ស្លាប់​មនុស្ស​ពីរ​នាក់ និង​របួស​ពីរ​នាក់ ដោយសារ​ឆេះ​ផ្ទះ ២ ករណី នៅ​រាជធានី​ភ្នំពេញ​

838
ចែករម្លែក

​ដោយ:​ឆាយា​នាថ​ -​សុវណ្ណ​ភូមិ ​​/​ ភ្នំពេញ ​៖ ​ បុរស ពីរ​នាក់ បាន​ស្លាប់ និង​ប្ដី ប្រពន្ធ​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ ដោយសារ​ឆេះ​ផ្ទះ ២ ករណី នៅ​រាជធានី​ភ្នំពេញ កាលពី​យប់ ថ្ងៃទី​៤ ធ្នូ និង​វេលា​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ ។

បើ​យោងតាម​ការបញ្ជាក់ ពី​លោក​ចៅសង្កាត់​ទន្លេបាសាក់ ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ នេះ​ថា បុរស​ម្នាក់ បាន​ស្លាប់ និង​ប្ដី ប្រពន្ធ​ផ្សេងទៀត បាន​រងរបួស ដោយសារ​គ្រោះថ្នាក់​អគ្គិភ័យ បំផ្លាញ​ផ្ទះ កាលពី​ម៉ោង​១២ និង​៣៥ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៥ ខែធ្នូ មហាវិថី​ព្រះ​នរោត្តម ស្ថិតនៅក្នុង​បុរី​ចំការមន ក្នុងភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឈានចូល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ ។​

​លោក​បាន​បញ្ជាក់ថា ករណីនេះ បណ្ដាលឱ្យ​ម្ចាស់ផ្ទះ ឈ្មោះ វណ្ណ ប៊ុន​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ បុគ្គលិក​ដឹកជញ្ជូន របស់​ក្រុមហ៊ុនមេ​ហ្គា និង​ប្រពន្ធ​ឈ្មោះ ចំរើន ច័ន្ទ​វ​ល័​ក្ខ អាយុ​៣៧​ឆ្នាំ មុខរបរ ប្រធាន​ក្រុមហ៊ុន​ដឹកជញ្ជូន​មេ​ហ្គា រងរបួស​ធ្ងន់ ដោយ​លោត​ពីលើផ្ទះ​ជាន់​ទី​២ កំពុង​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ខេ​ម៉ា ផ្លូវ​២៩៥ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ភ្នំពេញ ។ ចំណែក​ឈ្មោះ ចំរើន មាសសុ​វិមាន ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន​មេ​ហ្គា រងរបួស​ធ្ងន់ ដោយ​លោត​ពីលើផ្ទះ​ជាន់​ទី​២ ហើយ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ក៏បាន​ស្លាប់​។​

​លោក​ចៅសង្កាត់​ទន្លេបាសាក់ បាន​អះអាងថា ចំពោះ​មូលហេតុ ដែលនាំឱ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ កើតឡើង គឺ​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។

​ដោយឡែក អាជ្ញាធរ និង​នគរបាល សង្កាត់​ស្ទឹងមានជ័យ​២ ក៏បាន​ឱ្យដឹង​ដែរ​ថា បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ ត្រូវបាន​ស្លាប់ ក្នុង​អណ្ដាតភ្លើង យ៉ាង​អាណោច​អធម និង​ផ្ទះមួយ​ខ្នង ឆេះ​ខ្ទេច​ទាំងស្រុង ក្នុងករណី​អគ្គិ​ភ័ ដែល​កើតឡើង កាលពី​វេលា​ម៉ោង ១០:១០ នាទី យប់​ថ្ងៃទី​៤ ខែធ្នូ នៅ​ចំណុច​ផ្លូវលំ ក្រុមទី​៣ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​។

​ទោះបីយ៉ាងណា ពេលនេះ អត្តសញ្ញាណ​ជនរងគ្រោះ ពុំទាន់​ត្រូវបាន​គេ​ស្គាល់​នៅឡើយ​ទេ ហើយ​ទិន្នន័យ នៃ​ការខូចខាត ក៏​ពុំទាន់​ត្រូវបាន​បង្ហាញ​ដែរ ។ ​ប៉ុន្តែ​ករណីនេះ ត្រូវបាន​អាជ្ញាធរ សន្និដ្ឋានថា អាច​បណ្ដាលមកពី ឆ្លង​ចរន្តអគ្គិសនី​ដែរ ។

​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងឡាយ សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​បង្ការ​គ្រោះ​អគ្គិភ័យ ដោយ​ពិនិត្យ​ឱ្យបាន​ល្អិតល្អន់ អំពី​ភ្លើង ក៏ដូចជា​សម្ភារ​អគ្គិសនី​មួយចំនួន ដែល​អាច​បង្ក​ជា​អគ្គិភ័យ ៕​​B/ V

ទីតាំងផ្សាយពាណិជ្ជកម្ម