នាយករដ្ឋមន្ត្រី​ស្តីទីៈ ក្រសួងមហាផ្ទៃ​នឹង​ពិនិត្យ​ការដក​បម្រាម​លើ​អ្នកនយោបាយ​អតីត​បក្ស​សង្គ្រោះ​ជាតិ​

928
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា ក្រសួង​មហាផ្ទៃ​នឹង​ពិនិត្យ​លើ​ការដក​បម្រាម​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​លើង​មន្ត្រី​មួយចំនួន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល នៅ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​។ គឺ​បន្ទាប់ពី​រដ្ឋសភា​អនុម័ត​វិសោធនកម្ម​លើ​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​

សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី (​រូប​ថ​តៈ មុនី​រ័ត្ន​)​

​ការ​ថ្លែង​បញ្ជាក់​នេះ​បាន​ធ្វើឡើង​នៅក្រៅ​ពិធី​បើក​អង្គសិក្ខាសាលា​ស្តីពី​កិច្ចសន្ទនា​អន្តរ​ជំនឿ​សាសនា​ដើម្បី​ពង្រឹង​សុខដុម​នីយកម្ម​សាសនា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លើក​ទី​៧ ក្រោម​ប្រធានបទ “​សាសនិក​គ្មាន​គ្រឿងញៀន និង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​” កាលពី​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ នៅ​សាលសន្និសីទ​ចតុម្មុខ​។​

​សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ​នឹង​ពិនិត្យ​លើ​ការដក​បម្រាម​លើ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​រូប ក្រោយ​ច្បាប់​ចូល​ជា​ធរមាន​។ នៅក្នុង​ច្បាប់​បាន​ដាក់ថា តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នាយករដ្ឋមន្ត្រី​លើកសំណើ​ទៅ​ព្រះមហាក្សត្រ​។​សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា ” ខ្ញុំ​យល់ថា អ្នកណា​ដែល​បាន​គោរព​សាលក្រម​, គិតដល់​អ្នក​គោរព​សាលក្រម​មុន ។​អាទិភាព គឺ​អ្នក​ដែល​គោរព​សាលក្រម​មុន​”​។​
​សម្តេច បាន​បញ្ជាក់ថា “​បើ​យល់ថា អ្នកណា​គោរព​សាលក្រម ។​យើង​យល់បាន​ហើយ ខ្ញុំ​មិន​និយាយ​ទេ​”​។​

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បញ្ជូន​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ទៅ​ឲ្យ​គណៈកម្មការ​ជំនាញ​ពិនិត្យ​សិក្សា រួច​រាយការណ៍​មក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ប្រជុំ​សម្រេច​កំណត់​ថ្ងៃ​ប្រជុំ​ពេញអង្គ​សភា​។ ការបញ្ជូន​សេចក្តីព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ទៅ​ឲ្យ​គណៈកម្មការ​ជំនាញ​ពិនិត្យ​សិក្សា គឺ​បន្ទាប់ពី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៨​។

​តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន​៨៧​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តួច​ផ្តើមធ្វើ​សេចក្តីស្នើច្បាប់​ស្តីពី​វិ​សោ​ជន​កម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨​។​

​សេចក្តីស្នើច្បាប់​ស្តីពី​វិ​សោ​ជន​កម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះ ជាការ​បន្ថែម​នូវ​វា​ក្ស​ខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) គឺ “​បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើសកម្ម​ភាព​នយោបាយ មិនអាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្សនយោបាយ​ណាមួយ ឬ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។ បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​នូវ​សិទ្ធិ​នយោបាយ​ពេញ​លេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុងករណី​ដែល​បុគ្គល​នោះ​ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​”៕សរន

សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី (​រូប​ថ​តៈ មុនី​រ័ត្ន​)​

ទីតាំងផ្សាយពាណិជ្ជកម្ម