បារាំង​ផ្អាក​ការដំឡើង​ពន្ធ​ប្រេង​ដើម្បី​បញ្ចប់​ការតវ៉ា​ប្រឆាំង​

1794
ចែករម្លែក

រដ្ឋាភិបាលរបស់ប្រធានាធិបតីបារាំង លោកអេមម៉ានុយអែល ម៉ាក្រុង បានផ្អាកការដំឡើងពន្ធប្រេងបន្ទាប់ពីការផ្ទុះបាតុកម្មទូទាំងប្រទេសអស់ពេល៣សប្តាហ៍និងកុបកម្មដ៏អាក្រក់នៅកណ្តាលក្រុងប៉ារីសកាលពីចុងសប្តាហ៍ដោយសារតែផែនការដំឡើងថ្លៃប្រេងនិងការចំណាយលើការរស់នៅប្រចាំថ្ងៃកាន់តែខ្ពស់។

នាយករដ្ឋមន្រ្តីបារាំងលោក អេដូអាត ហ្វីលីព បានប្រកាសសេចក្តីសំរេចនេះក្រោយកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃអង្គារទី៤ធ្នូជាមួយសមាជិកសភានៃបក្សកាន់អំណាច។នេះមានន័យថា ការដំឡើងពន្ធប្រេងឥន្ធនៈដែលត្រូវចាប់ផ្តើមនៅថ្ងៃ០១មករាឆ្នាំក្រោយ នឹងត្រូវផ្អាក៦ខែ។

ទោះជាយ៉ាងណា វិធានការដែលលោកនាយករដ្ឋមន្រ្តីបានប្រកាស មិនរួមមានការបង្កើនប្រាក់កំរៃឈ្នួលអប្បរមាតាមការទាមទាររបស់អ្នកតវ៉ាប្រឆាំងទេ។

វាជាការដកថយដ៏កម្រមួយរបស់លោកម៉ាក្រុងដែលបានអួតខ្លួនលោកថាជាអ្នកប្រកាន់គោលនយោបាយរបស់លោកហើយមិនអើពើនឹងកំរិតប្រជាប្រិយភាពដែលកំពុងធ្លាក់ចុះខ្លាំង។លោកធ្លាប់និយាយការពារការដំឡើងពន្ធប្រេងសាំងដោយថាវាចាំបាច់ដើម្បីអោយប្រទេសពឹងផ្អែកតិចទៅលើឥន្ធនៈផូស៊ីលនិងទូទាត់មកវិញតាមរយៈកាត់បន្ថយពន្ធលើប្រាក់ខែ។

ចលនាដែលហៅខ្លួនឯងថា«អាវកាក់ពណ៌លឿង» ដែលបានចាប់ផ្តើមកាលពីថ្ងៃ១៧វិច្ឆិកា ក្នុងនាមជាក្រុមតវ៉ាប្រឆាំងដែលមានការរៀបចំឡើងដោយបណ្តាញផ្សព្វផ្សាយសង្គមមួយ បានផ្តោតលើការថ្កោលទោសលើការចំណាយរបស់គ្រួសារកាន់តែយ៉ាប់យ៉ឺនឡើងដោយសារតែពន្ធលើប្រេងឥន្ធនៈរបស់ម៉ាក្រុង៕ដោយ៖វាសនា

ទោះជារដ្ឋាភិបាលប្រកាសផ្អាកការដំឡើងពន្ធប្រេង ក៏ពួកអ្នកតវ៉ានិយាយថាវាយឺតពេលបន្តិច

ប្រជាប្រិយភាពរបស់ម៉ាក្រុងធ្លាក់ចុះខ្លាំងចំពេលមានការតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់លោក