អាមេរិក​កំណត់ពេល​៦០​ថ្ងៃ​ឱ្យ​រុស្ស៊ី​គោរព​សន្ធិសញ្ញា​ស្តីពី​ការកំណត់​រយៈ​ចម្ងាយ​មី​ស៊ី​ល ពុំ​នោះទេ​អាមេរិក​នឹង​បោះបង់ចោល​សន្ធិសញ្ញា​នេះ​តែម្តង​

713
ចែករម្លែក

​សហរដ្ឋអាមេរិក​បាន​ព្រមាន​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​ទី​៤​ធ្នូ​ថា រុស្ស៊ី​មាន​ពេល ៦០ ថ្ងៃ​ដើម្បី​ចាប់ផ្តើម​គោរព​តាម​សន្ធិសញ្ញា​មី​ស៊ី​ល​ជា​ប្រវត្តិសាស្ត្រ បើ​មិន​ដូច្នេះ​ទេ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អាច​នឹង​បោះបង់ចោល​សន្ធិសញ្ញា​នេះ ដោយ​បង្កើតឱ្យមាន​ការសង្ស័យ​អំពី​សន្តិសុខ​នុយក្លេអ៊ែរ​នៅ​អឺរ៉ុប​។​

​នៅឯ​កិច្ចចរចា​របស់​អង្គការ​ណា​តូ​នៅក្នុង​ទីក្រុង​ព្រុ​ច​សែ​ល លោក ម៉ៃ ផ​ម​ផេ​វ រដ្ឋមន្ត្រី​ក្រសួងការបរទេស​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​បាន “​បោកប្រាស់​អំពី​កាតព្វកិច្ច​ត្រួតពិនិត្យ​អាវុធ​របស់ខ្លួន​” ក្រោម​សន្ធិសញ្ញា​កងកម្លាំង​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​។ លោក​ផ​ម​ផេ​វ​បាន​ព្រមាន​ថា ប្រសិនបើ​រុស្ស៊ី​មិន​គោរព​តាម​លក្ខខណ្ឌ​នៃ​សន្ធិសញ្ញា​នេះ​ក្នុង​រយៈពេល ៦០ ថ្ងៃ នោះ​វ៉ាស៊ីនតោន​អាច​នឹងធ្វើ​ការជូនដំណឹង​អំឡុង​រយៈពេល ៦០ ថ្ងៃ​ដើម្បី​ចាក​ចេញពី​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៨៧ នេះ​តែម្តង​។​

​លោក​ផ​ម​ផេ​វ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​រុស្ស៊ី​ត្រូវតែ​ត្រឡប់​ទៅរក​ការអនុលោម​ពេញលេញ​និង​អាច​ផ្ទៀងផ្ទាត់​បាន ហើយ​ការខកខាន​របស់​រុស្ស៊ី​ក្នុង​ការធ្វើ​ដូច្នេះ​នឹង​នាំឱ្យមាន​ការបញ្ចប់​សន្ធិ​សញ្ញា INF”​។​

​លោក​បាន​និយាយថា “​ប្រជាជាតិ​របស់​យើង​មាន​ជម្រើស​តែមួយ​ទេ​។ យើង​អាច​កប់​ក្បាល​របស់​យើង​នៅក្នុង​ខ្សាច់ ឬ​យើង​នឹង​ចាត់វិធានការ​ប្រកបដោយ​សុភ​វិនិច្ឆ័យ​ដើម្បី​ឆ្លើយតប​ចំពោះ​ការមិន​គោរព​របស់​រុស្ស៊ី​ចំពោះ​លក្ខខណ្ឌ​ដែល​បាន​ស្តែង​ចេញពី​សន្ធិសញ្ញា INF”​។​

​អាមេរិក​បាន​ចែករំលែក​ភស្តុតាង​ជាមួយ​ក្រុម​សម្ព័ន្ធមិត្ត​ណា​តូ​របស់ខ្លួន​ដែលថា មី​ស៊ី​ល​ឆ្លង​ទ្វីប SSC-8 ថ្មី​របស់​រុស្ស៊ី​អាច​ផ្តល់​លទ្ធភាព​ឱ្យ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​វាយប្រហារ​នុយក្លេអ៊ែរ​មកលើ​ទ្វីបអឺរ៉ុប​ដោយមាន​ការជូនដំណឹង​តិចតួច​ឬ​គ្មាន​តែម្តង​។​

​សន្ធិសញ្ញា​ទ្វេភាគី​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​មូ​ស្គូ​បាន​ហាមឃាត់​មី​ស៊ី​ល​ដែលមាន​មូលដ្ឋាន​លើដី​គោក​និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ទាំងអស់ ដែលមាន​ចម្ងាយ​ចន្លោះ​ពី ៥០០ ទៅ ៥.៥០០ គីឡូម៉ែត្រ​។ រុស្ស៊ី​និយាយថា រយៈ​ចម្ងាយ​នៃ​ប្រព័ន្ធ​មី​ស៊ី​ល​ថ្មី​របស់ខ្លួន​គឺ​មិន​លើសពី ៥០០ គីឡូម៉ែត្រ​ទេ​៕ ដោយ៖ កញ្ញាដាលីស

លោក ម៉ៃ ផ​ម​ផេ​វ ចាប់ដៃ​ជាមួយ​អគ្គលេខាធិការ​អង្គការ​ណា​តូ លោក ជែ​ន ស្តូ​ល​ថិ​ន​បឺ​ក នៅ​ក្រុង​ព្រុ​ច​សែ​ល​កាលពី​ថ្ងៃ​អង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម