ទិវា​ជាតិ ចងចាំ ព្រឹត្តិការណ៍​នៅ​មូលដ្ឋានទ័ព ភៀ​ល ហា​ប៊ើ​រ៍ អាម៉េរិក​

1815
ចែករម្លែក
  • 22
    Shares

​ភ្នំពេញ​៖ នៅ​ម៉ោង ៧ : ៤៨ ព្រឹក​ថ្ងៃអាទិត្យ ទី​៧ ( ត្រូ​ជា​ថ្ងៃ​ច័ន្ទ ទី​៨ នៅ ជប៉ុន​) ខែ ធ្នូ ឆ្នាំ ១៩៤១ ខណៈដែល​អ្នកខ្លះ​មិនទាន់​ភ្ញាក់​ពី​ដំណេក​ផង សន្ធឹក នៃ សំឡេង រ៉ុ​កែ្ក​ត​រាប់ពាន់ រាប់ម៉ឺន​គ្រាប់ បាន​ហោះ​ចេញពី​យន្តហោះ​ចម្បាំង និង យន្ត ហោះ ទម្លាក់​គ្រាប់បែក ៣៥៣ គ្រឿង ស្រោច​ដូច​គ្រាប់​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ទៅបុក បំផ្ទុះ​បញ្ឆេះ​បំ​ប៉ើង​កម្ទេច អង្រន់​សមុទ្រ រដ្ឋ ហា​វ៉ៃ ឱ្យ​កក្រើករំពើក​ញាប់​ញ័រ និង ឆេះ សន្ធោសន្ធៅ​ខ្មួលខ្មាញ់​ឡើង ។ នោះ​គឺជា​ការ វាយប្រហារ​របស់​កង​ទ័ព​អធិរាជ​ជប៉ុន ដោយ​មិនបាន​ប្រកាស​ឱ្យដឹង​ជាមុន​ទៅលើ មូលដ្ឋាន​កងទ័ពជើងទឹក​របស់​អាម៉េរិក​នៅ​កំពង់ផែ ភៀ​ល ហា​ប៊ើ​រ៍ ( Pearl Harbor ) រដ្ឋ ហា​វ៉ៃ ។​

​ខណៈ​គ្រាប់កាំភ្លើង​តូចធំ​កំពុង​ស្រោច​មក​ក្នុង​កណ្តាល​មនុស្ស​ស្លាប់​ត្រៀបត្រា​អណ្តែត​ពេញ​ទឹក ធ្វើឱ្យ​ទឹក​សមុទ្ទ​នៅ​ទីនោះ​ប្រែជា​ពណ៌​ក្រហម សម្រែក​អ្នករងរបួស​ស្រែកថ្ងូរ​គួរ​រន្ធត់ ក្នុង​សភាព​ភ័យ​តក្កមា​កងទ័ព​អាមេរិក​ប្រវេប្រវា​វាយបក​ទៅលើ​កងទ័ព​ជប៉ុន​វិញ​រហូត ដល់​អាច​គ្រប់គ្រង​ស្ថានការណ៍​នៅ​មូលដ្ឋាន​របស់ខ្លួន​វិញ​បាន ។​

​ប៉ុន្តែ​ភាគី​អាម៉េរិក​បាន​រង​ការខូចខាត​យ៉ាងដំណំ​គឺ កប៉ាល់ចម្បាំង​ទាំង ៨ គ្រឿង បាន​រង​ការ ខូចខាត ហើយ​ក្នុងនោះ​មាន ៤ គ្រឿង​បាន​លិច​ចូលទៅក្នុង​ជម្រៅ នៃ ទឹក​សមុទ្ទ (​ប៉ុន្តែ​ក្រោយមក​កប៉ាល់ចម្បាំង​ឈ្មោះ Arizona បាន​ងើបឡើង​ពី​សមុទ្រ​វិញ ហើយ​ក្នុងនោះ កប៉ាល់​៦ គ្រឿង ត្រូវបាន​ជួសជុល ហើយ​ចូលទៅ ប្រយុទ្ធ​តទល់​នឹង​ជប៉ុន​វិញ នៅក្នុង​សង្គ្រាមលោកលើកទី​២ ) ។​

​យន្តហោះ​ចម្បាំង​របស់ អាម៉េរិក ១៨៨ គ្រឿង ត្រូវបាន​បំផ្លាញ និង ១៥៩ គ្រឿង​រង​ការ ខូចខាត​ជា​ដំណំ ។ ទាហាន និង ជន​ស៊ីវិល អាម៉េរិក ២.៤០៣ នាក់ បាន​បាត់​បង់ជីវិត និង របួស​១.១៧៨ នាក់ ។ ប៉ុន្តែ​ទីតាំង​សំខាន់ៗ​របស់ អាម៉េរិក ដូចជា​ស្ថានីយ​ថាមពល កន្លែង​ជួសជុល ឃ្លាំង​សម្ភារ ទីបញ្ជាការ និង​កន្លែង​ស្តុក​ប្រេងឥន្ធនៈ​ជាដើម​មិនបាន​រង​ការ វាយប្រហារ​ឡើយ ។ ការខកខាន​របស់​ជ​ប៉ុន​នេះ ធ្វើឱ្យ​អាម៉េរិក​ហ៊ាន​ក្រោកឈរ​ប្រកាស សង្គ្រាម​តទល់ ជប៉ុន វិញ​។ មុននឹង​បង្ខំចិត្ត​ដកថយ​ទៅវិញ កងទ័ព​ជប៉ុន​ក៏​ខាតបង់​ច្រើន គួរសម​ដែរ យន្តហោះ​ចម្បាំង ២៩ គ្រឿង មនុស្ស​ជាង​៦០​នាក់ នាវា​ល្បាត ៣ គ្រឿង នាវា​ពិឃាត ៣ គ្រឿង កប៉ាល់​ប្រឆាំង​យន្តហោះ ១ គ្រឿង និង កប៉ាល់​រាយ​មីន ១ គ្រឿង​បាន​បាត់បង់ និង ខូចខាត​ជា​ដំណំ ។​

​ក្នុងពេល​ដំណាលគ្នា​នឹង​ការវាយប្រហារ​ទៅលើ​មូលដ្ឋាន​កងទ័ព​នៅ ភៀ​ល ហា​ប៊ើ​រ៍ នោះ កងទ័ព ជប៉ុន ក៏បាន​វាយប្រហារ​ទៅលើ​ទីតាំង​កងទ័ព អាមេរិក នៅ​ហ្វ៊ី​លី​ពី​ន និង កងទ័ព​អង់គ្លេស នៅ​ម៉ាឡាយូ សាំង​ហ្គា​ពួរ និង ហុងកុង ផងដែរ ។​

​សម្រាប់ ជប៉ុន ការ​មាន​សកម្មភាព​យោធា​ដោយ​មិន​ប្រកាស​ជាមុន​នេះ​ជា​ហូរហែ​មកហើយ ។ ទោះយ៉ាងណា ការដែល​មិនមាន​ការព្រមាន​ជាមុន ជាពិសេស​នៅពេលដែល​ដំណើរការ ចរចា​រវាង​ជប៉ុន និង អាម៉េរិក​ដែល​ពេលនោះ​កំពុងមាន​ដំណើរការ និង​ត្រូវបាន​គេ​ដឹង​ជា ទូ​ទៅហើយនោះ ធ្វើឱ្យ​ជប៉ុន​រង​ការរិះគន់ ។​

​មូលហេតុ​របស់​ជប៉ុន​
​មុន​សង្គ្រាមលោកលើកទី ២ ផ្ទុះឡើង ទឹកដី​នៃ​ប្រទេស​នានា​នៅ​អាស៊ី​សឹងតែ​ទាំងអស់ ដោយ​រួមទាំង​ប្រទេស​កម្ពុជា​ផង បាន​ត្រូវ​ពួក​មហាអំណាច​អឺរ៉ុប​យក​ធ្វើជា​អាណានិគម ។ ជប៉ុន​ដែល​ទើបតែ​លេច​ឡើងជា​មហា​ប្រទេសមួយ​នៅ​អាស៊ី​នាពេល​ថ្មីៗ​បានធ្វើ​កិច្ចការ​ជាច្រើន ដែល​ពេលខ្លះ​ត្រូវគេ​មើលឃើញថា​ជា​អំពើ​ឃោ​ឃៅ ប៉ុន្តែ​តាមពិត​គឺ​ក្នុង​បំណង ទប់ស្កាត់​អំណាច​ពួក​អឺរ៉ុប​នៅ​អាស៊ី និង​រំដោះប្រទេស​នៅ​អាស៊ី​ឱ្យ​រួច​ផុតពី​អាណានិគម របស់​មហាអំណាច​អឺរ៉ុប ដោយ​ជប៉ុន​លើក​ពាក្យស្លោក​ថា “ ទឹកដី​អាស៊ី សម្រាប់​ជនជាតិ​អាស៊ី “ ។

​នៅ​ឆ្នាំ​១៩៤០ ជប៉ុន​បានចាប់ផ្តើម​លុកលុយ​ចូលមកក្នុង​តំបន់​ឥណ្ឌូចិន​របស់​បារាំង ( កម្ពុជា​-​វៀត​នា​-​ឡាវ​) ជា​បន្តបន្ទាប់​បាន​គ្រប់គ្រង និង ដាក់​ប្រទេស​ចិន​ឱ្យនៅ​ដាច់​ពី​ពិភពលោក ដើម្បី​ងាយស្រួល​ខ្លួន ( ជប៉ុន ) គ្រប់គ្រង ធ្វើជា​ឈ្នាន់ ឬ ដើម្បី បើកផ្លូវ​ឈានទៅរក​ការ វាយប្រហារ​រំដោះ​តំបន់​នានា​ទៀត​ដែលជា​ទឹកដី​អាណានិគម​របស់​អង់គ្លេស និង ហុ​ល្លង់ ។

​ជា​ចំណុច​ល្អ​មួយ នៅពេលដែល ជប៉ុន ដណ្តើម​ប្រទេស​នានា​នៅ​អាស៊ី​ពី​អាណានិគម​មហា អំណាច​អឺរ៉ុប​ហើយ តែងតែ​រៀបចំ​ឱ្យ​ប្រទេស​នោះៗ​ប្រកាស​ឯករាជភាពរ​បស់​ខ្លួន ដូចជា​ប្រទេស​កម្ពុជា ជាដើម ( ប៉ុន្តែ​ជា​អកុសល ឯករាជភាព​ទាំងនោះ​មិនបាន​នៅ​គង់ វង់​ឡើយ គឺ​ភាគច្រើនបំផុត​ប្រទេស​ទាំងនោះ​ត្រូវ​ធ្លាក់​ក្នុង​អាណានិគម​ដើម​វិញ​បន្ទាប់ពី ជប៉ុន​ចាញ់​សង្គ្រាម ដូចជា​ប្រទេស​កម្ពុជា ត្រូវ​ធ្លាក់​ទៅ​ក្រោម​អាណានិគម​បារាំង​វិញ​ជាដើម ) ។​

​ពេលនោះ អាមេរិក នៅ​ជា​ប្រ​ទេ​ដែល​មិនទាន់​ចូលខ្លួន​ទៅក្នុង​សង្គ្រាម​នៅឡើយ ហើយ​អាមេរិក ថែមទាំង​ជា​អ្នកលក់​ប្រេងឥន្ធនៈ​ទៅឱ្យ​ជប៉ុន ហើយក៏​មិនបាន​គិត​ចង់​ផ្តាច់​ការលក់​នោះដែរ ព្រោះ វ៉ាស៊ីនតោន យល់ថា ការលក់​ប្រេង​ទៅឱ្យ ជប៉ុន ធ្វើឱ្យ ជប៉ុន ក្លាយជា​អ្នក​ពឹង​អាមេរិក លើ​ផ្នែក​ប្រេងឥន្ធនៈ ហើយ អាមេរិក ក៏​រកប្រាក់​ចំណូល និង​ចំណេញ​បាន​យ៉ាង​ច្រើនសន្ធឹក សន្ធាប់​ណាស់ដែរ ។​

​ប៉ុន្តែ ជប៉ុន និង ពិភពលោក​សុទ្ធតែ​បានដឹងថា អាមេរិក បាន​ជួយ អង់គ្លេស ដោយ​លួចលាក់ ទាំង​មិន​ចង់ឱ្យ ជប៉ុន រីក​អំណាច​តាម​មហិច្ឆតា​របស់ ជប៉ុន ផង ព្រោះ អាមេរិក ខ្លាច​ប៉ះពាល់​ផលប្រយោជន៍​របស់ខ្លួន គឺ​ណាមួយ​មហាអំណាច​ដែលជា​សត្រូវ​របស់​ជប៉ុន សុទ្ធតែ​ពួក​អឺរ៉ុប ហើយ​អាមេរិក​មាន​ផលប្រយោជន៍​ជាមួយ​ពួក​នោះ​ផងដែរ​។​

​នៅ​ដើមឆ្នាំ​១៩៤១ ប្រធានាធិបតី​អាមេរិក ហ្វ្រាំង​គ្លី​ន រូស​វែ​ល​ថ៍ បាន​ប្តូរ​ទីតាំង​កងទ័ព​ជើង ទឹក​ពី សាន់ ដៀ​ហ្គោ ( San Diego ) ទៅ ហា​វ៉ៃ និង​បាន​បញ្ជា​ឱ្យ​កសាង​មូលដ្ឋាន​កងទ័ព នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ផងដែរ ដើម្បី បន្ទច់បង្អាក់​ការ​លុកលុយ​របស់ ជប៉ុន ចូលទៅក្នុង​តំបន់​ចុង​បូព៌ា ។

​ប្រការ​ទាំងនេះ​នាំឱ្យ​ជប៉ុន និង អាមេរិក ចាប់ផ្តើម​មានទំនាស់​នឹង​គ្នា ហើយ​ភាគី​ទាំង​២ ក៏បាន​ចរចា​គ្នា ។ ចំពោះ​ជប៉ុន មិន​អនុញ្ញាតឱ្យ​អ្នកណា​មក​រាំងស្ទះ​នូវ​ដំណើរ​រុលទៅមុខ​ក្នុង មហិច្ឆតា​ក្តោប​ក្តាប់​អាស៊ី​ឡើយ ។ និយាយ​ម្យ៉ាង​ទៀតថា ជប៉ុន​ដាច់ខាត​ត្រូវតែ​ប្រយុទ្ធ ដណ្តើម​អំណាច ឬ ទឹកដី​អាស៊ី ពី អង់គ្លេស និង ហុ​ល្លង់ យកមក​ឱ្យ​អាស៊ី ដែលមាន ជប៉ុន ខ្លួនឯង​ជា​ប្រមុខ ។

​កាលណោះ នៅ​អាមេរិក​ឯណោះ ចលនា នៃ ការមិនធ្វើ​អន្តរាគមន៍ ឬ​តាំងខ្លួន​ជា​អ្នក​មិន​ឈរ នៅ​ខាង​ភាគី​ណាមួយ កំពុងមាន​ឥទ្ធិពល​ខ្លាំងណាស់ ពោលគឺ​អាមេរិក​មិន​ចង់​ធ្វើសង្គ្រាម​ទេ ។ ប៉ុន្តែ​អ្នកវិភាគ​ខ្លះ​យល់ថា កាលណោះ អាមេរិក សំងំ​សន្សំទ្រព្យ​ទុកឱ្យ​ភាគី​សង្គ្រាម​ទាំងឡាយ វាយ​ប្រយុទ្ធ​គ្នា រហូត​ខ្សោះ​កម្លាំង​រៀងខ្លួន ទើប​អាមេរិក​ចូលទៅ​ក្រញឹប​យក​ទាំងអស់​តែម្តង ហើយ​ប្រការនេះ​ឃើញថា​មិនសូវ​ខុស​ឡើយ ។

​មូលហេតុ​ដ៏​សំខាន់បំផុត​មួយ​នោះ គឺ ជប៉ុន​យល់ថា ប្រសិនបើ​ខ្លួន ( ជប៉ុន ) វាយប្រហារ ទៅលើ​ទឹកដី​អាណានិគម​ណាមួយ​របស់​អង់គ្លេស នៅ​អាស៊ីអាគ្នេយ៍ នោះ អាមេរិក នឹង​ចូលខ្លួន​ទៅក្នុង​សង្គ្រាម​នោះ​ជាមិនខាន​។ ដូច្នេះ​ទើប​ជប៉ុន​យល់ថា ជម្រើស​តែមួយគត់ គឺ​ការវាយប្រហារ​អាមេរិក​ដែលជា​អ្នក​រារាំង​មុន​ដើម្បី​កុំឱ្យ​អាមេរិក​នឹងមាន​លទ្ធភាព​ចូលទៅ​ធ្វើ​អន្តរាគមន៍ ។

​ហេតុនេះ​ជប៉ុន​វាយប្រហារ​ទៅលើ​កងទ័ព​អាមេរិក នៅតាម​មូលដ្ឋាន​នានា​នៅ​មហាសាគរ ប៉ា​ស៊ី​ហ្វ្រិ​ក ។ ប៉ុន្តែ​ជប៉ុន ធ្វើ​មិនបាន​ជោគជ័យ​ទាំងស្រុង​ហើយ​ការ​វា​ប្រហារ​ទៅលើ អាមេរិក​នេះ មាន​ឧបមា​ដូចជា​គេ​គប់​សំបុក​ឪម៉ាល់ ទៅវិញ ។​

​ជា​លទ្ធផល មួយថ្ងៃ​ក្រោយពី​ជប៉ុន​វា​ប្រហារ​ទៅលើ​កងទ័ព​អាមេរិក នៅ​តំបន់​មហាសាគរ ប៉ា​ស៊ី​ហ្វ៊ិ​ក មាននៅ ភៀ​ល ហា​ប៊ើ​រ៍ ជាអាទិ៍ គឺ​នៅ​ថ្ងៃទី​៨ ខែ ធ្នូ ឆ្នាំ ១៩៤១ អាមេរិក​បាន ប្រកាសសង្គ្រាម​ប្រឆាំងនឹង​ជប៉ុន ដោយ​គ្មាន​អ្នកណា​ជំទាស់ ។

​សង្គ្រាមលោកលើកទី ២ ផ្ទុះឡើង ក្នុង​សុន្ទរកថា ថ្លែង​ទៅកាន់​សភា ប្រធានាធិបតី​អាមេរិក ហ្វ្រាំង​គ្លី​ន រូស​វែ​ល​ថ៍ (Franklin D. Roosevelt ) ថ្លែងថា “​ការវាយប្រហារ​ទៅលើ មូលដ្ឋាន​កងទ័ព​អាមេរិក ភៀ​ល ហា​ប៊ើ​រ៍ នា​ថ្ងៃទី​៧ ខែ ធ្នូ ឆ្នាំ ១៩៤១ គឺជា​ព្រឹត្តិការណ៍​មួយ ដែល​នឹង​ស្ថិតនៅ​ជានិច្ច​ក្នុង​ភាព​ទុរយស ព្រោះតែ​ការវាយប្រហារ​នោះ​ពុំមាន​ការប្រកាស សង្គ្រាម ទាំង​ពុំមាន​ការព្រមាន​ជាក់លាក់​ផង “ ។​

​អាមេរិក បាន​ក្លាយជា​សម្ព័ន្ធមិត្ត​ដ៏​សកម្ម​របស់​អង់គ្លេស ញ៉ាំងឱ្យ​អាល្លឺម៉ង់ និង អ៊ីតាលី ប្រកាសសង្គ្រាម​ដែរ ត្រឹមតែ ៣ ថ្ងៃក្រោយ​មក​គឺ​ថ្ងៃទី​១១ ខែ ឆ្នាំ ដដែល​នោះ​។ សង្គ្រាមលោកលើកទី ២ បានចាប់ផ្តើម​ពី​ពេលនោះ និង ដោយ​ប្រការ​ដូច្នេះ​ឯង ។

​ប៉ុន្មាន​ឆ្នាំ​ក្រោយមក ពួក​អ្នកនិពន្ធ​មួយចំនួន​បាន​ចោទថា មាន​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល អាមេរិក និង រដ្ឋាភិបាល​អង់គ្លេស បានដឹង​ពី​គម្រោង​វាយប្រហារ​របស់​ជប៉ុន ជាមុន ប៉ុន្តែ​អ្នក​ទាំងនោះ​លាក់ទុក​ព័ត៌មាន​ទាំងនោះ ឬក៏​ថែមទាំង​ជួយ​ជម្រុញឱ្យមាន​ការវាយប្រហា​រ របស់​ជប៉ុន​ទៅលើ​មូលដ្ឋានទ័ព​អាមេរិក​ទៀតផង ព្រោះ​ពួកគេ​មានបំណង​ចង់ឱ្យ​អាមេរិក​មាន ហេតុផល​គ្រប់គ្រាន់​ក្នុងការ​ចូលទៅក្នុង​សង្គ្រាម​ប្រឆាំង​ជប៉ុន​ហើយ​ទីបំផុត​គឺ​ជប៉ុន​បាន​ចុះ ចាញ់​សង្គ្រាមលោកលើកទី ២ នោះ បន្ទាប់ពី​អាមេរិក​ទម្លាក់​គ្រាប់បែកបរមាណូ ទៅលើ​ទីក្រុង ហ៊ី​រ៉ូ​ហ្ស៊ី​ម៉ា និង ទីក្រុង ណា​ហ្កា​សា​គី នា​ឆ្នាំ ១៩៤៥ ។

​នៅ​ថ្ងៃទី​២៣ ខែ សីហា ឆ្នាំ ១៩៩៤ សភា​អាមេរិក បានកំណត់​យក​ថ្ងៃទី ៧ ខែ ធ្នូ ជា​រៀងរាល់ឆ្នាំ​ថា​ជា ទិវា​ជាតិ ចងចាំ ព្រឹត្តិការណ៍​នៅ​មូលដ្ឋានទ័ព ភៀ​ល ហា​ប៊ើ​រ៍ ហើយ​ត្រូវបាន​ធ្វើជា​រៀងរាល់ឆ្នាំ នៅ អាមេរិក ដើម្បី​ចងចាំ និង ផ្តល់​កិត្តិយស ដល់​អ្នក​ទាំងពួង​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ដែល​ជប៉ុន​វាយប្រហារ​លើ​ទៅ​មូលដ្ឋានទ័ព​អាមេរិក​នៅ ភៀ​ល ហ៊ា​ប៊ើ​រ៍ កាលពី​ថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ១៩៤១ នោះឯង ។​

​សរណៈ​វត្ថុ​
​សរណៈ​វត្ថុ គឺ​វត្ថុ​អនុស្សាវរីយ៍ ឬ វត្ថុ​សម្រាប់​រំឭក​ដល់​ថ្ងៃ​ដែល ភៀ​ល ហា​ប៊ើ​រ៍ រង​ការ​វា ប្រហារ និង ព្រឹត្តិការណ៍ នៃ ការវាយប្រហារ​នោះ មាន​នាវាចម្បាំង​ឈ្មោះ USS Arizona ត្រូវបាន​គេ​ធ្វើ​ពី​ថ្លើមថ្ម នៅឯ​កំពង់ផែ ភៀ​ល ហា​ប៊ើ​រ៍ នៅ​ឆ្នាំ​១៩៦២​ក៏​ដើម្បី​ចងចាំ​ដល់​កងទ័ព ដែល​បាន​ស្លាប់​នៅក្នុង​ព្រឹត្តិការណ៍​នៅ ភៀ​ល ហា​ប៊ើ​រ៍ នោះ​ផងដែរ ។

​មួយទៀត​គឺ​នាវាចម្បាំង​ឈ្មោះ USS Utah ត្រូវបាន​សាងសង់​នៅ​ឆ្នាំ​១៩៧២ នៅ​ខាងជើង​កោះ Ford ជិត​កន្លែង​ដែល​កប៉ាល់​នោះបាន​លិច ដើម្បី​ផ្តល់​កិត្តិយស​ដល់​ពួក​នាវិក នៃ​កប៉ាល់ ចម្បាំង​នេះ ហើយ​ទីនោះ​ត្រូវបាន​អាមេរិក​ចុះឈ្មោះ​ជា​កន្លែង​ប្រវត្តិសាស្ត្រ​ជាតិ​នៅ​ឆ្នាំ​១៩៨៩ ។​

​នៅ​ឆ្នាំ​១៩៩០ មុន​ខួប​ទី​៥០ នៃ ការវាយប្រហារ​ទៅលើ ភៀ​ល ហា​ប៊ើ​រ៍ សភា​អាមេរិក បាន​បង្កើត​មេដាយ អនុស្សាវរីយ៍ ភៀ​ល ហា​ប៊ើ​រ៍ ដែល​ត្រូវបាន​គេ​ស្គាល់​ថា មេដាយ សម្រាប់​អ្នក​នៅ​រស់រានមានជីវិត​ពី​ព្រឹត្តិការណ៍ ភៀ​ល ហា​ប៊ើ​រ៍ ហើយ​ត្រូវ​បានប្រគល់​ទៅឱ្យ បុគ្គល​ណា​ដែល​កាលនោះ​ស្ថិតនៅក្នុង​កម្លាំងយោធា​អាមេរិក​ដែលមាន​វត្តមាន​នៅឯរ​ដ្ឋ​ហា​វ៉ៃ ហើយ​ជា​អ្នក​បាន​ចូលរួម​ប្រយុទ្ធ​តបត​នឹង​កងទ័ព​ជប៉ុន​វិញ​នៅ​ថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ១៩៤១ នោះ ។ មេដាយ នេះ ក៏​ត្រូវបាន​ប្រគល់ជូន​ផងដែរ​ដល់​ជន​ស៊ីវិល ដែល​បាន​ស្លាប់ ឬ របួស នៅក្នុង​ការវាយប្រហារ​នោះ ។ ប៉ុន្តែ​ទង្វើ​នេះ​ធ្វើឡើង​ដោយមាន​រយៈពេល​កំណត់ ហើយ​បច្ចុប្បន្ននេះ ពុំ​ត្រូវបាន​គេ​ធ្វើ​ទៀតឡើយ ។​

​ទិវា​ជាតិ ចងចាំ ព្រឹត្តិការណ៍​នៅ​មូលដ្ឋានទ័ព ភៀ​ល ហា​ប៊ើ​រ៍ នេះ ពុំមែន​ជា​ថ្ងៃ​សម្រាក សាធារណៈ​ឡើយ ហើយ​ជា​គន្លង​ប្រពៃណី​នៅ​ថ្ងៃទី ៧ ខែ ធ្នូ នេះ អាមេរិក​បង្ហូតទង់ជាតិ​នៅ ត្រឹម​ពាក់កណ្តាល​បង្គោល ទុក​រហូតដល់​ថ្ងៃ​លិច ដើម្បី​ផ្តល់​កិត្តិយស​ដល់​អ្នក​ដែ​បាន​ស្លាប់ និង អ្នកស្នេហាជាតិ​ទាំង​ឡយ​របស់​ពួកគេ ៕ ចង​ក្រ​ប្រែ​សម្រួល​: មេសា​

​ទីតាំង​កងទ័ពជើងទឹក​អាមេរិក​នៅ ភៀ​ល ហា​ប៊ឺ​រ៍ ពេល​រង​ការវាយប្រហារ​ដោយ​កងទ័ព​ជប៉ុន​
ទីតាំង​កងទ័ពជើងទឹក​អាមេរិក​នៅ ភៀ​ល ហា​ប៊ឺ​រ៍ ពេល​រង​ការវាយប្រហារ​ដោយ​កងទ័ព​ជប៉ុន​
ទីតាំង​កងទ័ពជើងទឹក​អាមេរិក​នៅ ភៀ​ល ហា​ប៊ឺ​រ៍ ពេល​រង​ការវាយប្រហារ​ដោយ​កងទ័ព​ជប៉ុន​

ទីតាំងផ្សាយពាណិជ្ជកម្ម