ឆេ​ល​ស៊ី​ត្រៀម​ប្រជែង​ជាមួយ​ក្លិប អា​សេ មី​លេន​ដើម្បី​ផ្ទេរ​កីឡាករ ដេ​នី​ស ស្វា​រ៉េ​ស ក្នុងតម្លៃ​៤៥​លាន​ផោន​

897
ចែករម្លែក

​ឆេ​ល​ស៊ី​ត្រៀម​ប្រជែង​ជាមួយ​ក្លិប​អា​សេ មី​លេន (AC Milan) ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ កីឡាករ ដេ​នី​ស ស្វា​រ៉េ​ស (Denis Suarez) ពី​ក្លិប បា​សេ​ឡូ​ណា​(Barcelona) ក្នុងតម្លៃ​៤៥​លាន​ផោន​នៅ​ខែម​ករានេះ​។

​មានការ​អះអាងថា ក្លិប AC Milan ត្រៀម​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ​វ័យ​២៤​ឆ្នាំ រូបនេះ​ក្នុង​លក្ខណៈ​ខ្ចី​ជើង ដោយមាន​ជម្រើស​ផ្តល់​កិច្ចសន្យា​ថ្មី​នៅ​រដូវក្តៅ​ផងដែរ​។
​ប៉ុន្តែ​ស្របពេល​ក្លិប Barcelona ត្រូវគេ​ជឿថា ចង់បាន​ប្រាក់​ឲ្យ​បាន​មុន​ខែក្រោយ​នោះ មាន​ព័ត៌មាន​ថា ក្លឹប​ឆេ​ល​ស៊ី​សម្លឹង​រកមើល​កិច្ចព្រមព្រៀង​នាំយក ស្វា​រ៉េ​ស​មកកាន់​ទីក្រុង ឡុង​ដ៍ និង​ដើម្បី​បន្ថែម​ជម្រើស​នៅ​តំបន់​បម្រើ​។

​ខ្សែបម្រើ​រូបនេះ​កំពុង​ស្វះ​ស្វែងរក​ច្រក​ចាក​ចេញពី​ក្លិប Barcelona បន្ទាប់ពី​មានការ​លំបាក ក្នុងការ​ស្វែងរក​ឱកាស​ចូល​ក្រុម​ជម្រើស​ក្រោម​ការដឹកនាំ​របស់លោក អើ​ណេ​ស្តូ វ៉ាល​វើ​ដេ (Ernesto Valverde) ។

​ស្វា​រ៉េ​ស បាន​វិលត្រឡប់​មកកាន់​ពហុ​កីឡដ្ឋាន Nou Camp ក្រោយ​ចាក​ចេញពី​ក្លឹប Villarreal កាលពី​ឆ្នាំ​២០១៦ ប៉ុន្តែ​រហូតមកទល់​ពេលនេះ បាន​បង្ហាញមុខ​ត្រឹមតែ​២​លើក ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ ហើយ​មិនទាន់បាន​បង្ហាញមុខ​នៅ​ក្របខណ្ឌ La Liga នៅឡើយ​ទេ​។

​កីឡាករ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​កំពុង​ស្វែងរក​ឱកាស​លេង​ឲ្យ​បាន​ច្រើន ហើយ​បើកចំហ ទទួលយក​ការផ្ទេរ​ទៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ជាថ្មីទៀត បន្ទាប់ពី​ចំណាយពេល​ពីរ​រដូវ​កាល​នៅ ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​កាលពី​នៅ​វ័យ​ជំទង់​។

​ស្វា​រ៉េ​ស ធ្លាប់​ចូលរួម​ជាមួយ​ក្រុមយុវជន​របស់​ស៊ី​ធី​ពី​ក្លិប សែ​លតា វី​ហ្គោ​(Celta Vigo) កាលពី​ឆ្នាំ​២០១១​។ កីឡាករ​រូបនេះ​បានបង្ហាញ​មុខ​ពីរលើក​ជាមួយ​ក្រុម​ឈុត​ធំ​មុនពេល​វិលត្រឡប់​ទៅ​ចូលរួម​ជាមួយ​ក្លិប Barcelona កាលពី​ឆ្នាំ​២០១៣៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​កីឡាករ ដេ​នី​ស ស្វា​រ៉េ​ស (Denis Suarez)

ទីតាំងផ្សាយពាណិជ្ជកម្ម