្រើន​ផងដែរ​។​

ក្នុងករណី​នេះដែរ​ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ដ​ពន្លត់អគ្គិភ័យ​អស់​ចំនួន​៥​គ្រឿង ​និង​ប្រើ​រយៈពេល​ជាង​មួយ​ម៉ោង​ ទើប​គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម