ទោះបី​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្លាប់​រាល់ថ្ងៃ ក៏​ដំណើរការ​សន្តិភាព​នៅតែ​យឺតយ៉ាវ ហើយ​ឥឡូវ​ណា​តូ​ប្តេជ្ញា​បន្ត​នៅ​ប្រទេស​នេះ​ឱ្យបាន​យូរ​

811
ចែករម្លែក

​ដប់​ប្រាំ​ឆ្នាំ​បន្ទាប់ពី​អង្គការ​ណា​តូ​បាន​ដឹកនាំ​កិច្ចប្រឹងប្រែង​សន្តិសុខ​អន្តរជាតិ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ពួក​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​សម្ព័ន្ធមិត្ត​យោធា​កាលពី​ថ្ងៃ​ពុធ​ទី​៥​ធ្នូ​បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ក្នុង​ការបន្ត​នៅក្នុង​ប្រទេស​នេះ ទោះបីជា​មានការ​កើនឡើង​ការស្លាប់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ភាពយឺតយ៉ាវ​នៃ​កិច្ចប្រឹងប្រែង​ដើម្បី​សន្តិភាព​ក៏ដោយ​។​

​នៅក្នុង​កិច្ចចរចា​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ក្រុម​រដ្ឋមន្ត្រី​ទាំងនេះ​បាន​គូសបញ្ជាក់​នូវ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់ខ្លួន​ក្នុង​ការធានា​សុវត្ថិភាព​និង​ស្ថិរភាព​រយៈពេល​វែង ដោយ​បញ្ជាក់ថា​បេសកកម្ម​របស់​អង្គការ​ណា​តូ​នៅក្នុង​ប្រទេស​ដែល​រង​ការបះបោរ​នេះ​នឹងមាន​រយៈពេល​យូរ​ផ្អែក​ទៅតាម​ស្ថានភាព​ដែល​តម្រូវឱ្យមាន​វត្តមាន​របស់ខ្លួន​។​

​ណា​តូ​បាន​ដឹកនាំ​កងកម្លាំង​ជំនួយ​សន្តិសុខ​អន្តរជាតិ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ក្នុង​ឆ្នាំ ២០០៣​។ ណា​តូ​បាន​កាត់បន្ថយ​ប្រតិបត្តិ​ការប្រយុទ្ធ​បន្តិច​ម្តងៗ​នៅក្នុង​ឆ្នាំ ២០១៤ ហើយ​បានចាប់ផ្តើម​បណ្តុះបណ្តាល​និង​ផ្តល់​ប្រឹក្សា​ដល់​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​ពួកគេ​អាច​ដោះស្រាយ​តម្រូវការ​សន្តិសុខ​រប​ស់​ប្រទេស​ដោយ​ខ្លួនឯង​។ ការងារ​នេះ​ត្រូវបាន​អនុវត្ត​នៅក្នុង​បរិយាកាស​ពោរពេញ​ដោយ​ការប្រយុទ្ធ​និង​នៅតែមាន​គ្រោះថ្នាក់​នាពេល​បច្ចុប្បន្ន​។​

​កងកម្លាំង​អាមេរិក​ដែល​បាន​ចូល​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ឆ្នាំ ២០០១ ដើម្បី​បណ្តេញ​ពួក​តា​លី​ដែល​ផ្តល់​ជម្រក​ដល់​មេដឹកនាំ​អាល់​កៃ​ដា អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន ឥឡូវនេះ​មាន​កងទ័ព​ចំនួន​ប្រហែល ១៥.០០០ នាក់ និង​ផ្តល់​ការគាំទ្រ​យ៉ាង​ជិតស្និទ្ធ​ដល់​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ធ្វើ​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​។​

​ការប្តេជ្ញាចិត្ត​ជាថ្មី​រប​ស់ណា​តូ​បាន​កើតឡើង​ក្នុង​រយៈពេល​មួយ​សប្តាហ៍​នៅពេលដែល​មន្ត្រី​ទាហាន​ម៉ា​រី​ន​ដែល​ត្រូវបានតែងតាំង​ដើម្បី​បញ្ជា​កងកម្លាំង​អាមេរិក​នៅ​មជ្ឈិមបូព៌ា​បាន​ព្រមាន​ថា​ការប្រយុទ្ធ​នៅ​ទីនោះ​មាន​ភាពទាល់ច្រក​ហើយ​ចំនួន​នៃ​ការស្លាប់​របស់​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅក្នុង​សង្គ្រាម​គឺ​កើន​ឡើងជា​លំដាប់​។ ទាហាន​អាមេរិក​៤​នាក់​ក៏ត្រូវ​បានសម្លាប់​ដោយ​គ្រាប់បែក​តាម​ដងផ្លូវ​ផងដែរ ដែលជា​ការវាយប្រហារ​សម្លាប់​មនុស្ស​ច្រើន​បំផុត​ប្រឆាំងនឹង​កងកម្លាំង​អាមេរិក​នៅ​ឆ្នាំនេះ​។​

​អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក ជែ​ន ស្តូ​ល​ធិ​ន​បឺ​ក បាន​និយាយថា ការកើនឡើង​នៃ​អំពើហិង្សា​អាចជា​សញ្ញា​មួយ​បង្ហាញថា​អ្វីៗ​ជិត​មានការ​ផ្លាស់ប្តូ​រហើយ​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ជួនកាល​មានការ​កើនឡើង​ការប្រយុទ្ធ ការកើនឡើង​អំពើហិង្សា ពីព្រោះ​ភាគី​ផ្សេងៗ​ព្យាយាម​យកចំណេញ​គោលជំហរ​ល្អ​បំផុត​ដែល​អាចទៅរួច​នៅ​តុ​ចរចា​។ ដូច្នេះ វា​អាច​នឹងមាន​សភាព​អាក្រក់ មុនពេល​វា​ប្រែ​ទៅជា​ល្អប្រសើរ​ឡើងវិញ​”៕ ដោយ៖ កញ្ញាដាលីស

មេបញ្ជាការ​កងទ័ព​ម៉ា​រី​ន​អាមេរិក លោក អូ​ស្ទី​ន ស្កុ​ត​មី​ល​ល័​រ (​ស្តាំ​) និយាយ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក​សាឡា​ហ៊ូ​ដ​ឌី​ន រ៉ាប់​បា​នី នៅ​ទីក្រុង​ព្រុ​ច​សែ​ល​កាលពី​ថ្ងៃ​ពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម