រញ្ជួយ​ដី​៧,៥​រិ​ច្ឆ​ទ័​រ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នាំអោយមាន​ការព្រមាន​អំពី​ស៊ូ​ណា​មី​នៅ​កោះ កាលី​ដូ​នី​ថ្មី​

942
ចែករម្លែក

រញ្ជួយដីជំរៅរាក់កំលាំង៧,៥រិច្ឆទ័របានវាយប្រហារឯនាយកោះកាលីដូនីថ្មី(New Caledonia )កាលពីថ្ងៃពុធទី៥ធ្នូ បណ្តាលអោយមានការព្រមានអំពីរលកសមុទ្រធំៗក្រោយរញ្ជួយដីដែលគេហៅថា«ស៊ូណាមី» និងមានការបញ្ជាអោយជម្លៀសមនុស្សនៅលើកោះក្នុងសមុទ្រប៉ាស៊ីហ្វិកនេះផងដែរ។

មិនទាន់មានរបាយការណ៍អំពីការស្លាប់ឬរងរបួសបណ្តាលមកពីរញ្ជួយដីនេះនៅឡើយ តែមជ្ឈមណ្ឌលព្រមានស៊ូណាមីប៉ាស៊ីហ្វិក បាននិយាយថារលកធំៗត្រូវបានសង្កេតឃើញនិងអាចមានកំពស់ដល់ទៅ៣ម៉ែត្រ។

ពួកអ្នកស្រុកកាលីដូនីថ្មី ដែលជាទឹកដីបារាំងនៅបរទេសនៅខាងជើងនូវែលសេឡង់និងជិតអូស្រ្តាលី បានទទួលសារគ្រាអាសន្នដែលប្រាប់ពួកគេអោយស្វែងរកកន្លែងការពារខ្លួនជាបន្ទាន់។

ទោះជាយ៉ាងណា សឺរ៉ែនព្រមានអំពីស៊ូណាមីនៅមិនទាន់ត្រូវបានបន្លឺឡើងនៅកោះវ៉ានូអាទុ ឬកោះហ្វីជី នៅឡើយទេ។

ស្នូលរញ្ជួយស្ថិតនៅចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីទីក្រុងណូមី របស់កាលីដូនីថ្មី និងរំញ័រតិចៗតាមក្រោយត្រូវបានសង្កេតឃើញដោយខ្លះមានកំលាំងដល់៥,៩រិច្ឆទ័រ។

កាលីដូនីថ្មី ដែលមានប្រជាពលរដ្ឋតែ២៦៩.០០០នាក់ជាទឹកដីបារាំងនៅប៉ាស៊ីហ្វិក។ប្រជាពលរដ្ឋនៃកោះនេះកាលពីខែមុនបានច្រានចោលឯករាជ្យភាពនៅក្នុងការបោះប្រជាមតិមួយ។បារាំងដាក់ទ័ពនៅលើកោះនេះ៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម